Apple បាន​សម្រេច​ចិត្ត​ប្ដូរ​ទីតាំង​ផលិត Mac Pro ពី​អាមេរិក ទៅ​លើ​ទឹក​ដី​ចិន​វិញ!​
ដោយ​ ៖ Hong | 1 ឆ្នាំមុន SHARE

 

Apple បានផលិតកុំព្យូទ័រលើតុ Mac Pro ជំនាន់ដំបូងបង្អស់ នៅឯរដ្ឋតិចសាស់ សហរដ្ឋអាមេរិក កាលពីក្នុងឆ្នាំ 2013 ក៏ប៉ុន្ដែកុំព្យូរទ័រ Mac Pro ដែលប្រកាសចេញ ថ្មីៗក្នុងខែមុននេះ នឹងត្រូវបានប្ដូរទីតាំង ផលិតកម្មទៅកាន់ ប្រទេសចិនវិញផងដែរ។ បើយោងទៅតាម ប្រភពសារពត៌មាន គឺបានចេញផ្សាយថា ក្រុមហ៊ុនអេបផល បានចាប់ដៃគូជាមួយ ក្រុមហ៊ុនតៃវ៉ាន់ Quanta Computer Inc ដើម្បីធ្វើការផលិតកុំព្យូទ័រ នៅឯរោងចក្រមួយក្បែរ ទីក្រុងសៀងហៃ។

ចំពោះហេតុផលមួយ គឺបានលើកឡើងថា ការផ្លាស់ប្ដូរទីតាំងនេះ ដើម្បីកាត់បន្ថយថ្លៃចំណាយ ពីព្រោះក្រុមហ៊ុនផ្គត់ផ្គង់ភាគច្រើន ស្ថិតនៅជិតទីក្រុងសៀងហៃ ស្រាប់តែម្ដង។ ទោះជាយ៉ាងណាក្ដី Apple បានឆ្លើយតបថា នៅលើផ្នែកឌីហ្សាញ និងអ្នកវិស្វករ Mac Pro ស៊េរីថ្មីនេះ គឺសុទ្ធតែធ្វើឡើងនៅក្នុង សហរដ្ឋអាមេរិក ហើយរួមបញ្ចូលនូវ សមាសធាតុមួយចំនួន ក៏ត្រូវបានផលិតដោយ ក្រុមហ៊ុនអាមេរិកដូចគ្នា ដោយសម្រាប់ផ្នែកដំឡើង ចុងក្រោយតែប៉ុណ្ណោះ ដែលត្រូវបានប្ដូរទីតាំង។ 

 

លោក Trump បានជម្រុញឲ្យ Apple ផលិតឧបករណ៍ប្រើប្រាស់ នៅក្នុងសហរដ្ឋអាមេរិក ឲ្យបានច្រើនបន្ថែមទៀត ហើយគាតក៏មានផែនការ បន្ថែមពន្ធចំនួន 25% ទៅលើផលិតផល ដែលនាំចូលពីប្រទេសចិន ថែមទៀតផង។ កាលពីសប្ដាហ៍មុននេះ Apple ក៏បានព្យាយាមឲ្យ រដ្ឋាភិបាលអាមេរិក ចៀសវាង ការបន្ថែមពន្ធនេះ ដោយអាចធ្វើឲ្យ ផលិតផលរបស់ខ្លួន ដែលរួមមានដូចជា iPhone, iPad, Mac, AirPods និងថែមទាំង Apple TV មានការបង្កើនតម្លៃ ថ្លៃជាងមុនទៅទៀត។

សរុបមក ក្រុមហ៊ុនផ្លែប៉ោម បានដាក់បង្ហាញកុំព្យូទ័រ Mac Pro ដែលមានតម្លៃខ្ទង់ $6000 ដុល្លារអាមេរិក ក្នុងព្រឹត្ដិការណ៍សន្និសីទ Worldwide Developers Conference កាលពីថ្ងៃទី 3 ខែមិថុនា ឆ្នាំ 2019 និងចាប់ផ្ដើមដាក់លក់ នៅចុងឆ្នាំនេះតទៅ។ លើសពីនេះ Apple នឹងផ្លាស់ប្ដូរ ទីតាំងផលិត Mac Pro (2019) ចេញពីទឹកដីរបស់ខ្លួន ទៅកាន់ប្រទេសចិនវិញ ដើម្បីជៀសវាងថ្លៃ ចំណាយច្រើនផងដែរ។ សូមបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ សហរដ្ឋអាមេរិចលែងដាក់ Huawei ចូលក្នុងបញ្ជីខ្មៅទៀតហើយ អញ្ចឹងអ្វីៗនឹងកាន់តែប្រសើរឡើងហើយ បូករួមទាំងការតម្លើងពន្ធនេះក៏ដូចគ្នា។

ដោយ​ ៖ Ars Technica
អត្ថបទទាក់ទង