លេច​ធ្លាយ​កាន់​តែ​ច្បាស់​ពី​រូប​រាង​ទាំង​មូល​របស់​ Galaxy​ Note​ 10​ Series​
ដោយ​ ៖ Sunny | 10 ខែមុន SHARE

 

ធ្មេចបើកៗ ពេលវេលាចេះតែរំកិលទៅមុខ ឯក្រុមហ៊ុន Samsung វិញ បានកំពុងត្រៀមខ្លួនរួចជាស្រេច ផងដែរ ដើម្បីនាំយកស្មាតហ្វូន Galaxy Note លេខ 10 ជំនាន់ថ្មី មកបង្ហាញ អោយពិភពលោក បានឃើញ ជាផ្លូវការ។ ចំពោះព្រឹត្តិការណ៍ Samsung Galaxy Unpacked 2019 នេះ នឹងត្រូវបានធ្វើឡើង ក្នុងទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិច នៅថ្ងៃទី 07 ខែសីហា ឆាប់ៗខាងមុខ ហើយគ្រប់គ្នា ក៏កំពុងរង់ចាំមើល ផងដែរថា Note 10 Series អាចនឹងឆក់យកបេះដូង អ្នកប្រើប្រាស់ អោយហ៊ានវះពោះកូនជ្រូក ដែលសន្សំជាយូរមកនោះ បានឬយ៉ាងណា។

 

 

បើនិយាយពីរូបរាងគម្រូ លើម៉ូឌែល Galaxy Note 10 វិញ យើងសង្គេតឃើញថា គឺមានការឌីហ្សាញចេញមក ប្លែកៗពីគ្នាច្រើន ទៅលើកាណុងកាមេរ៉ាក្រោយ ដោយប្រភពខ្លះ បានរចនានៅចំកណ្តាល ជាមួយលេន 3 គ្រាប់ មានខ្លះទៅ 4 គ្រាប់ និងឈានដល់ 5 គ្រាប់ថែមទៀត ដែលគបូករួមជាមួយ ToF កាមេរ៉ា។ មិនទាន់អស់ទេ ព្រោះមានប្រភពផ្សេងទៀត បានឌីហ្សាញមកនៅផ្នែកចំហៀងដូច Galaxy ត្រកូល A ជាមួយលេន 3 គ្រាប់, 4 គ្រាប់ និង 5 គ្រាប់ ជាដើម។ ត្រង់នេះ ហើយដែលធ្វើអោយគ្រប់គ្នា នៅតែមានមន្ទិលលើ Galaxy Note 10 ថាតើវាមានរចនាម៉ូត ទៅជាយ៉ាងណា។ ចំណែកឯផ្ទៃអេក្រង់ខាងមុខ មិនសូវជាមានការឌីហ្សាញពីខុសគ្នាឡើយ ដោយភាគច្រើន គេបានរចនាមកជាមួយអេក្រង់លាតធំ កោងគែមសងខាង និងមានលេនទម្លុះអេក្រង់ មួយគ្រាប់ នៅចំកណ្តាល ដែលជាកាមេរ៉ាមុខ ទុកសម្រាប់ថត Selfie។

 

ដោយឡែក សម្រាប់នៅក្នុងពេលនេះ គឺស្រាប់តែមានប្រភព ពីបរទេសមួយ បានធ្វើការបង្ហាញចេញកាន់តែច្បាស់ នូវរូបរាងគម្រូថ្មី លើ Galaxy Note 10 Series ពេញមួយតួខ្លួន ហើយវាក៏ត្រូវបានគេបង្ហោះចែកចាយ ជាច្រើន ផងដែរ។ បើយើងតាមរូបភាពគម្រូនេះ បានបង្ហាញលើជម្រើស 2 ពណ៌ រួមមាន ពណ៌ខ្មៅ និងពណ៌បែប Gradient ដែលជាការច្របាច់ពណ៌ជាច្រើន បញ្ចូលគ្នា។ ងាកមកមើល ផ្ទៃអេក្រង់ខាងមុខវិញ គឺមិនខុសពីរូបគម្រូមុនឡើយ ជាមួយអេក្រង់លាតធំ កោងគែមសងខាង និងមានលេនទម្លុះអេក្រង់ ចំនួនមួយគ្រាប់ នៅចំកណ្តាល ដោយ Note 10 ធម្មតា អាចមានអេក្រង់ទំហំ 6.3 អ៊ីញ ឯម៉ូឌែល 10+ អាចលោតដល់ 6.75 អ៊ីញ ឯណោះ។ ចំណែកនៅខ្នងខាងក្រោយវិញ គឺត្រូវបានរចនាមក អោយកោងគែមសងខាង ដូចខាងមុខដែរ ហើយម៉ូតកាមេរ៉ាវិញ ស្ថិតនៅផ្នែកចំហៀង អមដោយលេនចំនួន 3 គ្រាប់ប៉ុណ្ណោះ និងមាន Flash LED មួយគ្រាប់ សម្រាប់ Note 10 ចំណែក Note 10+ មានលេនសរុបចំនួន 5 គ្រាប់ បូករួមទាំង ToF កាមេរ៉ា ផងដែរ និងមាន Flash LED មួយគ្រាប់ ដូចគ្នា ។

 

 

សរុបមក ចំពោះរូបដែលយើងបានឃើញនេះ គឺស្ថិតនៅក្នុងប្រភពមិនទាន់ផ្លូវការ នៅឡើយទេ ប៉ុន្តែយើងអាចចំណាំទុកសិនបាន ព្រោះពេលខ្លះ រូបគម្រូ ក៏អាចក្លាយជាការពិត ផងដែរ។ យ៉ាងណា សម្រាប់ខ្ញុំ គិតថាបើសិន Galaxy Note 10 មានរចនាបថ ដូចរូបគម្រូចុងក្រោយនេះ វាពិតជាប្លែក បើធៀបជាមួយ Galaxy Note មុនៗ ហើយវាក៏ស្អាតម្យ៉ាង ផងដែរ។ ចុះប្រិយមិត្តអ្នកអានវិញ យល់យ៉ាងណាដែរ? ប្រហែលជាអាចត្រៀមលុយ ឬត្រៀមកាត់ចិត្ត?

 

ដោយ​ ៖ Sam Mobile
អត្ថបទទាក់ទង