ថេប្លេត 2 ម៉ូឌែលទៀតរបស់ Samsung អាចនឹងមានវត្តមានក្នុងពេលខាងមុខជាមួយ Galaxy Tab S5​
ដោយ​ ៖ Sunny | 1 ឆ្នាំមុន SHARE

 

កាលពីម្សិលមិញនេះ យើងបានចុះផ្សាយនូវព័ត៌មានមួយ ពីប្រភពបរទេស  បានបង្ហើបអោយដឹងថា Samsung អាចនឹងត្រៀមបង្ហាញវត្តមាន Galaxy Tab S5 ជំនាន់ថ្មី នៅពេលខាងមុខ អំឡុងខែសីហា ក្នុងឆ្នាំនេះ។ គេបានបញ្ជាក់ទៀតថា ថេប្លេតនឹងជាគូប្រជែងធំជាមួយ iPad Pro ស៊េរីថ្មី របស់ក្រុមហ៊ុន Apple ផ្តោតទៅលើផ្នែកកម្លាំងម៉ាស៊ីន ដែល Samsung អាចនឹងបំពាក់បន្ទះឈីបខ្លាំង Snapdragon 855 ជំនាន់ចុងក្រោយ និងមានលក្ខណៈសម្បត្តិ កាន់តែប្រសើរ ជាច្រើនទៀត។

ដំណឹងមួយនេះ ត្រូវបានទទួលការពេញចិត្តច្រើន ពីសំណាក់អ្នកនិយមប្រើប្រាស់ថេប្លេត និងជាពិសេសហ្វេនរបស់ Samsung ផ្ទាល់ ប្រសិនបើគ្រប់យ៉ាង នឹងក្លាយទៅជាការពិត។ ប៉ុន្តែនន្ទឹមជាមួយគ្នានោះដែរ ក៏មានរបាយការណ៍បន្ថែមថ្មីមួយ បានបញ្ជាក់បន្ថែម Samsung អាចនឹងនាំយកថេប្លេតចំនួន 2 ម៉ូឌែលទៀត ចូលមកបង្ហាញវត្តមាន ក្នុងពេលខាងមុខ ដែលអាចចេញមក តំណាលជាមួយ Galaxy Tab S5។ ចំពោះថេប្លេតទាំង 2 ស៊េរីនេះ ត្រូវបានគេបង្ហាញឈ្មោះថា Galaxy Tab A 8.0 (2019) និង Galaxy Tab Active Pro ដោយមានអម ជាមួយលេខសម្គាល់ម៉ូឌែល។ យ៉ាងណា សម្រាប់ Galaxy Tab Active Pro ត្រូវបានគេប្រទះឃើញ ពីលក្ខណៈសម្បត្តិមួយចំនួន ផងដែរ ដោយវាអាចមានបំពាក់អេក្រង់ទំហំ 8 អ៊ីញ ជាមួយកម្រិតបង្ហាញរូបភាព 800 x 1280 ភិចសែល, មានកាមេរ៉ាមុខមួយ ក្រោយមួយ, ប្រើឈីប Snapdragon 429, រ៉េម 2GB + អង្គផ្ទុកទិន្នន័យ 32GB និងដំណើរការដោយ Android 9 Pie។ 

ជាចុងក្រោយ សម្រាប់វត្តមានថេប្លេត Galaxy Tab A 8.0 (2019) និង Galaxy Tab Active Pro ដែលគេបានអះអាងថា នឹងបង្ហាញក្នុងពេលខាងមុខនេះ គឺអាចអោយយើងជឿ 50/50 សិនបាន និងរង់ចាំតាមបន្តទៀត ទាំងអស់គ្នា។ ចំពោះលក្ខណៈសម្បត្តិ នៅលើ Galaxy Tab Active Pro ដែលបង្ហាញពីខាងលើនេះ គឺអាចសន្មត់បានថា វានឹងស្ថិតក្នុងតម្លៃសមរម្យមួយ អាចអោយអ្នកមានថវិកាល្មមៗ មានឱកាស ទិញប្រើប្រាស់បាន។

ដោយ​ ៖ Android Authority
អត្ថបទទាក់ទង