NVIDIA បាន​ជ្រើស​រើស​យក Samsung ធ្វើ​ជា​ក្រុមហ៊ុន​ផលិត​ឈីប 7nm សម្រាប់ GPU ជំនាន់​ក្រោយ!​
ដោយ​ ៖ Hong | 1 ឆ្នាំមុន SHARE

 

នាពេលថ្មីៗនេះ NVIDIA បានបញ្ជាក់ប្រាប់ថា ខ្លួននឹងពឹងផ្អែកលើ Samsung Electronics ដើម្បីធ្វើការផលិត GPU ជំនាន់ក្រោយរបស់ខ្លួន និងបានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសហប្រតិបតិ្តការ ជាមួយក្រុមហ៊ុនផលិត បន្ទះឈីបដ៏ធំបំផុត លើពិភពលោកនេះ រួចជាស្រេចហើយ។ ហេតុដូច្នេះហើយ NVIDIA បានបោះបង់ចោល TSMC ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ ជាយូរណាស់មកហើយ និងជ្រើសរើសយក ស្ថាបត្យកម្មផលិត GPU Ampere ប្រភេទ 7nm EUV ពីក្រុមហ៊ុន Samsung សម្រាប់ពេលនេះវិញ ផងដែរ។ 

ចំណែឯកអ្នកវិភាគទីផ្សារ បានរំពឹងទុកមុនថា NIVIDA នឹងអាចនៅតែ ប្រើប្រាស់ឈីប 7nm ផលិតដោយក្រុមហ៊ុន TSMC ដដែល សម្រាប់ GPU ជំនាន់ក្រោយ ក៏ប៉ុន្ដែដោយសារ Samsung បានកាត់បន្ថយតម្លៃលក់ លើសខ្វះគ្នាឆ្ងាយណាស់ ទើបបានអាចបណ្ដាលឲ្យ NIVIDA ជ្រើសយកតែម្ដង។ ក្រៅពីនេះទៅទៀត ប្រធានក្រុមហ៊ុន NVIDIA ប្រចាំប្រទេសកូរ៉េខាងត្បូង ដែលត្រូវជាលោក Yoo Eung-Joon មិនបាននិយាយប្រាប់ អ្វីច្រើននោះឡើយ អំពីកិច្ចព្រមព្រៀងនេះ ដោយគ្រាន់តែបង្ហើបថា វានឹងមានសារៈសំខាន់ យ៉ាងខ្លាំងផងដែរ។ ទោះបីជាយ៉ាងណា នេះក៏មិនមែនជា លើកទីមួយទេដែល NIVIDA ពឹងផ្អែកខ្លាំងទៅលើ ផលិតផលរបស់ Samsung ដោយរួមមានដូចជា កាតក្រាហ្វិក GTX 1050 និង GTX 1050 Ti ជាដើម។ ចំពោះកាតក្រាហ្វិក NVIDIA ជំនាន់ក្រោយ ដែលផលិតដោយ Samsung គឺត្រូវបានកំណត់ពេល ដាក់លក់ជាផ្លូវការ នៅលើទីផ្សារអន្ដរជាតិ សម្រាប់ឆ្នាំ 2020 ខាងមុខនេះ។

លើសពីនេះទៅទៀត នេះក៏មិនមែនជា លើកទីដំបូងនោះឡើយ ដែលក្រុមហ៊ុន Samsung បានធ្វើការផ្គត់ផ្គង់ ផលិតផលរបស់ខ្លួន ដល់ក្រុមហ៊ុនដទៃទៀត ដោយកាលពីសប្ដាហ៍មុននេះ មានរបាយការណ៍ថ្មី បង្ហាញថា Samsung Electronics បានដឹកជញ្ជូនម៉ូដឹម 5G របស់ខ្លួន ទៅអោយក្រុមហ៊ុនចិន OPPO និង vivo ដើម្បីធ្វើការសាកល្បង និងធ្វើការត្រួតពិនិត្យ ថែមទៀតផង។

ដោយ​ ៖ Sam Mobile
អត្ថបទទាក់ទង