រដ្ឋាភិបាល​បារាំង​ចង់​បង្ហោះ​ផ្កាយ​រណប ភ្ជាប់​ជាមួយ​កាំភ្លើង​យន្ដ​និង​ឡាស៊ែរ​នៅ​ឆ្នាំ 2030​
ដោយ​ ៖ Hong | 5 ខែមុន SHARE

 

កាលពីខែកក្កដានេះ រដ្ឋាភិបាលបារាំង បានប្រកាសជាសាធារណៈថា ខ្លួននឹងបង្កើតកងកម្លាំង នៅលើលំហអាកាស ដើម្បីទទួលខុសត្រូវ ក្នុងការការពារផ្កាយរណប របស់ខ្លួនផ្ទាល់តែម្ដង។ រហូតមកដល់ពេលថ្មីៗនេះ រដ្ឋាភិបាលបារាំង ហាក់បីដូចជា ផ្ដោតលើរឿងនេះ ខ្លាំងណាស់ ដោយបានប្រកាសចេញនូវ គម្រោងអភិវឌ្ឃន៍ផ្កាយរណប ដែលអាចបំពាក់ដោយ កំាំភ្លើងនិងឡាស៊ែរ ចាប់ផ្ដើមពីឆ្នាំ 2030 ថែមទៀតផង។

លោកស្រីរដ្ឋមន្ត្រី Florence Parly បានប្រកាសប្រាប់ថា ប្រទេសបារាំង នឹងចំណាយទឹកប្រាក់ចំនួន $778 លានដុល្លារអាមេរិក ដែលដកចេញពីថវិកាយោធា សម្រាប់ការពារលំហអវកាស និងអាចចំណាយដល់ទៅ $4.7 ពាន់លានដុល្លារ បន្ថែមទៀត រហូតដល់ឆ្នាំ 2025 ខាងមុខនេះ។ ទឹកប្រាក់ទាំងអស់នោះ ក៏អាចយកទៅធ្វើការ ដំឡើង បណ្តាញទំនាក់ទំនង ផ្កាយរណបយោធា Syracuse ឲ្យកាន់តែល្អប្រសើរជាងមុន ដែលបានគ្រប់គ្រងដោយ កងទ័ពជើងទឹកបារាំង។ យោធារបស់ប្រទេសបារាំង ចង់បានផ្កាយរណបជំនាន់ថ្មី ដែលអាចបំពាក់នូវកាមេរ៉ា ក្នុងការងាយស្រួលកំណត់សត្រូវ ដោយបំពាក់ជាមួយកាំភ្លើងយន្ដ និងឡាស៊ែរ ដើម្បីវាយប្រហារ និងបំផ្លាញផ្កាយរណប របស់សត្រូវថែមទៀតផង។ 

 

ក្រសួងការពារជាតិ នៃប្រទេសបារាំង ក៏បាននិយាយប្រាប់ថា ខ្លួនចង់មានលទ្ធភាព ក្នុងការបាញ់បង្ហោះ ផ្កាយរណបទំហំតូច (Nano Satellites) ទៅជុំវិញគន្លងផែនដី ដោយធ្វើជាប្រព័ន្ធការពារ និងអាចមានសមត្ថភាព បង្ហោះផ្កាយរណបឡើង ដ៏លឿនរហ័សបំផុត ដើម្បីមកជំនួសផ្កាយរណប ដែលត្រូវបានបាត់បង់ ខណៈពេលមានសង្គ្រាម។ ប្រព័ន្ធការពារលំហអាកាស របស់ប្រទេសបារាំង គឺមានគម្រោងធ្វើរួចរាល់ ចាប់ផ្ដើមពីឆ្នាំ 2030 ខាងមុខនេះតទៅ ដោយឡែកប្រទេសមហាអំណាច ដទៃទៀតរួមមានដូចជា សហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ី គឺហាក់បីដូចជា នៅមិនទាន់បញ្ចេញ គម្រោងនៅឡើយទេ។

លើសពីនេះទៅទៀត លោកស្រីរដ្ឋមន្ត្រី Florence Parly ក៏បានបន្ថែមទៀតថា គោលដៅរបស់ប្រទេសបារាំង គឺមិនមែនដើម្បីចង់បាញ់ ផ្កាយរណបរបស់សត្រូវ ចោលតែម្ដងនោះទេ ប៉ុន្ដែគ្រាន់តែជាការពារខ្លួន ទុកជាមុនប៉ុណ្ណោះ។ រយៈពេលប្រហែលជាង 50 ឆ្នាំបន្ទាប់ ពីមនុស្យបាន ចុះចតនៅលើភពព្រះច័ន្ទ ជាលើកដំបូងមក រហូតមកដល់ពេលឥឡូវនេះ យើងក៏តម្រូវឲ្យមានការ ត្រៀមខ្លួនទុកជាមុនថា សង្គ្រាមនៅលើលំហអាកាស អាចនឹងកើតឡើងបាន ក្នុងចន្លោះពេល 10 ឆ្នាំទៅ 20 ឆ្នាំខាងមុខនេះ។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង