ម៉ាស៊ីន​ហ្គេម Xbox មាន​ឈ្មោះ​គម្រោង Scarlett នឹង​មាន​កម្លាំង​ខ្លាំង​ជាង Xbox One X ដល់​ទៅ 4 ដង​ឯ​ណោះ!​
ដោយ​ ៖ Hong | 1 ឆ្នាំមុន SHARE

 

កាលពីពេលថ្មីៗនេះ Microsoft បានប្រកាសចេញនូវ គម្រោងបង្កើតម៉ាស៊ីនហ្គេម ជំនាន់ក្រោយរបស់ខ្លួន ដែលដាក់ឈ្មោះឲ្យថា Project Scarlett ហើយក៏បានអះអាងថា នឹងទទួលបានល្បឿនលឿនជាង Xbox One X ដល់ទៅចំនួន 4 ដងឯណោះ។ ចំពោះថ្ងែដាក់បង្ហាញ លើទីផ្សារជាផ្លូវការ គឺត្រូវបានប្រាប់ថា “Holidays of 2020” ដែលគេរំពឹងទុកថា ចាប់ពីចន្លោះខែកញ្ញា រហូតដល់ចុងខែធ្នូ ក្នុងឆ្នាំ 2020 តែម្ដង បើយោងទៅតាម របាយការណ៍ ផ្សាយចេញពី ព្រឹត្ដិការណ៍ Electronic Entertainment Expo (E3) ក្នុងទីក្រុង Los Angeles រដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិច។

លោក Phil Spencer ដែលជាប្រធានផ្នែកហ្គេម នៃក្រុមហ៊ុន Microsoft បាននិយាយប្រាប់ថា គ្រឿងម៉ាស៊ីនថ្មីនេះ គឺបង្កើតឡើងជាពិសេស សម្រាប់តែរឿងមួយគត់ គឺការលេងហ្គេម ហើយបានឌីហ្សាញឡើង ដោយក្រុមការងារ បង្កើតម៉ាស៊ីនហ្គេម Xbox One កាលពីមុនដដែល។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើល នោះគឺថាម៉ាស៊ីនថ្មីនេះ នឹងអាចប្រើប្រាស់បច្ចេកវិទ្យា Ray Tracing ជាប់ជានិច្ចរហូត និងទទួលបានកម្រិត Framerate ដល់ទៅ 120 FPS ឯណោះ ដោយទាំងអស់នេះ សុទ្ធតែដំណើរការ នៅលើបន្ទះឈីប Zen 2 ជាមួយនឹងរ៉េមប្រភេទ GDDR6 ហើយកាតក្រាហ្វិក Navi (GPU) ពីក្រុមហ៊ុនផ្គត់ផ្គង់ Advanced Micro Devices (AMD) ថែមទៀតផង។ ម៉ាស៊ីនហ្គេមជំនាន់ក្រោយនេះ នឹងបានភ្ជាប់មក ជាមួយនឹងទំហំផ្ទុក SSD មកស្រាប់តែម្ដង ហេតុដូច្នេះហើយ យើងមិនបាច់រង់ចាំ ផ្ទាំងអេក្រង់ Loading យ៉ាងយូរទៀត នោះទេ។ 

 

***សូមទស្សនាវីដេអូខាងក្រោម ដែលពណ៌នាអំពីម៉ាស៊ីនហ្គេម Xbox Project Scarlett៖

 

 

ជាទីបញ្ចប់ នាពេលដែល Microsoft កំពុងមានគម្រោង ដាក់លក់ម៉ាស៊ីនហ្គេម ស៊េរីថ្មីរបស់ខ្លួន នៅក្នុងចុងឆ្នាំ 2020 សម្រាប់ Sony ឯណោះវិញ ក៏អាចនឹងបញ្ចេញ PlayStation 5 ក្នុងឆ្នាំ តែមួយផងដែរ ដូច្នេះហើយយើងនឹងអាច ប្រទះឃើញមាន ការប្រកួតប្រជែង ដណ្ដើមយកទីផ្សារ រវាងក្រុមហ៊ុនទាំងពីរ ជាក់ជាមិនខានឡើយ។

ដោយ​ ៖ Venture Beat
អត្ថបទទាក់ទង