ក្រុមហ៊ុន​មួយ​បាន​ប្ដឹង TSMC និង​ចង់​ហាម​ឃាត់​ឈីប​របស់ Apple លែង​ឲ្យ​ចូល​ទឹក​ដី​អាមេរិក​ទៀតផង​
ដោយ​ ៖ Leng | 5 ខែមុន SHARE

 

ក្រុមហ៊ុនឧស្សាហកម្ម ផ្នែកអេឡិចត្រូនិច មកពីសហរដ្ឋអាមេរិក GlobalFoundries (GF) បានដាក់ពាក្យបណ្តឹង ប្រឆាំងនឹងក្រុមហ៊ុនតៃវ៉ាន់ TSMC ទាក់ទងទៅនឹងបញ្ហាប៉ាតង់ ដោយបានចោទប្រកាន់ថា ក្រុមហ៊ុនតៃវ៉ាន់មួយនេះ បានធ្វើការរំលោភបំពាន ប៉ាតង់បន្ទះឈីបមួយប្រភេទ ដែលសុទ្ធតែបានចុះបញ្ជី នៅឯសហរដ្ឋអាមេរិក និងប្រទេសអាល្លឺម៉ង់ រួចជាស្រេចមកហើយ។ គោលការណ៍មួយ នៃពាក្យបណ្ដឹងថ្មីនេះ GlobalFoundries ថែមទាំងចង់ហាមឃាត់ ការនាំចូលបន្ទះឈីបរបស់ TSMC ដោយបានលើកឡើងថា វាត្រូវបានផលិតតាម គម្រោងប៉ាតង់របស់ខ្លួន ផងដែរ។ 

 

 

ចំណែកឯការហាមឃាត់នេះ គឺបានបូករួមបញ្ចូលទាំង បន្ទះឈីបរបស់ Apple (iPhones/iPads), ឈីបនៅលើស្មាតហ្វូន Google Pixel, ឈីបក្រាហ្វិកកាត Nvidia និងផ្សេងៗជាច្រើនទៀត។ ខណៈពេលដែលការចោទប្ដឹងនេះ គឺកំពុងតែស្ថិតនៅ ដំណាក់កាលដំបូងប៉ុណ្ណោះ ប៉ុន្ដែប្រសិនបើក្រុមហ៊ុន GlobalFoundries ឈ្នះរឿងក្ដីប៉ាតង់មួយនេះ វាប្រាកដជាមានបញ្ហាធំ ទៅដល់ក្រុមហ៊ុនបច្ចេកវិទ្យា ល្បីល្បាញជាច្រើនឯណោះ។ ក្រៅពីមានផ្ដល់ប៉ះពាល់ដល់ Apple, Google និង Nvidia ក្រុមហ៊ុនដាក់ពាក្យបណ្ដឹងមួយនេះ ក៏បានចង្អុលទៅកាន់ ក្រុមហ៊ុនមួយចំនួនទៀត ដែលរួមមានដូចជា OnePlus, Qualcomm, Asus, Lenovo, Motorola, MediaTek, HiSense, TCL, Cisco និង Broadcom ដោយសុទ្ធតែបានពឹងផ្អែក ទៅលើក្រុមហ៊ុនតៃវ៉ាន់ TSMC ដើម្បីធ្វើការបង្កើតគ្រឿង Hardware ទៅឲ្យពួកគេទាំងអស់។

 

សម្រាប់ការដាក់ពាក្យបណ្ដឹងនេះ GlobalFoundries ក៏បាននិយាយថា TSMC បានរំលោភបំពាន ទៅលើប៉ាតង់របស់ខ្លួន រហូតដល់ទៅចំនួន 16 ប៉ាតង់ឯណោះ ដែលប៉ាតង់ចំនួន 13 ត្រូវបានចុះនៅអាមេរិក និងប៉ាតង់ចំនួន 3 ផ្សេងៗទៀត គឺត្រូវបានចុះនៅ ប្រទេសអាល្លឺម៉ង់ ហើយអ្នកទាំងអស់គ្នា អាចចូលទៅមើលបញ្ជីនោះ ដោយចុចត្រង់នេះ ផងដែរ។ ហេតុដោយសារតែ គ្មានសមត្ថភាពប្រកួតប្រជែង ជាមួយនឹងបច្ចេកវិទ្យាទំនើបដូចជា TSMC និង Samsung ដូច្នេះហើយក្រុមហ៊ុន GF ក៏សម្រេចចិត្តជ្រើសរើសយក ជម្រើសដ៏ពិសេសមួយ គឺប្រើប៉ាតង់របស់ខ្លួន ដើម្បីឈ្នះទៅលើការប្ដឹង ស្របច្បាប់ជំនួសវិញ។

 

 

កាលពីពេលប្រកាសចេញ ពាក្យបណ្ដឹងថ្មីមួយនេះ GlobalFoundries ក៏បាននិយាយប្រាប់ថា “អស់រយៈពេល ជាច្រើនឆ្នាំមកហើយ ដែលយើងបានចំណាយ ថវិការាប់ពាន់លានដុល្លារ ដើម្បីធ្វើការស្រាវជ្រាវ និងព្យាយាមអភិវឌ្ឍន៍ បន្ទះឈីបទាំងអស់នោះ ប៉ុន្ដែក្រុមហ៊ុនតៃវ៉ាន់ TSMC បែរជាទទួលយកផលប្រយោជន៍ ពីការវិនិយោគរបស់យើង ដោយខុសច្បាប់ផងដែរ។ លើសពីនេះក្រុមហ៊ុន GF ក៏បានបន្ថែមទៀតថា ការដាក់ពាក្យបណ្ដឹងនេះ គឺចង់ស្វែងរកសិទ្ធិថ្មីមួយ ដើម្បីការពារសុវត្ថិភាព សម្រាប់កន្លែងផលិតកម្ម នៅសហរដ្ឋអាមេរិក និងតាមតំបន់អឺរ៉ុប ថែមទៀតផង។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង