រថយន្ដ​ប្រណិត​ម៉ាក Lexus LC 500 Inspiration Series 2020 មាន​ដាក់​លក់​តែ 100 គ្រឿង​ប៉ុណ្ណោះ​
ដោយ​ ៖ Leng | 10 ខែមុន SHARE

 

ក្រុមហ៊ុនផលិតរថយន្ដ ដ៏ល្បីល្បាញម៉ាក Lexus បានប្រកាសចេញនូវ រថយន្ដប្រណិតស៊េរីឆ្នាំ 2020 ដែលមានចំនួនកំណត់ ត្រឹមតែ 100 គ្រឿងប៉ុណ្ណោះ។ រថយន្ដប្រកាសចេញថ្មីនេះ គឺមានឈ្មោះហៅថា 2020 Lexus LC 500 Inspiration Series និងនាំយកមកនូវ ជម្រើសពណ៌បៃតងចាស់ ដ៏ស្រស់ស្អាតផងដែរ។ លើសពីនេះទៅទៀត Lexus បាននិយាយប្រាប់ថា ស្រមោលនៃពណ៌បៃតង គឺបានធ្វើឲ្យការឌីហ្សាញ របស់ពពួករថយន្ដស៊េរី LC 500 កាន់តែលេចធ្លោខ្លាំង ថែមមួយកម្រិតទៀត។

 

 

ចំណែកឯផ្នែកខាងក្នុង នៃរថយន្ដទំនើប LC 500 Inspiration Series គឺមានបំពាក់នូវស្បែក ដ៏ថ្មីពិសេសម្យ៉ាងដែល Lexus បានហៅវាថា “rich Bespoke Saddle Tan” ដោយចម្រុះពណ៌គ្នារវាង ស្បែកពណ៌ត្នោតនៅលើកៅអី និងគ្របដណ្ដប់ដោយ ស្បែកពណ៌ខ្មៅ នៅលើដៃចង្កូតឡាន, ទ្វារឡាន និងផ្ទៃតាប្លូផ្នែកកណ្ដាល ផងដែរ។ រៀងរាល់ការជាវ រថយន្ដទំនើបថ្មីមួយនេះ នឹងទទួលបានស្លាកលេខ កាត់ដោយឡាស៊ែរពិសេស ដែលកត់សម្គាល់តួលេខ នៃចំនួនកំណត់សរុបទាំង 100 គ្រឿងនោះថែមទៀតផង។

 

 

បើយើងមើលទៅលើ ប្រព័ន្ធដំណើរការវិញ រថយន្ដដ៏ប្រណិតនេះ គឺមានផ្ទុកនូវម៉ាស៊ីន 5.0-liter V8 ដែលអាចបញ្ចេញ កម្លាំងសេះ 471 ដូចជារថយន្ដស៊េរី LC 500 ជំនាន់មុនៗអញ្ចឹងដែរ។ លើសពីនេះទៅទៀត Lexus បានអះអាងមកថា រថយន្ដស៊េរីទំនើបនេះ មានសមត្ថភាពខ្លាំង អាចជាន់ពីល្បឿន 0KM ដល់ 96KM ចំណាយត្រឹមតែ 4.4 វិនាទីប៉ុណ្ណោះ។ ចំណុចដែលមាន លក្ខណៈខុសប្លែកពី រថយន្ដស៊េរី LC 500 ជំនាន់មុនៗគឺនៅត្រង់ថា វាមានកង់ទំហំធំ 21 អ៊ីញផងដែរ។

 

 

រថយន្ដប្រណិតម៉ាក Lexus LC 500 Inspiration Series 2020 នឹងចេញលក់ជាផ្លូវការ នៅចុងឆ្នាំនេះហើយ ដោយមិនទាន់បង្ហើប អំពីតម្លៃនៅឡើយទេ ប៉ុន្ដែត្រូវបានគេរំពឹងទុកថា នឹងមានតម្លៃថ្លៃជាង រថយន្ដស៊េរី LC 500 ជំនាន់ដើម ដែលដាក់លក់ក្នុងតម្លៃ 92,950 ដុល្លារឡើងទៅ។ ហេតុដូច្នេះហើយ តម្លៃនៃរថយន្ដស៊េរីថ្មីនេះ នឹងមិននៅក្រោម 110,000 ដុល្លារនោះទេ ហើយមានត្រឹមតែ 100 គ្រឿងប៉ុណ្ណោះ។

ដោយ​ ៖ Slash Gear
អត្ថបទទាក់ទង