Samsung ទំនង​ជា​អ្នក​ផ្គត់​ផ្គង់​បន្ទះ​អេក្រង់ QLED សម្រាប់​ទូរទស្សន៍ OnePlus TV​
ដោយ​ ៖ Leng | 10 ខែមុន SHARE

 

ក្រុមហ៊ុនផលិតស្មាតហ្វូន OnePlus បានប្រកាសជាផ្លូវការ កាលពីសប្ដាហ៍មុនថា ខ្លួននឹងចូលទីផ្សារលក់ ទូរទស្សន៍ឆ្លាតវៃលើកដំបូង និងកំពុងត្រៀមដាក់លក់ នៅខែក្រោយនេះហើយ ដោយដំណើរការនៅលើ Android TV ពេញលេញតែម្ដង។ កាលពីប៉ុន្មានថ្ងៃមុននេះ OnePlus បានផុសរូបមួយនៅលើ Twitter ហើយព្រមទាំងបង្ហើបឲ្យដឹងថា ទូរទស្សន៍ឆ្លាតវៃ OnePlus TV នឹងបំពាក់បន្ទះអេក្រង់ 55 អ៊ីញ ជាប្រភេទ QLED ជំនាន់ចុងក្រោយ ដោយសារនៅលើ ទីផ្សារបច្ចុប្បន្ននេះ មានតែក្រុមហ៊ុន Samsung មួយគត់ប៉ុណ្ណោះ ដែលផលិតអេក្រង់បែបនេះ ដូច្នេះយើងអាចដឹងថា ក្រុមហ៊ុនមួយណា ជាអ្នកផ្គត់ផ្គង់ឲ្យហើយ។

 

 

ចាប់ផ្ដើមពីឆ្នាំ 2014 គឺនៅពេលដែល OnePlus ចូលទីផ្សារឥណ្ឌាលើកដំបូង ហើយប៉ុន្មានឆ្នាំក្រោយមក ខ្លួនក៏អាចទទួលបាន ប្រជាប្រិយភាពខ្ពស់ជាង ក្រុមហ៊ុនកូរ៉េខាងត្បូង Samsung ទៅទៀត ទៅលើចំណែកទីផ្សារ ស្មាតហ្វូនលំដាប់កំពូល។ នាពេលឆាប់ៗខាងមុខនេះ OnePlus នឹងបន្ដវាយលុកចូល ទីផ្សារឥណ្ឌាសាជាថ្មីម្ដងទៀត ប៉ុន្ដែសម្រាប់លើការលក់ ទូរទស្សន៍ឆ្លាតវៃ វិញម្ដងលើកនេះ និងអាចប្រកួតប្រជែងជាមួយ Samsung ថែមទៀតផង។ សម្រាប់ពេលបច្ចុប្បន្ននេះ Samsung កាន់កាប់ចំណែកឯទីផ្សារ ទូរទស្សន៍ឆ្លាតវៃ បានរហូតដល់ទៅ 50% ឯណោះ ជុំវិញពិភពលោក។

 

ទោះបីជាយ៉ាងណា ទំនាក់ទំនងរវាង Samsung និង OnePlus ហាក់បីដូចជា ល្អនឹងគ្នាណាស់ ដោយក្រុមហ៊ុនកូរ៉េខាងត្បូងនេះ បានលក់បន្ទះអេក្រង់ QHD កម្រិត 90Hz Refresh Rate ទៅឲ្យបំពាក់លើស្មាតហ្វូន OnePlus 7 Pro ប៉ុន្ដែស្មាតហ្វូនរបស់ខ្លួនឯង មិនទាន់មាននៅឡើយទេ។ លើសពីនេះទៅទៀត ប្រធានប្រតិបត្តិ OnePlus លោក Pete lau បាននិយាយប្រាប់ថា ដោយសារតែ ខ្លួនបានចាប់ដៃគូល្អ ជាមួយនឹងក្រុមហ៊ុន Amazon ហេតុដូច្នេះហើយ ទូរទស្សន៍ឆ្លាតវៃ OnePlus TV អាចនឹងមានតម្លៃទាបជាង ទូរទស្សន៍ឆ្លាតវៃរបស់ Samsung និង Sony ថែមទៀតផង ប៉ុន្ដែមិនដល់ពាក់កណ្ដាលនោះទេ។

 

 

បើយើងគិតមើលទៅ ទូរទស្សន៍ឆ្លាតវៃ មានបំពាក់បន្ទះអេក្រង់ ទំហំធំដល់ទៅ 55 អ៊ីញជាប្រភេទ QLED  ហើយដំណើរការដោយ Android TV និងមានតម្លៃទាបជាង គូប្រជែងថែមទៀត គឺពិតជាអាចទាក់ទាញ ចំណាប់អារម្មណ៍ខ្លាំង ពីអតិថិជនបានច្រើននាក់ ជាក់ជាមិនខានឡើយ។ ទូរទស្សន៍ឆ្លាតវៃ OnePlus TV ត្រូវបានប្រកាសថា នឹងដាក់លក់ជាផ្លូវការ ចាប់ពីខែខាងក្រោយនេះតទៅ នៅទីផ្សារឥណ្ឌាមុនគេ បន្ទាប់មកបានពង្រីកដល់ ទីផ្សារសហរដ្ឋអាមេរិក, ប្រទេសចិន និងតំបន់អឺរ៉ុប នាពេលក្រោយៗទៀត។

ដោយ​ ៖ SamMobile
អត្ថបទទាក់ទង