ប្រភេទ​ព្រូន​ថ្មី​ម្យ៉ាង អាច​ចូល​ទៅ​ក្នុង​ខួរ​ក្បាល​មនុស្ស ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​កោះ​ហាវ៉ៃ!​
ដោយ​ ៖ Hong | 7 ខែមុន SHARE

 

នាយកដ្ឋានសុខាភិបាលប្រចាំកោះហាវ៉ៃ បានប្រកាសចេញនូវ ការព្រមានឲ្យបានដឹងថា មានមេរោគដង្កូវព្រូន ជាប្រភេទថ្មីមួយ ដែលអាចបង្កគ្រោះថ្នាក់ ដល់ខួរក្បាលមនុស្ស បន្ទាប់ពីមន្ត្រីជំនាញ បានបញ្ជាក់ប្រាប់ថា ប្រទះឃើញមាន អ្នកទៅទស្សនាកោះហាវ៉ៃ ចំនួនបីនាក់បន្ថែមទៀត ដែលពិនិត្យឃើញថា ឆ្លងមេរោគនេះ។ ហេតុដូច្នេះហើយ នាពេលបច្ចុប្បន្ននេះ គឺមិនមែនជាពេលល្អ សម្រាប់ទៅដើរលំហែកាយ នៅឯកោះហាវ៉ៃ សហរដ្ឋអាមេរិក សោះនោះឡើយ។

ខណៈពេលក្នុងឆ្នាំ 2018 ចំពោះការប្រទះឃើញមាន អ្នកបានឆ្លងនូវ មេរោគដង្កូវព្រូន ប៉ារ៉ាស៊ីតប្រភេទថ្មីមួយនេះ គឺមានដល់ទៅចំនួន 10 ករណី ហើយនិងក្នុងឆ្នាំ 2019 ឥឡូវនេះមានចំនួន 5 ករណីមកហើយ ដោយឡែកសម្រាប់ឆ្នាំ 2017 កន្លងទៅ គឺមានរហូតដល់ទៅ 17 ករណីឯណោះ។ ចំពោះករណីឆ្លងថ្មីៗនេះ គឺបានបង្ហាញឲ្យឃើញថា ការរីករាលដាល និងការកកើតថ្មីៗ នៃប៉ារ៉ាស៊ីតទាំងនេះ គឺផ្ដល់ការបារម្ភ យ៉ាងខ្លាំងផងដែរ។ ចំណែកឯការឆ្លងបន្ដ ទៅកាន់មនុស្យទាំងអស់ គឺបណ្ដាលមកពី ការបរិភោគបន្លែ ឬក៏ផលិតផលផ្សេងទៀត ដែលត្រូវបានសត្វខ្យងមានជំងឺប៉ះ កាលពីមុនពេល ត្រូវបានគេយកមកលក់ នៅលើទីផ្សារនានា។

 

ដង្កូវព្រូនប៉ារ៉ាសិតនេះ ដែលកំពុងរីករាលដាល គឺមានឈ្មោះថា Rat Lungworm ឬក៏ហៅថា Angiostrongylus Cantonensis ដោយមេរោគមួយនេះ ជាទូទៅកើតឡើងចេញពី ក្នុងសួតរបស់សត្វកណ្តុរ ហើយក៏ជាកន្លែងសម្រាប់ ដង្កូវព្រូនញីរក្សាទុក ស៊ុតរបស់ពួកវាផងដែរ។ ដង្កូវព្រូន ដែលទើបនឹងកើត គឺត្រូវចាកចេញពីសំបុក ដើម្បីរកកន្លែងផ្សេងទៀត ក្នុងពេលភ្លាមៗតែម្ដង ហេតុដូច្នេះហើយ ករណីកើនឡើង មានសភាពលឿនមែនទែន។ មិនយូរមិនឆាប់ សត្វកណ្តុរ ដែលមានផ្ទុក មេរោគដង្កូវព្រូន ទាំងអស់នោះ នឹងអាចជុះចេញ ពពួកប៉ារ៉ាស៊ីតកើតថ្មីៗ ហើយបន្ទាប់មក ក៏ត្រូវចាប់យកដោយ សត្វខ្យងផ្សេងៗទៀត ដែលនឹងទៅស៊ីបន្លែ ដាំដោយមនុស្យផងដែរ។ 

សម្រាប់មនុស្យយើង បន្ទាប់ពីបរិភោគបន្លែ ទាំងអស់នោះហើយ គឺហាក់បីដូចជា សត្វកណ្តុរទាំងនោះ អញ្ចឹងដែរ ដោយពពួក ដង្កូវព្រូនកើតថ្មីៗ អាចធ្វើដំណើរចូល ទៅកាន់ខួរក្បាលបាន ទោះបីជាយ៉ាងណា ចំពោះប៉ារ៉ាស៊ីតមួយចំនួន មិនមានជីវិតរស់រាន យូរអង្វែងនោះទេ និងមិនអាចឆ្ពោះទៅកាន់ សួតរបស់មនុស្យឡើយ ផ្ទុយទៅវិញបែរជា ត្រូវបានងាប់ នៅកន្លែងមួយចំនួន ដូចជានៅខាងក្នុង ប្រព័ន្ធសរសៃ ប្រសាទកណ្តាល។ល។ ប្រសិនបើមនុស្យណាមួយ ត្រូវបានឆ្លងរួចទៅហើយ នោះអ្នកទាំងអស់នោះ នឹងអាចជួបនូវការ ប្រែប្រួលខុសៗគ្នា ប៉ុន្ដែជួនកាលអាចធ្វើឲ្យ ឈឺក្បាល, រឹងកខ្លាំង, មានការឈឺចាប់ផ្សេងៗ, កម្រិត Fever ចុះទាប, ចង់ក្អួត និងក្អួតច្រើនតែម្ដង។

សរុបមក នាពេលបច្ចុប្បន្ននេះ ហាក់បីដូចជាមានតែ នាយកដ្ឋានសុខាភិបាល នៃកោះហាវៃប៉ុណ្ណោះ ដែលបានប្រកាសចេញនូវ ការប្រុងប្រយ័ត្នមួយនេះ ក៏ប៉ុន្ដែមិនប្រាកដថា ប្រជាជនរស់នៅ ប្រទេសដទៃទៀត ដូចជាស្រុកយើង មិនគួរឲ្យបារម្ភនោះទេ ហេតុដូច្នេះហើយ យល់ល្អត្រូវតែងតែ សំអាតម្ហូបអាហារ ឲ្យបានស្អាតល្អ មុននឹងបរិភោគ ដើម្បីជៀសវាង កើតមានឡើងនូវ ករណីឆ្លងដូចខាងលើនេះ។

ដោយ​ ៖ Ars Technica
អត្ថបទទាក់ទង