ការ​សាក​ថ្ម​ឥត​ខ្សែ​អាច​ធ្វើ​ឲ្យ​ថ្ម​ឆាប់​ខូច ជាង​ការ​សាក​ថ្ម​តាម​ខ្សែ​ទៅ​ទៀត​
ដោយ​ ៖ Leng | 5 ខែមុន SHARE

 

បច្ចេកវិទ្យាពីមួយឆ្នាំទៅមួយឆ្នាំ កាន់តែរីកចម្រើនទៅមុខ ហើយមួយក្នុងចំណោមនោះ គឺជាបច្ចេកវិទ្យា Wireless Charging ដែលអនុញ្ញាតឲ្យសាកថ្ម ដោយមិនត្រូវការខ្សែ និងត្រូវបានបំពាក់លើ ឧបករណ៍ប្រើប្រាស់ជាច្រើន ហើយជាពិសេស យើងឃើញមាននៅលើ ស្មាតហ្វូនលំដាប់កំពូលៗតែម្ដង។ ទោះបីជាយ៉ាងណា អ្នកស្រាវជ្រាវ បានរកឃើញថា ការសាកថ្មឥតខ្សែ បញ្ចេញកម្ដៅខ្លាំងជាង ការសាកថ្មតាមខ្សែធម្មតា ដូច្នេះវាអាចប៉ះពាល់ដល់ សមាសធាតុថាមពលថ្ម និងអាចឆាប់ខូចទៀតផង។

 

 

អ្នកស្រាវជ្រាវបានបញ្ជាក់ថា កម្ដៅដែលបណ្ដាលមកពី ការសាកថ្មឥតខ្សែ គឺកើតឡើងដោយសារ កម្ដៅចេញមកពីដុំសាក និងឧបករណ៍កំពុងសាកតែម្ដង ហើយអាចកើនកម្ដៅដល់ទៅ ធ្វើឲ្យថ្មប៉ោងថែមទៀត បើបូកផ្សំទាំង អាកាសធាតុក្ដៅទៀតនោះ។ ប្រិយមិត្តអ្នកអានភាគច្រើន ប្រាកដជាបានដឹង រួចមកហើយថា គុណភាពរបស់ថ្ម គ្រប់ប្រភេទទាំងអស់ គឺតែងតែឆាប់ធ្លាក់ចុះ បើវាប្រទះជួបនូវ សីតុណ្ហភាពក្ដៅ ច្រើនលើកច្រើនសាពេក។ 

 

បើយោងទៅតាម ការធ្វើតេស្ដប្រចាំថ្ងៃពិតៗ ដោយក្រុមអ្នកស្រាវជ្រាវ គឺបានបង្ហាញឲ្យឃើញថា ការសាកថ្មប្រើខ្សែធម្មតា អាចកើនឡើងកម្ដៅខ្លាំងបំផុត 27°C ក្នុងរយៈពេលសាកចំនួន 3 ម៉ោងជាប់គ្នា ខណៈពេលដែល ការសាកថ្មដោយឥតខ្សែ គឺឡើងដល់ទៅ 30.5°C ផងដែរ។ ហេតុដូច្នេះហើយ ដុំសាកថ្មឥតខ្សែមួយចំនួន មានបំពាក់កង្ហារមកជាមួយ ដើម្បីកាត់បន្ថយកម្ដៅទាំងនោះ។

 

 

លើសពីនេះទៅទៀត អ្នកស្រាវជ្រាវ ក៏បានរកឃើញថា ដុំសាកថ្មឥតខ្សែមួយចំនួន អាចបង្កើនកម្ដៅខ្ពស់ជាងនេះ ដូច្នេះការសាកថ្មតាមខ្សែ គឺជាជម្រើសល្អបំផុត ដើម្បីជួយថែរក្សាគុណភាពថ្ម របស់ស្មាតហ្វូន ឬឧបករណ៍ដទៃទៀត។ ពិតប្រាកដណាស់ ចំនួនសីតុណ្ហភាពខុសគ្នារវាង កម្ដៅនាពេលសាកតាមខ្សែ និងពេលសាកឥតខ្សែ គឺមិនសូវខុសគ្នាច្រើន បើយើងគិតពីចំនួនតួលេខ ប៉ុន្ដែតាមស្ថានភាពពិត នៅមានផលប៉ះពាល់ដដែល ដូច្នេះយើងគួរកាត់បន្ថយ ការសាកថ្មឥតខ្សែ ដើម្បីថែរក្សាគុណភាពថ្ម ឲ្យកាន់បានយូរផងដែរ។

ដោយ​ ៖ Beebom
អត្ថបទទាក់ទង