មុខងារថ្មីនៅលើ Instagram នឹងអនុញ្ញាតឲ្យអ្នក Block គណនីនរណាម្នាក់ ដោយមិនឲ្យពួកគេដឹងខ្លួន!​
ដោយ​ ៖ Hong | 10 ខែមុន SHARE

 

ក្រុមការងារ Instagram បានចាប់ផ្ដើមបន្ថែមមុខងារ ដ៏មានប្រយោជន៍ទៀតហើយ សម្រាប់ប្រយុទ្ធប្រឆាំង ទៅនឹងការរំខាន ឬនរណាម្នាក់ ដែលចូលចិត្តបញ្ចេញ មតិមិនល្អនៅលើរូប របស់អ្នកប្រើប្រាស់ផងដែរ។ កំណែអាប់ដេត ជំនាន់ចុងក្រោយ បានដាក់ប្រកាសនូវ លក្ខណៈពិសេសៗចំនួន 2 មុខងារបន្ថែមទៀត ដែលជាការព្រមាន នៅពេល ដែលនរណាម្នាក់ សរសេរមតិអវិជ្ជមាន និងមានសមត្ថភាពក្នុងការ ដាក់កំហិតលើគណនីណាមួយ ដោយលែងឲ្យធ្វើការ បន្ដបញ្ចេញមតិ លើអត្ថបទបង្ហោះផ្សេងៗ របស់អ្នកតទៅទៀត។

កាលពីនៅព្រឹតិ្ដការណ៍ F8 ក្នុងខែមេសា កន្លះផុតទៅនេះ Instagram បានបង្ហើបប្រាប់ថា ក្រុមការងាររបស់ខ្លួន កំពុងតែធ្វើការសិក្សាលើ មុខងារសម្រាប់ជំនួយ ប្រឆាំងនឹងអំពើអវិជ្ជមាន នៅលើកម្មវិធីរបស់ខ្លួន។ លក្ខណៈពិសេស ដាក់បង្ហាញកាលពីពេលនោះ មិនបានរារាំងនរណាម្នាក់ មិនឲ្យបញ្ចេញមតិ អាក្រក់ៗនោះទេ ប៉ុន្ដែគ្រាន់តែដាក់បង្ហាញផ្ទាំង “គិតឡើងវិញ” នូវអ្វីដែលពួកគេ កំពុងសរសេរមុនពេល បង្ហោះចេញតែប៉ុណ្ណោះ។ ចំពោះផ្ទាំងព្រមានទាំងនោះ គឺមានបង្ហាញដូចជា “តើអ្នកប្រាកដច្បាស់ទេ ថាចង់បញ្ចេញមតិដូចច្នេះ? ឬក៏ “យើងស្នើរសុំឲ្យលោកអ្នក គិតឡើងវិញអំពីមតិនេះ ដែលវាស្រដៀងទៅនឹង មតិយោបល់មិនល្អ ត្រូវបានគេរាយការណ៍មក” ។ល។ ចំណែកឯលក្ខណៈពិសេស បានបន្ថែមថ្មីៗនៅលើ Instagram គឺត្រូវបានហៅថា “Restrict” ដែលអាចមានប្រយោជន៍ សម្រាប់អ្នកប្រើមួយចំនួន ដែលជួបប្រទះនូវបញ្ហា មាននរណាម្នាក់ បញ្ចេញមតិមិនល្អ និងចូលចិត្តរំខាន ឬក្នុងគោលបំណងអ្វីផ្សេង ដទៃទៀតផងដែរ។ 

 

បើយោងទៅតាម Instagram គឺបានប្រកាសថា មុខងារថ្មីមួយនេះ បានដាក់ឲ្យសាកល្បង នៅតាមបណ្ដាប្រទេស មួយចំនួនសិនតែប៉ុណ្ណោះ ដោយនឹងផ្ដល់ជូន កាន់តែធំទូលាយ នៅក្នុងចុងឆ្នាំនេះ។ ខណៈពេលដែល លោកអ្នក ដាក់បញ្ចូលគណនីណាមួយ ទៅកាន់បញ្ជី Restricted នោះមតិយោបល់ របស់ពួកគេនឹងអាច ធ្វើការមើលឃើញ ត្រឹមតែលោកអ្នក និងពួកគេប៉ុណ្ណោះ ហើយមិនដូចការ Block ធម្មតានោះទេ ដោយសារតែពួកទាំងនោះ នឹងមិនដឹងខ្លួននោះទេ។ ក្រៅពីនេះ លោកអ្នកនឹងអាច បើកមើលសារសន្ទនា ដែលពួកគេផ្ញើឲ្យអ្នក ទាំងមិនដាក់បង្ហាញថា “Read” នោះឡើយ ហើយក៏មិនអាចដឹងថា លោកអ្នកកំពុងអនឡាញ ឬក៏អត់ថែមទៀតផង។

លើសពីនេះទៅទៀត ក្រុមការងារ Instagram ក៏កំពុងតែសិក្សាលើ មុខងារលាក់បាំងចំនួន Like និងមុខងារ “Away Mode” ដែលអនុញ្ញាតឲ្យសម្រោក ឈប់បន្ដប្រើប្រាស់ គណនីរបស់ពួកគេ ក្នុងរយៈពេលខ្លីសិនបាន ផងដែរ។ ការរំខានពីនរណាម្នាក់ តាមរយៈកម្មវិធីបណ្ដាញសង្គម គឺជាបញ្ហាកើតមានឡើង តាំងពីយូរណាស់មកហើយ ដោយក្រុមហ៊ុនបង្កើត កម្មវិធីទាំងអស់នោះ ក៏បានព្យាយាមបញ្ឈប់ សកម្មភាពអវិជ្ជមាន ក៏ប៉ុន្ដែហាក់បីដូចជា មិនអាចកាត់បន្ថយ បានទាំងស្រុងនោះទេ។

ដោយ​ ៖ Mashable
អត្ថបទទាក់ទង