អាវុធ​ថ្មី​នៅ​ក្នុង​ហ្គេម Fortnite គឺ Storm Flip ជា​ដប​ពិសេស​ផ្ទុក​នូវ​ថាមពល​រន្ទះ!​
ដោយ​ ៖ Hong | 7 ខែមុន SHARE

 

ចំនុចដ៏ពិសេសមួយ អំពីហ្គេមកំពុងពេញនិយម ដែលជាប្រភេទ Battle Royale ដូចជាហ្គេម Fortnite គឺថាការឆ្លងពីមួយវគ្គ ទៅលេងវគ្គផ្សេងទៀត នឹងមិនធ្វើឲ្យមាន លក្ខណៈនៃការលេង ដដែលៗនោះឡើយ ដោយប្រព័ន្ធគ្រប់គ្រងហ្គេម នឹងធានារៀបចំឲ្យ ជួបអ្នកលេង ផ្សេងៗគ្នា ហើយអាវុធក៏កើតនៅ កន្លែងខុសៗគ្នារហូត និងអ្វីដែលសំខាន់បំផុត នោះគឺថាតំបន់ព្យុះ (Storm ឬ Zone) នឹងផ្លាស់ទី រហូតផងដែរ។ ចំណែកឯការធ្វើដូច្នេះ គឺអាចឲ្យអ្នកលេង ចេះកែប្រែយុទ្ធសាស្រ្ដ ពីមួយវគ្គទៅមួយវគ្គ និងចេះរកតំបន់សុវត្ថិភាព ឬបំពាក់នូវអាវុធត្រឹមត្រូវ ដើម្បីរស់រានមានជីវិត ឲ្យបានរយៈពេលយូរ រហូតដល់ទទួលបាន Victory Royale តែម្ដង។

សម្រាប់កំណែអាប់ដេត ជំនាន់ចុងក្រោយបង្អស់ នៅក្នុងហ្គេមដ៏ល្បីល្បាញ Fornite ក្រុមហ៊ុន Epic Games គឺផ្តល់ជូនអ្នកលេងនូវ ការកែប្រែបន្ដិចបន្ដួច និងអាវុធថ្មីៗ ថែមទៀតផង។ ចំពោះអាវុធចេញមកថ្មី នាពេលឥឡូវនេះ គឺមានឈ្មោះថា Storm Flip ដែលជាដបដ៏ពិសេសមួយ មានផ្ទុកនូវរន្ទះ នៅផ្នែកខាងក្នុងវា។ ដបរន្ទះថ្មីមួយនេះ គឺមានសមត្ថភាពខ្លាំង នៅពេលដែលអ្នកលេង បោះវាទៅក្នុងតំបន់ព្យុះ (Zone) នោះវានឹងអាចបង្កើតជា តំបន់សុវត្ថិភាពមួយ (Safe Zone) នៅក្នុងនោះតែម្ដង។ ក្រុមហ៊ុន Epic Games បានប្រកាសប្រាប់ថា អាវុធថ្មីមួយនេះ គឺអាចធ្វើការរកឃើញ នៅខាងក្នុងផ្ទះនានា, នៅក្នុងប្រអប់ហឹប (Chest) និងក្នុងម៉ាស៊ីន Vending Machines ដែលមានរយៈពេល ប្រើប្រាស់ចំនួន 20 វិនាទី បន្ទាប់ពីធ្វើការបោះហើយ។ 

 

ក្រៅពីនេះ ដើម្បីប៉ុនប៉ងចង់ឲ្យ ហ្គេមរបស់ខ្លួន មានតុល្យភាពល្អ ក្រុមហ៊ុន Epic Games បានដកចេញនូវ កាំភ្លើងប្រភេទ Hunting Rifles និងបានបង្កើនពេលវេលា ទៅលើអាវុធ Boom Bow ដើម្បីឲ្យយូរជាងមុន រួចទើបប្រើបានទៀត។ លើសពីនេះ ឧបករណ៍ Drone ដឹកជញ្ជូនអាវុធ នៅខាងក្នុងតំបន់ Hot Zone ក៏ត្រូវបានកែសម្រួល ដើម្បីឲ្យទម្លាក់កាំភ្លើង Sniper និងគ្រាប់បែកតិចតួច ជាងមុនផងដែរ។

 

***សូមទស្សនាវីដេអូខាងក្រោម ដែលបង្ហាញអំពីឈុតខ្លីនៃអាវុធ Storm Flip ថ្មីមួយនេះ៖

 

 

សរុបមក រីឯអត្ថប្រយោជន៍ នៃអាវុធថ្មីមួយនេះ គឺអាចជួយបានច្រើន ក្នុងខណៈពេល Zone បិទជិតអស់ ឬក៏ពេលសង្រ្គោះមិត្តរួមក្រុម ដែលស្ថិតនៅខាងក្រៅ Zone ដោយមិនអាចឲ្យអស់ ឈាមលឿនសោះឡើយ។ នាពេលបច្ចុប្បន្ននេះ កំណែអាប់ដេត ជំនាន់ចុងក្រោយ សម្រាប់ហ្គេម Fortnite គឺត្រូវបានក្រុមហ៊ុន Epic Games  បញ្ចេញឲ្យទាញយក មកដំឡើងហើយ ដូច្នេះប្រិយមិត្តអ្នកអាន អាចធ្វើការសាកល្បង ប្រើប្រាស់អាវុធថ្មីនេះ ដោយខ្លួនឯងតែម្ដង។

ដោយ​ ៖ Engadget
អត្ថបទទាក់ទង