Redmi បង្ហើប​ស្មាតហ្វូន​មាន​កាមេរ៉ា​ទំហំ 64 មេហ្គាភិចសែល​របស់​ខ្លួន​
ដោយ​ ៖ Kealy | 5 ខែមុន SHARE

 

សព្វថ្ងៃនេះ ការប្រើប្រាស់នូវមុខងារថតរូបនៅលើស្មាតហ្វូន គឺពិតជាមានប្រជាប្រិយភាពខ្លាំងណាស់ ហេតុដូចនេះហើយ ទើបក្រុមហ៊ុនធំៗមួយចំនួន ព្យាយាមធ្វើកំណែអាប់ដេត ទៅលើផ្នែកសេនស័រកាមេរ៉ា ដើម្បីធ្វើយ៉ាងណាឲ្យគុណភាពរូបភាព ដែលថតចេញមកកាន់តែច្បាស់ និងស្រស់ស្អាត។ មកដល់ពេលនេះ កាមេរ៉ាមានទំហំធំ ដល់កម្រិត 48MP នៅលើកំពូលស្មាតហ្វូន មិនមែនជារឿងថ្មីទៀតនោះទេ។ យ៉ាងណាមិញ យើងស្រាប់តែទទួលបានព័ត៌មានមួយ ដែលបញ្ជាក់ថា Xiaomi នឹងបញ្ចេញនូវស្មាតហ្វូនថ្មីត្រកូល Redmi អាចមានភ្ជាប់មកនូវ សេនស័រកាមេរ៉ាដល់ទៅ 64MP។

ដោយយោងតាមគេហទំព័រ Weibo របស់ចិន មានរូបភាពកូនឆ្មាមួយ ត្រូវបានគេបង្ហោះ ដោយថតចេញពីស្មាតហ្វូន Redmi មានបំពាក់សេនស័រ កាមេរ៉ា 64MP ហើយបានពង្រីកចូល ទៅក្នុងភ្នែកឆ្មារ ក៏យើងនៅអាចមើលឃើញ យ៉ាងច្បាស់ក្រលែត។ នេះក៏មិនមែន ជាព័ត៌មានលើកទីមួយទេ ដែលបង្ហាញពីស្មាតហ្វូនរបស់ Redmi អាចនឹងបំពាក់សេនស័រ 64MP ជាក់ស្តែង វាត្រូវបានប្រទះឃើញ រួចម្តងមកហើយ នៅក្នុងកម្មវិធីកាមេរ៉ាក្នុង MIUI (Camera App) ផ្ទាល់តែម្ដង គឺមាននៅក្នុង កំណែអាប់ដេត MIUI 10 (v9.6.17) សម្រាប់ស្មាតហ្វូន Redmi K20 Pro (Chinese Version)។

គួរបញ្ជាក់ផងដែរថា Redmi មិនមែនជាក្រុមហ៊ុនតែមួយគត់នោះទេ ដែលនឹងបំពាក់កាមេរ៉ាទំហំ 64MP នៅលើស្មាតហ្វូនរបស់ខ្លួន ជាក់ស្តែងកាលពីខែមុន Realme ក៏បានធ្វើការបង្ហើបគម្រោង បញ្ចេញស្មាតហ្វូនមាន កាមេរ៉ាបួនគ្រាប់ ប្រើសេនស័រ GW1 របស់សាមសុង ដែលមានសមត្ថភាពអាចថតរូប ដល់ទំហំ 64MP តាមរយៈការ ប្រើបច្ចេកវិទ្យា Pixel-binning ផងដែរ។

យ៉ាងណា Xiaomi ក៏មិនទាន់បានបង្ហាញច្បាស់ពី Redmi ស៊េរីណាមួយ ដែលនឹងក្លាយជាម្ចាស់ដំបូងគេបង្អស់ ដោយអាចបំពាក់សេនស័រការមេរ៉ា 64MP នេះទេ។ តែអ្វីដែលយើង ជឿជាក់ច្បាស់នោះ វានឹងលេចមុខ ក្នុងពេលឆាប់ៗ ហើយយើង ក៏រំពឹងទុកថា Redmi ស៊េរីក្រោយនេះ អាចផលិតគុណភាពរូបភាព កាន់តែប្រសើរ និងមានតម្លៃសមរម្យដូចបងៗ វាទៅចុះ។

ដោយ​ ៖ Android Authority
អត្ថបទទាក់ទង