តើពាក្យថា “ទូរសព្ទ និងស្មាតហ្វូន” អ្នក​ចេះ​ប្រើ​ប្រាស់​វា​បាន​ត្រឹម​ត្រូវ​ឬ​នៅ? វា​ទាំង​ពីរ​នេះ មិន​ដូច​គ្នា​ឡើយ!​
ដោយ​ ៖ Ti | 1 ឆ្នាំមុន SHARE

 

ការវិវត្តខ្លួននៃទូរសព្ទ កើតមានឡើងយ៉ាងឆាប់រហ័ស គឺចាប់តាំងពីម៉ាស៊ីនសម្រាប់តែ និយាយគ្នាតាមខ្សែ រហូតការ Call ផ្ញើសារ SMS និង MMS ឥតខ្សែ និងបន្តអភិវឌ្ឍន៍ ទៅជាស្មាតហ្វូន ដែលមានសមត្ថភាព ដំណើរការមុខងារច្រើន ក្នុងពេលតែមួយ អាចជួយឲ្យកិច្ចការងារប្រចាំថ្ងៃ របស់យើងមួយចំនួន អាចបញ្ចប់ទៅ ដោយរួចរាល់។ ទោះបីជាយ៉ាងណាក៏ដោយ ខេមបូរីផត សង្កេតឃើញថា មានប្រិយមិត្តមួយចំនួន ក៏ដូចជាហាងលក់ ផលិតផលនានា នៅមិនទាន់ប្រើប្រាស់ពាក្យថា “ទូរសព្ទ” និង “ស្មាតហ្វូន” បានត្រឹមត្រូវនៅឡើយទេ ហេតុដូច្នេះអត្ថបទព័ត៌មាននេះ ខេមបូ ចង់ធ្វើការបកស្រាយខ្លីៗ ងាយស្រួលយល់ទៅដល់ អ្នកទាំងអស់គ្នា កុំឲ្យយល់ច្រឡំទៀត។

 

 

តាមការពិតទៅក្នុងជីវភាពរស់នៅបច្ចុប្បន្ន បើអ្នកឮពាក្យថា ទូរសព្ទ និងស្មាតហ្វូន យើងអាចនិយាយបានថា យើងអាចយល់បានថា វាគឺជាប្រភេទពាណិជ្ជកម្ម ការផ្សព្វផ្សាយ ឬដំណឹងណាមួយផ្ដោត ទៅលើទូរសព្ទ តែនៅពេលយើង បែងចែកឲ្យដាច់ និងសិក្សាលម្អិតទៅឃើញថា ពាក្យទាំងពីរនេះ វាមិនដូចគ្នានោះទេ។ យ៉ាងណាក៏ដោយ បើប្រិយមិត្តអ្នកអានមួយចំនួនដឹងថា វាខុសប្លែកគ្នាត្រង់ចំនុច ណាខ្លះហើយនោះ អត្ថបទមួយនេះមិនមែន សម្រាប់អ្នកទេ តែបើអ្នកនៅមិនទាន់យល់ច្បាស់ នេះគឺជាចំនុចចាប់ផ្ដើម ដែលអាចឲ្យអ្នកដឹងបន្ថែម ពីភាពខុសប្លែកគ្នាដូចតទៅ៖

 

ទូរសព្ទ (Cellphone)

 

ទូរសព្ទ គឺជាម៉ាស៊ីនសម្រាប់ទំនាក់ទំនងគ្នា ទៅវិញទៅមក វាមិនអាចធ្វើការបានច្រើនក្នុង ពេលតែមួយនោះទេ វាគឺប្រភេទម៉ាស៊ីន ដែលអាចរត់មុខងារបាន មួយចំនួនតូចប៉ុណ្ណោះដូចជា និយាយ ផ្ញើសារជាអក្សរ រូបភាពសខ្មៅ ជាដើម។ ជាងនេះទៅទៀត ការវិវឌ្ឍន៍ខ្លួននៃ Cellphone ក៏បានបន្ថែមមកជាមួយនឹង អេក្រង់ពណ៌ អាចលេងហ្គេមតូចៗ មានកាមេរ៉ាកម្រិតទាប និងប្រើអ៊ិនធឺណិតជាដើម ដូចជាទូរសព្ទម៉ាក Samsung, LG, Motorola ដែលចេញនៅចន្លោះឆ្នាំ 2005 ទៅ 2010 ជាដើម ដែលកាលនោះ គឺនៅមិនទាន់ចេញ ប្រព័ន្ធប្រតិបត្តិការ វៃឆ្លាតដូចជា Android និង iOS នៅឡើយទេ។ ហើយបើយើងមើលទៅ Nokia ស៊េរីចុចពិលស៊េរី 2019 ក៏មិនធម្មតាដែរ វាគឺជាប្រភេទទូរសព្ទធម្មតាទេ តែអាចដំណើរការ មុខងារផ្សេងៗគ្នាបាន អាចលេងអ៊ិនធឺណិត តែមិនរហ័សទាន់ចិត្ត អាចរត់មុខងារច្រើនក្នុង ពេលតែមួយបានឡើយ។ ចំណុចគោលរបស់ ទូរសព្ទ គឺប្រើបានត្រឹមតែ call ចេញចូល និងផ្ញើសារជាអក្សរប៉ុណ្ណោះ និងជាទូទៅ វាគ្មានប្រព័ន្ធប្រតិបត្តិការណ៍ (OS) ឡើយ។

