ក្រុមហ៊ុន​ទូរគមនាគមន៍​ធំ​ជាង​គេ​នៅ​វៀត​ណាម នឹង​មិន​​ប្រើ​បច្ចេកវិទ្យា 5G របស់ Huawei ទេ ដោយ​មិន​សូវ​ទុក​ចិត្ត​លើ​ផ្នែក​សុវត្ថិភាព​
ដោយ​ ៖ Leng | 4 ខែមុន SHARE

 

នាពេលឥឡូវនេះ មិនមែនត្រឹមតែ សហរដ្ឋអាមេរិក ប៉ុណ្ណោះទេ ដែលព្រួយបារម្ភថា បច្ចេកវិទ្យា 5G របស់ក្រុមហ៊ុនចិន Huawei អាចលួចធ្វើរឿងអ្វីមួយ ទាក់ទងទៅនឹងផ្នែកសុវត្ថិភាព ដោយក្រុមហ៊ុនទូរគមនាគមន៍ នៅប្រទេសវៀតណាម ក៏ព្យាយាមជៀងវាង ដូចគ្នាផងដែរ។ បើយោងទៅតាម ប្រភពសារព័ត៌មាន Bloomberg បានចុះផ្សាយថា ក្រុមហ៊ុនទូរគមនាគមន៍ Viettel ដែលមានប្រជាប្រិយភាពបំផុត នៅក្នុងប្រទេសវៀតណាម បានសម្រេចចិត្តថា នឹងជ្រើសរើសយក បណ្ដាញប្រព័ន្ធ 5G ពីក្រុមហ៊ុនផ្សេងៗវិញ ដែលរួមមានដូចជា Ericsson, Nokia និង Qualcomm ជាដើម។

 

 

មូលហេតុចម្បង ដែលបណ្ដាលឲ្យ Viettel មិនចង់ជាវបច្ចេកវិទ្យា 5G ពី Huawei គឺមិនមែនដោយសារតែ បញ្ហានយោបាយនោះទេ ប៉ុន្ដែទាក់ទងទៅនឹង ផ្នែកការពារសុវត្ថិភាព របស់បណ្ដាញប្រព័ន្ធ Network ទៅវិញទេ ហើយក្រុមហ៊ុនទូរគមនាគមន៍ ផ្សេងៗជាច្រើនទៀត ក៏ហាក់បីដូចជា បានដើរតាម គោលការណ៍នេះ ផងដែរ។ នាពេលបច្ចុប្បន្ននេះ Viettel មានអតិថិជនរហូតដល់ទៅ 60 លាននាក់ឯណោះ ខណៈពេលដែល ចំនួនប្រជាជនសរុប នៅវៀតណាមមាន 95 លាននាក់ជាង និងបាននិយាយប្រាប់ថា “ក្រុមហ៊ុនយើងមិនមាន គម្រោងសហការជាមួយ Huawei នៅឡើយទេ ក្នុងពេលឥឡូវនេះ” ដោយទាក់ទងនឹងបញ្ហា អសន្តិសុខតែម្ដង ដូច្នេះក៏ជ្រើសរើសក្រុមហ៊ុន ដែលមានសុវត្ថិភាពវិញ។ 

 

ចំណែកឯ ក្រុមហ៊ុនទូរគមនាគមន៍ ដទៃទៀត ក៏កំពុងជៀសវាងពី បច្ចេកវិទ្យា 5G របស់ក្រុមហ៊ុនចិន Huawei ដូចគ្នាអញ្ចឹង ដោយក្រុមហ៊ុន MobiFone Corp. បានចាប់ដៃគូជាមួយ Samsung Electronics Co. ហើយក្រុមហ៊ុន Vinaphone បានចាប់ផ្ដើមប្រើប្រាស់ បច្ចេកវិទ្យា 5G របស់ Nokia ថែមទៀតផង។ ទោះបីជាយ៉ាងណាក្ដី នាយកប្រតិបត្តិក្រុមហ៊ុន Viettel លោក Le Dang Dung បានលើកឡើងមកថា “ប្រសិនបើបច្ចេកវិទ្យារបស់ Huawei អាចទុកចិត្តបានឡើងវិញ យើងនឹងអាចពិចារណា ប្រើប្រាស់ឧបករណ៍ Network របស់ពួកគេម្ដងទៀត” ផងដែរ។ 

 

 

បើទោះបីជារៀតណាម ព្យាយាមជៀសវាង បច្ចេកវិទ្យា 5G របស់ Huawei ពិតមែន ក៏ប៉ុន្ដែប្រទេសមួយចំនួនទៀតដូចជា ប្រទេសម៉ាឡេស៊ី, ប្រទេសហ្វីលីពីន និងប្រទេសថៃ បានបង្ហាញជាសញ្ញាថា ក្រុមហ៊ុនទូរគមនាគមន៍ នៅក្នុងស្រុករបស់ពួកគេ នឹងស្វាគមន៍ប្រើប្រាស់ជានិច្ច។ ចំពោះទំនាក់ទំនងរវាង ប្រទេសវៀតណាម និងប្រទេសចិន គឺកំពុងតែស្ថិតនៅ ចំណុចមួយដ៏ទាបដែរ បន្ទាប់ពីមានបញ្ហា ជម្លោះទឹកដី និងការវាយប្រហោរ តាមរយៈអ៊ីនធើណេត ដែលត្រូវបានសង្ស័យថា រដ្ឋាភិបាលចិន ជាអ្នកបង្កឡើង ថែមទៀតផង ដូច្នេះហើយបានជា ប្រទេសវៀតណាម ក៏យល់ស្របជាមួយ សហរដ្ឋអាមេរិកដែរ។

ដោយ​ ៖ Venture Beat
អត្ថបទទាក់ទង