OnePlus ប្រកាស​គម្រោង​បង្កើត​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ និង​អភិវឌ្ឍន៍​ដំបូង​នៅ​ប្រទេស​ឥណ្ឌា​
ដោយ​ ៖ Hong | 5 ខែមុន SHARE

 

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតស្មាតហ្វូន មកពីប្រទេសចិន OnePlus បានប្រកាសចេញនូវគម្រោងថ្មី ដែលត្រៀមបង្កើតមជ្ឈមណ្ឌល ស្រាវជ្រាវនិងអភិវឌ្ឍន៍ លើកដំបូងបង្អស់ នៅទីក្រុង Hyderabad ប្រទេសឥណ្ឌា។ ការគ្រោងនឹងបង្កើត មជ្ឈមណ្ឌលថ្មីនេះ គឺត្រូវបានរំពឹងទុកថា មានទំហំធំបំផុត សម្រាប់ក្រុមហ៊ុនចិនមួយនេះ ក្នុងរយៈពេលប្រហែល 3 ឆ្នាំខាងមុខ។ ចំពោះកន្លែងមជ្ឈមណ្ឌលនេះ នឹងផ្ដោតសំខាន់ទៅលើ ការស្រាវជ្រាវនៅក្នុងវិស័យសំខាន់ៗ ដែលរួមមានដូចជា Artificial Intelligence (AI) ឬ បញ្ញាសិប្បនិម្មិត និងប្រព័ន្ធ Machine Leaning ជាដើម។

 

 

ក្រុមហ៊ុនផលិតស្មាតហ្វូន OnePlus កំពុងតែមានគម្រោងវិនិយោគ ចំនួនទឹកប្រាក់សរុបដល់ទៅ 138,945,000 ដុល្លារ ដើម្បីអាចបង្កើតចេញជា ផ្នែកស្រាវជ្រាវខុសៗគ្នាចំនួន 3 ប្រភេទដូចជា មន្ទីរពិសោធន៍កាមេរ៉ា, មន្ទីរពិសោធន៍បណ្តាញ Network ឬ បណ្ដាញទំនាក់ទំនង និងមន្ទីរពិសោធន៍ស្វ័យប្រវត្តិកម្ម (Automation) ថែមទៀតផង។ លើសពីនេះទៅទៀត គេក៏បានបូកបញ្ចូលទាំង ផ្នែកអភិវឌ្ឍន៍ទូទៅដូចជា ការសិក្សាស្រាវជ្រាវទៅលើ កម្មវិធីដើម របស់ស្បែក OxygenOS, ធ្វើតេស្ដកម្មវិធី Software របស់ស្មាតហ្វូន, ការអភិវឌ្ឍផលិតផល ជាលក្ខណៈសកល និងជាពិសេស គឺការសិក្សាលើបច្ចេកវិទ្យា 5G តែម្ដង។

 

បើយោងទៅតាម សេចក្ដីប្រកាសដោយ OnePlus បានបញ្ជាក់ប្រាប់ថា មជ្ឈមណ្ឌលស្រាវជ្រាវថ្មីនេះ នឹងថែមទាំងកសាងឡើង ដើម្បីបង្កើតមុខងារពិសេសៗ ទុកដាក់បញ្ចូលឲ្យស្បែក Oxygen OS សម្រាប់ប្រើនៅទីផ្សារឥណ្ឌា តែមួយគត់ប៉ុណ្ណោះ និងចាប់ផ្ដើមសិក្សាបន្ថែមលើ បណ្ដាញប្រព័ន្ធ 5G នាពេលអនាគត ដ៏ខ្លីខាងមុខនេះ។ នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនផលិតស្មាតហ្វូន OPPO ដែលជាម្ចាស់ម៉ាក OnePlus ក៏មានមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ទំហំដ៏ធំ នៅប្រទេសឥណ្ឌាដូចគ្នា ហើយសូម្បីតែ vivo ក៏បានប្រកាសជាផ្លូវការថា ខ្លួននឹងវិនិយោគទឹកប្រាក់ បន្ថែមជាច្រើនទៀត ទៅលើទីផ្សារឥណ្ឌា កាលពីសប្ដាហ៍មុននេះដែរ។

 

 

បើតាមការកត់សម្គាល់ រយៈពេលប៉ុន្មានឆ្នាំក្រោយៗនេះ យើងអាចឃើញបានថា ទីផ្សារប្រទេសឥណ្ឌា គឺត្រូវបានចាប់អារម្មណ៍ច្រើន ពីក្រុមហ៊ុនចិននានា និងព្រមទាំងជោគជ័យច្រើន ថែមទៀតផង។ បន្ទាប់ពីក្រុមហ៊ុនចិន OnePlus ទទួលបានការគាំទ្រជាច្រើន ក្នុងរយៈពេលដ៏ខ្លីមួយ ពីប្រជាជនឥណ្ឌា ដូច្នេះហើយក៏មានគម្រោង បង្កើតហាង លក់ផ្លូវការ OnePlus Experience Store ក្នុងពេលឆាប់ៗ ខាងមុខនេះ។

ដោយ​ ៖ Giz China
អត្ថបទទាក់ទង