Samsung បាន​ប្រើ​កាមេរ៉ា​កម្រិត 8K ដើម្បី​ថត​ការ​ប្រកួត​បាល់​ទាត់ នៅ​ប្រទេស​សឹង្ហបុរី​កន្លង​ទៅ​
ដោយ​ ៖ Hong | 6 ខែមុន SHARE

 

កាលពីការប្រកួតបាល់ទាត់ ពានរង្វាន់ជើងឯកអន្តរជាតិ នៅឯប្រទេសសិង្ហបុរី កន្លងផុតទៅនេះ គឺត្រូវបានថតចេញដោយ កាមេរ៉ាកម្រិតសេនស័រខ្ពស់ 8K និងរៀបចំឡើងដោយ Samsung ថែមទៀតផង។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស មកពីប្រទេសកូរ៉េខាងត្បូង បានថតការប្រកួតបាល់ទាត់ រវាងក្រុម Manchester United និង Inter Milan កាលពីថ្ងែទី 20 ខែកក្កដាឆ្នាំ 2019 ហើយរវាងក្រុម Tottenham Hotspur និង Juventus កាលពីថ្ងែទី 21 ខែកក្កដាឆ្នាំ 2019 ដោយប្រើប្រាស់កាមេរ៉ា កម្រិត 8K សរុបដល់ទៅចំនួន 6 កាមេរ៉ាឯណោះ។

Samsung បាននិយាយប្រាប់ថា ការថតក្នុងគុណភាពខ្ពស់នេះ គឺអាចអនុញ្ញតឲ្យអ្នកទស្សនា ចាប់យកចំណុចលម្អិតជាច្រើន ដោយរួមមានដូចជា ការបង្ហាញផ្ទៃមុខអ្នកលេង និងហ្វូងមនុស្យកំពុងគាំទ្រ បានកាន់តែច្បាស់ល្អផងដែរ។ មិនត្រឹមតែប៉ុណ្ណេះទេ លក្ខណៈពិសេសប្រព័ន្ធ AI ដែលខ្លួនបានបង្កើតឡើង ក៏ត្រូវបានយកមកប្រើ ដើម្បីបង្កើនប្រសិទ្ធសម្លេង ក្នុងពេលប្រកួតបាល់ទាត់ ថែមទៀតផង។ វីដេអូប្រកួតបាល់ទាត់កម្រិត 8K ដែលបានថតទាំងអស់នេះ គឺត្រូវបានដាក់បង្ហាញនៅលើ គណនីបណ្ដាញសង្គមរបស់ Samsung និងយកទៅផ្សព្វផ្សាយ នៅលើទូរទស្សន៍ QLED 8K ស៊េរីថ្មី របស់ខ្លួនផ្ទាល់តែម្ដង ដែលចេញលក់នៅខែកញ្ញា ឆ្នាំ 2019 ខាងមុខនេះ។

 

ហេតុដោយសារតែ នាពេលបច្ចុប្បន្ននេះ ខ្សែភាពយន្ដ ឬ វីដេអូក្នុងកម្រិត 8K គឺនៅមានចំនួនកំណត់ ដូច្នេះហើយក្រុមហ៊ុនកូរ៉េខាងត្បូងនេះ បានសន្យាទុកជាមុនថា ខ្លួននឹងបន្ដបង្កើតវីដេអូកម្រិត 8K ជាច្រើនទៀត ដើម្បីពង្រីកទីផ្សារទូរទស្សន៍ 8K ឲ្យកាន់តែធំទូលាយថែមទៀត។ កាលពីឆ្នាំមុននេះ Samsung គឺជាក្រុមហ៊ុនដំបូងគេបង្អស់ ដែលបាននាំយកទូរទស្សន៍ 8K ទៅលើទីផ្សារនានា ហើយក៏បានរំពឹងទុកថា ខ្លួននឹងអាចគ្រប់គ្រង ចំណែកទីផ្សារ បានដល់ទៅពាក់កណ្ដាលឯណោះ សម្រាប់ការដាក់លក់ទូរទស្សន៍ 8K នៅក្នុងឆ្នាំនេះផងដែរ។

ការប្រកួតកីឡាបាល់បោះ និងកីឡាបាល់ទាត់ គឺជាកន្លែងសាកល្បង ដ៏ល្អបំផុតសម្រាប់ ដាក់បង្ហាញកម្រិតអេក្រង់ និងគុណភាពនៃទូរទស្សន៍ 8K ខណៈដែលកាមេរ៉ា ស្ថិតនៅក្នុងចំណុចថេរ និងការថតបានល្អផងដែរ។ ការខ្វះខាត នៃវីដេអូកម្រិត 8K គឺអាចធ្វើឲ្យអ្នកទិញ មិនមានគំនិតចង់បាន ទូរទស្សន៍ស៊េរីថ្មីកម្រិត 8K ដូច្នេះហើយក្រុមហ៊ុនដាក់លក់ ដូចជាក្រុមហ៊ុន Samsung ក៏បានផ្ដល់ជូននូវ បច្ចេកវិទ្យាដ៏ទំនើបមួយ ដែលអាចធ្វើការដំឡើង វីដេអូថតក្នុងកម្រិត 4K ឲ្យឡើងដល់ទៅកម្រិត 8K បានថែមទៀតផង។

ដោយ​ ៖ ZD Net
អត្ថបទទាក់ទង