កាស​ឥត​ខ្សែ OnePlus Bullets Wireless 2 ត្រូវ​បាន​ដាក់​លក់​ក្នុង​តម្លៃ $99 លើ​គេហទំព័រ​ផ្លូវ​ការ!​
ដោយ​ ៖ Hong | 1 ឆ្នាំមុន SHARE

 

ស្របពេលជាមួយនឹងព្រឹត្ដិការណ៍ ប្រកាសចេញ ស្មាតហ្វូនម៉ូឌែល OnePlus 7 និងម៉ូឌែល OnePlus 7 Pro ជាផ្លូវការ នៅឯទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្រុមហ៊ុនចិន OnePlus ក៏បានធ្វើការដាក់បង្ហាញ កាសឥតខ្សែជំនាន់ទី 2 របស់ខ្លួន ថែមទៀតផង។ កាសឥតខ្សែនោះ គឺមានឈ្មោះថា OnePlus Bullet Wireless 2 ដែលត្រូវបានបន្ថែមមុខងារ សំខាន់ៗបានច្រើនជាងមុន ហើយមានសមត្ថភាពខ្លាំងជាងមុន និងព្រមទាំងបាន បង្កើនតម្លៃផងដែរ។

លើសពីនេះទៅទៀត មិនត្រឹមតែឈ្មោះនោះឡើយ ដែលត្រូវបានផ្លាស់ប្ដូរ OnePlus ក៏បានធ្វើការ កែប្រែការឌីហ្សាញខាងក្រៅ បន្ដិចបន្ដួច របស់កាសឥតខ្សែ OnePlus Bullet Wireless ជំនាន់ថ្មីមួយនេះ ថែមទៀតផង។ ក្រុមហ៊ុន OnePlus បានសម្រេចចិត្តដក ការរចនាបថបែប លក្ខណៈវែងស្រួច ទៅជារាងមូលតូចវិញ ដែលអាចធ្វើឲ្យ មានភាពងាយស្រួល ក្នុងការពាក់ស្ដាប់ ហើយមើលទៅសាមញ្ញ ជាងជំនាន់ដំបូងផងដែរ។ ទោះបីជាយ៉ាងក៏ដោយ សម្រាប់ការឌីហ្សាញ ផ្សេងៗទៀត គឺនៅរក្សារូបរាងដដែល ដោយមិនបានអាប់ដេត ឲ្យកាសឥតខ្សែរបស់ខ្លួន ទទួលបានការឌីហ្សាញ ដូចទៅនឹងកាសឥតខ្សែ Apple AirPods ឬក៏ Samsung Galaxy EarBuds នៅឡើយនោះទេ។

 

កាសប៊្លូធូសឥតខ្សែ OnePlus Bullet Wireless 2 គឺត្រូវបានភ្ជាប់មក ជាមួយនឹងឧបករណ៍ Driver ដល់ទៅចំនួន 3 ឯណោះ ដើម្បីសម្រាប់ធ្វើឲ្យបាស (Bass) មានសភាពខ្លាំងជាមុន ហើយក៏អាចប្រើប្រាស់ ជំនួយការ ឌីជីថល Google Assistant ចេញពីប្រអប់ស្រាប់តែម្ដង។ ក្រៅពីនេះទៅទៀត ក្រុមហ៊ុន OnePlus ក៏បានធ្វើការអាប់ដេត ឧបករណ៍ ភ្ជាប់ប៊្លូធូស ឲ្យកាន់តែល្អប្រសើរជាងមុន ដោយដំឡើងពីជំនាន់ 4.1 ទៅដល់ជំនាន់ 5.0 ដើម្បីឲ្យការតភ្ជាប់ មានស្ថេរភាពខ្លាំង។ សម្រាប់ផ្នែកថាមពលថ្មវិញនោះ ក្រុមហ៊ុនចិនមួយនេះ បានបញ្ជាក់ប្រាប់ថា កាសឥតខ្សែជំនាន់ទី 2 របស់ខ្លួន នឹងអាចប្រើប្រាស់បាន រយៈពេល 14 ម៉ោងឯណោះ ហើយដោយគ្រាន់តែ ធ្វើការសាកថ្មត្រឹមរយៈពេល 10 នាទី នោះអ្នកនឹងអាច ប្រើប្រាស់បានដល់ទៅ 10 ម៉ោងផងដែរ។

សរុបមក ខណៈពេលដែល កាសប៊្លូធូសឥតខ្សែ OnePlus Bullet Wireless 2 ត្រូវបានបំពាក់មកនូវ បច្ចេកវិទ្យា aptXHD ដែលកាលពីកាសឥតខ្សែ OnePlus Bullet Wireless ជំនាន់ដំបូងបង្អស់ គឺបានប្រើប្រាស់ ត្រឹមបច្ចេកវិទ្យា AptX ស៊េរីធម្មតាតែប៉ុណ្ណោះ។ ចំពោះតារាងតម្លៃវិញនោះ គឺថាក្រុមហ៊ុន OnePlus បានចាប់ផ្ដើម ដាក់លក់ក្នុងតម្លៃ $99 ដុល្លារ នៅឯទីផ្សារ សហរដ្ឋអាមេរិក ដោយដាក់លក់ក្នុងតម្លៃ $110 ដុល្លារ នៅក្នុងទីផ្សារចក្រភពអង់គ្លេស ហើយចេញលក់ក្នុងតម្លៃ $85 ដុល្លារតែប៉ុណ្ណោះ ក្នុងទីផ្សារប្រទេសឥណ្ឌា។

ដោយ​ ៖ Gizmo China
អត្ថបទទាក់ទង