រថយន្ដ​មាន​ដំបូល​​សូឡារ​របស់ Hyundai បាន​ដាក់​លក់​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ហើយ​
ដោយ​ ៖ Leng | 11 ខែមុន SHARE

 

កាលពីចុងឆ្នាំមុននេះ Hyundai បានប្រកាសប្រាប់ថា ក្រុមការងាររបស់ខ្លួន កំពុងតែចាប់ផ្ដើម អភិវឌ្ឍន៍រថយន្ដថ្មីប្លែកម្យ៉ាង ដែលមានបំពាក់ដោយ បន្ទះសូឡារលើដំបូល ដើម្បីស្រូបយកថាមពល ពីពន្លឺព្រះអាទិត្យផងដែរ។ រហូតមកដល់ពេលថ្មីៗនេះ រថយន្ដពិសេសម៉ាក Hyundai Sonata Hybrid ជំនាន់ចុងក្រោយនេះ ក៏បានចូលវាយលុក ទីផ្សារកូរ៉េខាងត្បូង និងប្រើថាមពលសូឡារ ដូចបានបញ្ជាក់ប្រាប់ កាលពីមុនអញ្ចឹងដែរ។

 

 

គម្រោងរបស់ក្រុមហ៊ុនរថយន្ដ Hyundai គឺចង់រកវិធីសាស្រ្ដថ្មីម្យ៉ាង ដើម្បីជួយដល់រថយន្ដ ដែលប្រើប្រាស់អគ្គិសនី ដោយបច្ចេកវិទ្យាផ្ទាំងសូឡារ អាចធ្វើឲ្យការចំណាយ ទៅលើថ្លៃបង់ភ្លើង កាត់បន្ថយកាន់តែច្រើនទៀត និងព្រមទាំងកាត់បន្ថយ ឧស្ម័នជាតិពុលដូចជា CO2 ថែមទៀតផង។ បន្ទះសូឡារបំពាក់លើ រថយន្ដម៉ាក Hyundai Sonata Hybrid ជំនាន់ក្រោយនេះ អាចសាកថ្មបានពី 30% ដល់ 60% នៅក្នុងរយៈពេលមួយថ្ងៃ។ 

 

សម្រាប់ស្ថានភាពប្រចាំថ្ងៃ អាចសាកបានរយៈពេល 6 ម៉ោង ខណៈពេលកំពុងធ្វើដំណើរ ឬការចតឡានក្រោម ពន្លឺព្រះអាទិត្យ ដែលជួយបន្ថែមចម្ងាយ បានរហូតដល់ទៅ 1,300 គីឡូម៉ែត្រ ជារៀងរាល់ឆ្នាំផងដែរ។ រយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ Hyundai ក៏បានបង្កើតគម្រោង នាំយកបច្ចេកវិទ្យានេះ ទៅកាន់រថយន្ដប្រភេទ ផ្សេងៗជាច្រើនទៀត និងធ្វើឲ្យកាន់តែល្អប្រសើរ ជាងពេលបច្ចុប្បន្ននេះទៀត។

 

 

ពិតប្រាកដណាស់ យើងគណនាមើលទៅ វាហាក់បីដូចជា មិនសូវអាចជួយបាន ច្រើនណាស់ណាឡើយ ប៉ុន្ដែការបំពាក់បន្ទះសូឡារ ក៏មានសក្តានុពល ជួយបន្ថែមសមត្ថភាព ឲ្យរថយន្ដប្រភេទ Hybrids និងជាពិសេសរថយន្ដ ប្រើថាមពលអគ្គិសនីតែម្ដង។ គួរឲ្យសោកស្ដាយ យើងមិនអាចរកឃើញ ប្រភពព័ត៌មានណាមួយ ដែលបញ្ជាក់អំពីតម្លៃ របស់រថយន្ដនេះឡើយ ដូច្នេះក្រុមការងារ ខេមបូ រីផត នឹងចេញផ្សាយជូនបន្ថែមទៀត បើមានរបាយការណ៍ថ្មីបន្ថែម នាពេលក្រោយៗទៀត។

ដោយ​ ៖ Engadget
អត្ថបទទាក់ទង