Microsoft បាន​បញ្ចេញ​ហ្គេម Halo: Reach ឲ្យ​តេស្ដ​លេង​លើ​កុំព្យូទ័រ​ហើយ!​
ដោយ​ ៖ Hong | 1 ឆ្នាំមុន SHARE

 

ហ្គេមដ៏ល្បីល្បាញ Halo: Reach ដែលចេញដំបូងនៅលើ ម៉ាស៊ីនហ្គេម Xbox 360 បានមកដល់កុំព្យូទ័រ PC នាពេលឥឡូវនេះហើយ ដោយបញ្ចេញឲ្យតេស្ដលេង តាមរយៈប្រព័ន្ធ Beta ជាមុនសិនផងដែរ។ ទោះជាយ៉ាងណាក៏ដោយ កុំទាន់មានសង្ឃឹមច្រើនថា អ្នកនឹងអាចចូលរួមបាន ដោយសារតែ មានអ្នកចុះឈ្មោះ រហូតពេញអស់បាត់ទៅហើយ ប៉ុន្ដែអ្នកអភិវឌ្ឍន៍ហ្គេមនេះ ក៏មានគម្រោងអញ្ជើញ អ្នកលេងជាច្រើនទៀត នាពេលខាងមុខនេះ។

ការបើកចាប់ផ្ដើម ដាក់ឲ្យតេស្ដលេង លើកដំបូងនេះ គឺមានវិសាលភាពតូចណាស់ ដោយអ្នកលេងទាំងនោះ អាចចូលលេងបានត្រឹមវគ្គ “Tip of the Spear” នៅក្នុងហ្គេម Halo: Reach តែប៉ុណ្ណោះ ហើយបើយោងតាម 343 Industries ដែលជាក្រុមហ៊ុនផលិតហ្គេមនេះ បាននិយាយប្រាប់ថា មានមនុស្យតិចជាង 1,000 នាក់ ដែលត្រូវបានជ្រើសរើស ចូលតេស្ដលេងក្នុងប្រព័ន្ធ Beta នេះ។ ក្រៅពីនេះ នាពេលខាងមុខនេះ អ្នកទាំងអស់គ្នា ក៏អាចមានឱកាសធ្វើការ លេងនៅលើផែនទី Forge Maps ចេញពីក្នុងហ្គេម Halo វគ្គមុនៗ នៅក្នុងហ្គេម Halo: The Master Chief Collection ថែមទៀតផង ប៉ុន្ដែសម្រាប់ពេលបច្ចុប្បន្ននេះ នៅមិនទាន់មាន ថ្ងៃប្រកាសជាផ្លូវការ ជាក់លាក់ នៅឡើយទេ។ 

 

***សូមទស្សនាវីដេអូខាងក្រោម ដែលបង្ហាញអំពីការលេងហ្គេម Halo: Reach នៅលើកុំព្យូទ័រ PC៖

 

 

សរុបមក នាពេលបច្ចុប្បន្ននេះ ហ្គេមដ៏ល្បីល្បាញ Halo: Reach បានដាក់ឲ្យលេង នៅលើកុំព្យូទ័រ PC ជាលក្ខណៈសាកល្បងហើយ និងកំពុងតែមានគម្រោង ដាក់បញ្ចូលជាមួយនឹងហ្គេម Halo: The Master Chief Collection ដោយបន្ទាប់ពីនេះ ហ្គេម Halo: Combat Evolved, Halo 2, Halo 3, Halo 3: ODST ហើយនិង Halo 4 ក៏នឹងត្រូវបានបញ្ចេញ នៅពេលក្រោយៗទៀត។ ចំណែកឯហ្គេមនីមួយៗ នឹងត្រូវបានដាក់លក់ ជាផ្លូវការ នៅក្នុងតម្លៃ $10 ដុល្លារអាមេរិក ដោយលើកលែងតែ Halo 3: ODST មានតម្លៃត្រឹម $5 ដុល្លារតែប៉ុណ្ណោះ ហើយបើការដាក់ឲ្យ លេងសាកល្បង នៅក្នុងប្រព័ន្ធ Beta វិញ គឺឥតគិតថ្លៃនោះឡើយ។

ដោយ​ ៖ Engadget
អត្ថបទទាក់ទង