Samsung អាច​នឹង​បញ្ចេញ One UI 2.0 ជាមួយ​កំណែ​អាប់ដេត Android Q​
ដោយ​ ៖ Hong | 5 ខែមុន SHARE

 

Samsung បានដាក់បង្ហាញនូវស្បែក One UI ដំបូងគេបង្អស់នៅលើ Galaxy S9 ហើយវាថែមទាំងទទួលបាន មតិវិជ្ជមានពីអ្នកគាំទ្រ និងការពេញចិត្តជាច្រើន ដោយនិយាយថាល្អ ជាងស្បែក Experience UI ទៅទៀត។ ហេតុតែស្មាតហ្វូនស៊េរីថ្មីៗ នាពេលបច្ចុប្បន្ននេះ កាន់តែមានទំហំធំទៅៗ ដូច្នេះហើយស្បែក One UI បាននាំយកមកនូវ ចំណុចទាក់ទាញមួយ ដែលមានការឆ្លាតវៃ អាចប្រើប្រាស់ដៃម្ខាងបាន ពីព្រោះតែកម្មវិធីរបស់វា មានលក្ខណៈធ្លាក់មក ពាក់កណ្ដាលផងដែរ។ រហូតមកដល់ពេលនេះ យើងក៏ទទួលបាន របាយការណ៍ថ្មីថា Samsung អាចនឹងបញ្ចេញស្បែក One UI 2.0 ស្របនឹងពេល កំណែអាប់ដេត Android Q ចេញជាផ្លូវការតែម្ដង។

ការរាយការណ៍លើកនេះ គឺមានប្រភពចេញមកពី SamMobile ដែលអាចជឿទុកចិត្តបាន អំពីពត៌មានទាក់ទងនឹង Samsung ហើយបើយោងទៅតាមពួកគេ បានបញ្ជាក់ប្រាប់ថា កំណែអាប់ដេតទៅកាន់ Android Q នឹងនាំយកមកនូវស្បែក One UI 2.0 ថែមទៀតផង។ លើសពីនេះទៅទៀត របាយការណ៍ថ្មីនេះ ក៏បានបន្ថែមទៀតថា ស្មាតហ្វូនលំដាប់កំពូល Galaxy S11 អាចនឹងផ្ដល់ជូននូវ ជំនាន់ថ្មីផ្សេងមួយទៀត ដែលត្រូវជាស្បែក One UI 2.1 ហើយស្មាតហ្វូន ប្រចាំត្រកូល Galaxy Note 10 គឺអាចទទួលបាន One UI 2.0 មុនដំបូងគេផងដែរ។ ខណៈពេលឥឡូវនេះ យើងមិនទាន់ទទួលបាន ពត៌មានផ្សេងទៀតអំពី One UI 2.0 ឬ One UI 2.1 ថាតើមានបន្ថែមមុខងារ អ្វីថ្មីទៀតនោះទេ ប៉ុន្ដែបើយោងតាមប្រភពដដែល បានបង្ហើបឲ្យដឹងមុនថា អាចរួមមាននូវមុខងារ Focus Mode និងទាំងលក្ខណៈពិសេសដទៃទៀត ដែលមានមុខនៅលើ Android Q ជាដើម។ 

ចំណែកឯពេលដែល Samsung អាចនឹងដាក់បញ្ចេញ កំណែអាប់ដេតទៅកាន់ Android Q គឺយើងក៏មិនទាន់ដឹងនៅឡើយ ដោយមិនឃើញត្រូវបាន Google ដាក់ប្រកាសរួមជាមួយ ក្រុមហ៊ុនដទៃទៀតនោះទេ។ ប្រិយមិត្តអ្នកអានមួយចំនួន ប្រាកដជាដឹងរួចមកហើយថា Samsung បានបញ្ចេញកំណែអាប់ដេត Android 9.0 Pie ទៅកាន់ស្មាតហ្វូនកម្រិតធម្យម, លំដាប់កំពូល Flagship និងព្រមទាំងលំដាប់ថវិកា យ៉ាងរហ័សល្អប្រសើរជាង កាលពីពេលមុនៗមក ដូច្នេះយើងសង្ឃឹមទុកថា Android Q ក៏មិនត្រូវតម្រូវឲ្យអ្នក ប្រើប្រាស់ រង់ចាំយូរនោះឡើយ។

ដោយ​ ៖ Bee Bom
អត្ថបទទាក់ទង