សមិទ្ធផលជំនាន់ថ្មី 8 មុខរបស់ Xiaomi នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃស្អែក បូករួមទាំង Mi Band 4 ផងដែរ​
ដោយ​ ៖ Sunny | 11 ខែមុន SHARE

 

កាលពីប៉ុន្មានថ្ងៃមុន ក្រុមហ៊ុន Xiaomi បានធ្វើការចេញផ្សាយលិខិតអញ្ចើញមួយ ដើម្បីប្រាប់ពីថ្ងៃដាក់បង្ហាញសមិទ្ធផលជំនាន់ថ្មី របស់ខ្លួន ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី 12 ខែមិថុនា (ស្អែកនេះ) ដើម្បីអោយពិភពលោក បានឃើញ។ ក្នុងនោះ មានប្រភពជិតស្និទ្ធមួយ បានបញ្ជាក់អោយដឹងថា Xiaomi អាចនឹងប្រកាសចេញ ស្មាតហ្វូនជំនាន់ថ្មី ចូលមកដែរ ដែលវាអាចជាម៉ូឌែល Mi 9T ហ្នឹងឯង តែការពិតយ៉ាងណា យើងនឹងបានឃើញច្បាស់ នៅថ្ងៃស្អែកនេះ តែម្តង។

អ្វីដែលយើងទើបនឹងទទួលបាន នៅថ្ងៃនេះ គឺជាដំណឹងថ្មីមួយទៀត ដែលបានបង្ហាញបន្ថែមថា សម្រាប់ព្រឹត្តិការណ៍ធំ នៅថ្ងៃស្អែក ក្រុមហ៊ុនចិន Xiaomi នឹងនាំយកសមិទ្ធផលជំនាន់ថ្មី របស់ខ្លួន ចំនួន 8 មុខ ដើម្បីអោយអ្នកគាំទ្រ និងអ្នកប្រើប្រាស់ទាំងអស់បានឃើញ។ យ៉ាងណា មានរបស់មួយ ក្នុងចំនោមផលិតផលដទៃទៀត ដែលប្រិយមិត្តចង់ឃើញនោះ គឺខ្សែដៃសុខភាពឆ្លាតវៃ Mi Band ជំនាន់ទី 4 ឬហៅថា Mi Band 4 ហ្នឹងឯង។ តាមពិតទៅ យើងក៏ធ្លាប់បានប្រទះពីការលេចធ្លាយជាច្រើន ពាក់ព័ន្ធជាមួយខ្សែដៃសុខភាពស៊េរីនេះ ផងដែរ ដោយគេបានបង្ហើបថា Mi Band 4 នឹងអាចក្លាយជាជំនាន់ដំបូងបង្អស់ របស់ Xiaomi ដែលប្រើប្រាស់ដោយ បន្ទះអេក្រង់ពណ៌ ខុសពី Mi Band ជំនាន់មុនៗ និងមានថាមពលថ្មធំ ជាងមុន ថែមទៀត។

ដូច្នេះ ទាំងនេះដំណឹងថ្មីមួយ សម្រាប់ប្រិយមិត្តរាល់គ្នា ជាពិសេសអ្នកដែលកំពុងរង់ចាំទិញ ខ្សែដៃសុខភាពឆ្លាតវៃ Mi Band 4 ជំនាន់ចុងក្រោយ សម្រាប់ពាក់កណ្តាលឆ្នាំ 2019 នេះ។ អញ្ចឹង កុំភ្លេចណា តាមដានទាំងអស់គ្នា ថាតើសមិទ្ធផលជំនាន់ថ្មីទាំង 8 មុខ ដែល Xiaomi ត្រៀមនឹងបង្ហាញនោះ មានអ្វីខ្លះ? អាចទាក់ចិត្តអ្នក បានប៉ុន្មានមុខ? ហើយខ្ញុំនឹងអាប់ដេតជាព័ត៌មាន ជាបន្តបន្ទាប់ទៀត។

ដោយ​ ៖ Gizmo China
អត្ថបទទាក់ទង