Mi​ Band ​4​ អាច​នឹង​មាន​ផ្ទៃ​អេក្រង់​ពណ៌​វិញ​ម្តង​ជាមួយ​ទំហំ​ 0.95​ អ៊ីញ​ និង​មាន​មុខងារ​បន្ថែម​ថ្មី​មួយ​ចំនួន​
ដោយ​ ៖ Sunny | 8 ខែមុន SHARE

 

Mi Band 3 គឺជាខ្សែដៃឆ្លាតវៃ ជំនាន់ទី 3 របស់ក្រុមហ៊ុន Xiaomi ដែលទទួលបានប្រជាប្រិយភាពខ្ពស់ និងលក់ដាច់បានច្រើន ទៅកាន់សំណាក់អ្នកប្រើប្រាស់ លើសពីការរំពឹងទុក ព្រោះតម្លៃក៏ធូរថ្លៃ និងមានមុខងារដែលផ្តល់ជាអត្ថប្រយោជន៍ ដល់អ្នកដែលបានពាក់វា។ ទៅលើភាពជោគជ័យនេះដែរ យើងបានទទួលដំណឹងមួយបង្ហាញថា Xiaomi មានគម្រោងក្នុងការចាប់ផ្ដើម បញ្ចេញនូវ Mi Band ជំនាន់ថ្មីមួយទៀត សម្រាប់នៅក្នុងឆ្នាំ 2019 នេះ ដើម្បីបន្ថែមភាពទាន់សម័យ ដល់អ្នកប្រើប្រាស់។

ជាក់ស្តែង ក្នុងនៅពេលថ្មីៗនេះ ដំណឹងពាក់ព័ន្ធជាមួយ Mi Band ជំនាន់ថ្មី ក៏បានមកដល់ជាបន្តទៀត តាមរយៈការបង្ហាញចេញពីប្រភព Gizchina ទៅលើចំនុចលក្ខណៈសម្បត្តិខ្លះៗ រួមទាំងរូបភាពផ្ទៃមុខ ខ្សែដៃឆ្លាតវៃជំនាន់ទី 4 ហ្នឹង។ យោងតាមប្រភព និងរូបភាពខាងក្រោម បានអោយដឹងថា Mi Band 4 អាចនឹងមានផ្ទៃអេក្រង់ធំជាងមុន ជាមួយទំហំ 0.95 អ៊ីញ ខណៈ Mi Band 3 មានទំហំអេក្រង់ ត្រឹមតែ 0.78 អ៊ីញ។ វានឹងនៅតែជាអេក្រង់ OLED ដដែល ប៉ុន្តែមិនមែនជាអេក្រង់ ស-ខ្មៅ ទៀតឡើយ ដោយជំនួយមកវិញ ជាអេក្រង់ពណ៌ ដែលនឹងកាន់តែពិសេស មួយកម្រិតទៀត។ បើទៅលើមុខងារប្រើប្រាស់ សម្រាប់ Mi Band 4 អាចនឹងទទួលបានការបន្ថែមថ្មី មួយចំនួនទៀត ដែលរឹតតែផ្តល់ជាអត្ថប្រយោជន៍ ដល់អ្នកដែលបានពាក់វា។ ចំពោះផ្នែកតម្លៃវិញ ប្រភពខាងលើមិនទាន់បានបញ្ជាក់ អោយយើងដឹងនៅឡើយ ថាតើ Xiaomi នឹងតម្លើងថ្លៃបន្តិចបន្តួច ឬច្រើនជាងនោះទេ ខណៈតម្លៃ Mi Band 3 គឺក្រោម 30 ដុល្លារប៉ុណ្ណោះ។

សរុបមក នេះអាចជាព័ត៌មានលេចធ្លាយមួយថ្មី ពាក់ព័ន្ធជាមួយខ្សែដៃឆ្លាតវៃ ជំនាន់ទី 4 ដែលយើងអាច កត់ចំណាំទុកសិនបាន ហើយយើងក៏មិនទាន់ហ៊ានអះអាងថា វានឹងដូចអ្វី ដែលគេបង្ហាញពីខាងលើ ឬយ៉ាងណានោះដែរ ប៉ុន្តែបើសិនជាមានដំណឹងបន្ថែមផ្សេងៗទៀត យើងនឹងធ្វើការអាប់ដេតជាព័ត៌មាន ដោយប្រិយមិត្តរាល់គ្នា បានអានជាបន្តបន្ទាប់ នៅពេលក្រោយ។

 

វីដេអូ Review ពី Mi Band 3: Sunny

 

ដោយ​ ៖ Giz China
អត្ថបទទាក់ទង