បន្ទះបង្ហាញ​រូបភាព​នៅ​លើ Galaxy Note 10+ ជា​បន្ទះបង្ហាញ​ល្អ​ជាង​គេ​លើ​ទូរសព្ទ​ក្នុង​ពេល​ឥឡូវ​នេះ​
ដោយ​ ៖ Kealy | 11 ខែមុន SHARE

 

បន្ទាប់ពីបើករបាំងមុខ ជាផ្លូវការ នៅទូទាំងសកលលោកមក ឃើញថាស្មាតហ្វូនកំពូល Galaxy Note 10+ បានធ្វើឲ្យមនុស្សជាច្រើន ពិតជាពេញចិត្តជាមួយវា ហើយបើមើលតាមការ ជាក់ស្តែងទៅ បែបមានប្រិយមិត្តអ្នកអាន មួយភាគធំ ក៏កំពុងត្រៀមចិត្តបំបែកកូនជ្រូក ចាំទិញវាយកមកប្រើប្រាស់ ឬក៏អ្នកខ្លះទៀត អាចនឹងធ្វើការកុម៉្មង់រួចជាការសេ្រច ក៏ថាបាន។ ប៉ុន្តែមុននឹងអ្នកទាំងអស់គ្នា សម្រេចចិត្តចង់ទិញវា យកមកប្រើប្រាស់នោះ តើអ្នកប្រាកដទេថា វាជាជម្រើសដ៏ល្អមួយ?

 

 

ជាការពិតណាស់ យើងឃើញថា ស្មាតហ្វូនត្រកូល Note ជំនាន់ទី 10 បន្ថែមសញ្ញាបូក ឆ្នាំនេះ មានភាពខុសគ្នាច្រើន ពីត្រកូល Note ជំនាន់មុន ដោយវាបានបង្ហាញខ្លួន ជាមួយរូបរាងស្រស់ស្អាត បំពាក់មកជាមួយ អេក្រង់លាតធំជាងមុន ថែមទាំងទទួលបាននូវលក្ខណៈសម្បតិ្ត និង មុខងារពិសេសៗជាច្រើន គួបផ្សំជាមួយ កម្លាំងម៉ាស៊ីន លំដាប់កំពូល ដែលធ្វើឲ្យស្មាតហ្វូនមួយនេះ ពិតជាសាកសមនឹងមាន ឈ្មោះថា ស្មាតហ្វូន លំដាប់ Flagship មែន។ តួយ៉ាង លើកនេះ Samsung មិនត្រឹមតែបង្កើនសមត្ថភាព ទៅលើផ្នែករឹង (Hardware) នោះទេ តែចំពោះកម្រិតបង្ហាញពណ៌របស់ រូបភាពនៅលើអេក្រង់ ក៏កាន់តែមានគុណភាពល្អប្រសើរ ជាងមុនថែមមួយកម្រិតទៀតផង។ 

 

ម៉្យាងវិញទៀត វាគ្មានអីប្លែកនោះទេ ដែល Samsung បានផលិតបន្ទះបង្ហាញរបស់ Galaxy Note 10+ មានសមត្ថភាព ប្រហាក់ប្រហែលគ្នាទៅនឹង បន្ទះបង្ហាញ ដែលបានបំពាក់លើ Galaxy S10 ព្រោះពួកវា សុទ្ធតែជា តួឯកកំពូលរបស់ Samsung ដែលស្ថិតនៅក្នុងឆ្នាំ 2019 នេះហើយ។ ប៉ុន្តែបើយើងពិនិត្យមើល ឲ្យកាន់តែច្បាស់ទៀតនោះ គឺ Note 10 ស៊េរីចេញមកក្រោយនេះ ទទួលបានកំណែប្រែ មុខងារមួយចំនួន នៅលើផ្នែកបន្ទះបង្ហាញ (Display) ដូចជាមានកម្រិតពន្លឺខ្លាំងជាងមុន ដល់ទៅ 1,308 nits បើធៀបជាមួយ Galaxy S10 ត្រឹម 1,215 nits និងកម្រិតពន្លឺព័ទ្ធជុំវិញអេក្រង់ ភ្លឺជាង Galaxy Note 9 ដល់ទៅ 25% ឯណោះ។ នេះមានន័យថា វានៅតែអាចធ្វើការ បញ្ចេញពណ៌ពន្លឺរបស់រូបភាព បានច្បាស់ម៉ត់ដដែល ទោះបីជាស្ថិតនៅក្រោម កាលៈទេសៈដែលមានពន្លឺជះមកខ្លាំង យ៉ាងណាក៏ដោយ។

 

 

លើសពីនេះទៅទៀត បើយោងតាមការធ្វើតេស្តរបស់គេហទំព័រ DisplayMate បានដាក់ចំណាត់ថ្នាក់ឲ្យបន្ទះ បង្ហាញរូបភាព របស់ Galaxy Note 10+ ក្នុងកម្រិត A+ ដែលជាចំណាត់ថ្នាក់មួយដ៏ខ្ពស់ជាងគេ នាពេលបច្ចុប្បន្ននេះ។ គួរបញ្ជាក់ផងដែរថា សម្រាប់ស្មាតហ្វូនកំពូលនេះ មានបន្ទះអេក្រង់ធំ លាតដល់ 6.8 អ៊ីញ ជាមួយ កម្រិតបង្ហាញរូបភាព QHD+ (3040x 1440 ភិចសែល) និងមានដង់ស៊ីតេអេក្រង់ 498 ppi។ ជាពិសេស អេក្រង់ Galaxy Note 10+ នេះ ក៏បានបំពាក់មកជាមួយបច្ចេកវិទ្យា Sub-Pixel Rendering ដើម្បីជួយឲ្យគុណភាព របស់សាច់រូបភាព កាន់តែមានភាពម៉ត់ជាងមុន ទៀតផង។

 

 

សរុបមកវិញ Samsung បានបង្ហាញឲ្យពិភពលោកឃើញថា ខ្លួនពិតជាក្រុមហ៊ុន មួយដែលអាចផលិត ស្មាតហ្វូន ដែលមានលក្ខណៈសម្បត្តិ និងមុខងារ ពិសេសៗច្រើន។ មិនថែមតែប៉ុណ្ណោះ Samsung ក៏មិនបានធ្វើឲ្យ អ្នកគាំទ្ររបស់ខ្លួន ខកបំណងនោះទេ ជាពិសេស ហ្វេន ត្រកូល Note តាំងពីដើម រហូតមកដល់ពេលនេះ តែម្តង។

ដោយ​ ៖ Sam Mobile
អត្ថបទទាក់ទង