Apple​ បន្ត​ពង្រីក​បន្ថែម​ក្រុម​អ្នក​ធ្វើ​ការ​ទៅ​លើ​រថយន្ត​​បើក​បរ​ដោយ​ស្វ័យ​ប្រវត្តិ​របស់​ខ្លួន​
ដោយ​ ៖ Ratanak | 5 ខែមុន SHARE

 

កាលពីលើកមុន យើងបានដឹងខ្លះៗហើយ ទាក់ទងទៅនឹងគម្រោងក្នុងការផលិតរថយន្ត ដែលបើកបរដោយស្វ័យប្រវត្តិរបស់ Apple ហើយវាក៏ជារឿងមួយ ដែលយើងនឹកស្មានមិនដល់ដូចគ្នា ព្រោះមនុស្សជាច្រើន ធ្លាប់តែរំពឹងទៅលើ ផ្នែកស្មាតហ្វូន ថេប្លេត និងកុំព្យូទ័រតែប៉ុណ្ណោះ ពីក្រុមហ៊ុនមួយនេះ។ មិនខុសទេ បើទោះបីជាគម្រោងនេះ ហាក់ដូចជានៅមានអាថ៌កំបាំងច្រើននៅឡើយ ប៉ុន្តែថ្មីៗនេះ គេបានដឹងថា Apple បានបន្ថែមនូវក្រុមដែលសិក្សា ពីរថយន្តបើកបរដោយស្វ័យប្រវត្តិទៀតផង។

 

 

ពិតណាស់ បើតាម California Department of Motor Vehicles បានបង្ហាញថា Apple បានពង្រីកបន្ថែមទៀត នូវក្រុមរថយន្តបើកបរដោយស្វ័យប្រវត្តិ ដោយក្រុមហ៊ុននេះ បាននាំយកអ្នកបើកបរ 33 នាក់បន្ថែម ដើម្បីឲ្យពួកគេធ្វើការជាមួយរថយន្តដែលមានស្រាប់ ប្រមាណជា 69 គ្រឿង នៅក្នុងរដ្ឋធានីមួយនោះ។ ម្យ៉ាងវិញទៀត បើតាមរបាយការណ៍ចុងក្រោយនេះ វាហាក់បីដូចជា ផ្ទុយស្រឡះពីពត៌មានកាលពីលើកមុន ដែលថា Apple បានកាត់បន្ថយបុគ្គលិក ផ្នែកខាងលើនេះ ដោយសារក្រុមហ៊ុនចង់រំសាយការសិក្សា ពីគម្រោងបើកបរដោយស្វ័យប្រវត្តិទៀតផង។ 

 

 

ជាក់ស្ដែង បើតាមដំណឹងចុងក្រោយនេះ អាចបញ្ជាក់បានថា ក្រុមហ៊ុនផ្លែប៉ោម កំពុងតែជំរុញបន្ថែម ទៅលើផ្នែកដែលបានរៀបរាប់ខាងលើនេះ ដើម្បីឲ្យវា កាន់តែឆាប់ទទួលបានលទ្ធផលដូច្នេះដែរ។ ប៉ុន្តែ អ្វីដែលធ្វើឲ្យមានមន្ទិលសង្ស័យច្រើននោះគឺ យើងមិនទាន់ប្រាកដថា Apple បង្កើតរថយន្តប្រភេទនេះ ដោយខ្លួនឯង ឬមួយគ្រាន់តែ បង្កើតបច្ចេកវិទ្យានេះ ដើម្បីយកទៅបំពាក់នៅលើរថយន្តផ្សេងទៀតនោះទេ។ អញ្ចឹងហើយ នៅមានចំនុចជាច្រើនទៀត ដែលយើងមិនទាន់បានដឹង ទាក់ទងទៅគម្រោងរថយន្តបើកបរ ដោយស្វ័យប្រវត្តិរបស់ ក្រុមហ៊ុនខាងលើ។ តាមមើលទៅ វាប្រហែលមិនឆាប់ពេកនោះទេ សម្រាប់គម្រោងមួយនេះ ហើយបើសិនជាយើងចង់ដឹងបន្ថែមនោះ គឺមានតែរង់ចាំមើលនៅថ្ងៃខាងមុខទៀតប៉ុណ្ណោះ ថាតើវាពិតជាមានមែន ឬយ៉ាងណា?

ដោយ​ ៖ Uber Gizmo
អត្ថបទទាក់ទង