 

 

ទូរសព្ទវៃឆ្លាត ឬ ស្មាតហ្វូន (Smartphone)

 

សម្រាប់ម៉ាស៊ីនស្មាតហ្វូនវិញ វាគឺជាម៉ាស៊ីនដែលមហាជនទូទៅ កំពុងកាន់ប្រើប្រាស់ នាពេលបច្ចុប្បន្ន វាគឺជាម៉ាស៊ីន ដែលអាចធ្វើការច្រើនលើ មុខងារផ្សេងៗគ្នាក្នុងពេលតែមួយ អាចហៅម៉្យាងទៀតថា កូនកាត់កុំព្យូទ័រ មានខួរក្បាលល្បឿនលឿន កាមេរ៉ាថតច្បាស់ អាច Call ចេញចូល/ផ្ញើសារបាន អាចលេងហ្គេម កែរូបភាព កាត់តវីដេអូកម្រិតមធ្យម  ប្រើប្រាស់បណ្ដាញសង្គម ផ្ទេរប្រាក់ វាស់ចង្វាក់បេះដូង មើលជំហានដើរ សាកថ្មទៅកាន់ឧបករណ៍ផ្សេង និងជាច្រើនផ្សេងទៀត ដែលទូរសព្ទមិនអាចធ្វើទៅបាន។

 

ម្យ៉ាងវិញទៀតស្មាតហ្វូន ក៏មានការវិវត្តខ្លួនមិនធម្មតាដែរ គឺវិវត្តខ្លួនខ្លាំងមែនទែន សម្រាប់រយៈពេលប៉ុន្មានឆ្នាំមកនេះ គឺតាំងពីអេក្រង់កម្រិត Ratio ធម្មតា ទៅជាអេក្រង់លាតសន្ធឹងធំ អាចធ្វើការដោះសោរ ដោយស្កេនក្រយៅដៃ ស្កេនមុខ ស្កេនប្រស្រីភ្នែក រហូតស្កេនលើអេក្រង់ក៏មាន។ ដើម្បីឲ្យពពួកស្មាតហ្វូន ដំណើរការបានក៏អាស្រ័យ ទៅលើប្រព័ន្ធប្រតិបត្តិការណ៍ដែរ ដោយពីមួយជំនាន់ ទៅមួយជំនាន់ វាឆ្លាតជាងមុន មានមុខងារ AI មុខងារជំនួយតាមរយៈការ បញ្ជាដោយសម្លេងជាអាទិ៍។

 

 

ប្រព័ន្ធប្រតិបត្តិការ

 

ក្រៅពីមើលដឹងថា តើវាគឺជាប្រភេទទូរសព្ទ ឬស្មាតហ្វូនហើយនោះ ចំនុចសំខាន់ ដែលអាចឲ្យយើងបែងចែកថា មួយណាជាម៉ាស៊ីនប្រភេទមួយណានោះ វាក៏អាស្រ័យទៅលើ ប្រព័ន្ធប្រតិបត្តិការនេះតែម្ដង ជាចំនុចស្នូលបើកសិទ្ធិ ឲ្យផ្នែករឹងសំខាន់ៗ ដំណើរការបានទៅតាមកូដ ដែលត្រូវបានសរសេរ និងកំណត់ឲ្យវាដំណើរការចេញពីក្រុងមហ៊ុន ឬរោងចក្រ។ មិនតែប៉ុណ្ណោះ ប្រព័ន្ធប្រតិបត្តិការណ៍ នេះទៀតសោត គឺដើរតួយ៉ាងសំខាន់ ក្នុងការធ្វើឲ្យស្មាតហ្វូនមួយមានជីវិត ឬមានសមត្ថភាពត្រឹមឲ្យ ទូរសព្ទមួយដំណើរការ តាមការកំណត់។ បច្ចុប្បន្ន ប្រព័ន្ធប្រតិបត្តិការ ដែលមានភាពវៃឆ្លាត និងកំពុងពេញនិយមបំផុត ដែលមនុស្សភាគច្រើនលើ ភពផែនដីកំពុងប្រើប្រាស់មាន 2 គឺ Android និង iOS ជាប្រភេទ Operating System មានមុខងារវៃឆ្លាត អាចជួយកិច្ចការងារ របស់យើងបានច្រើន។

 

 

ហេតុនេះការវែកញែក និងបែងចែកឲ្យបានដាច់ស្អាតរវាង ទូរសព្ទ និងស្មាតហ្វូន គឺមិនមានអ្វីពិបាកឡើយ ដោយនិយាយឲ្យខ្លីទៅគឺថា បើអ្នកកំពុងប្រើប្រាស់ម៉ាស៊ីន ពុំមានមុខងារច្រើន ប្រើបានជាគោល ត្រឹម Call ចេញចូល និងផ្ញើសារជាអក្សរ ពុំមានអេក្រង់ Touchscreen ពុំមានដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការក្រៅពី Android និង iOS យើងអាចកំណត់ថា វាគឺជាទូរសព្ទធម្មតាបាន។ 

 

តែបើម៉ាស៊ីនមានអេក្រង់ Touchscreen ហើយដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ ដូចបានបញ្ជាក់ខាងលើ វាគឺជាប្រភេទស្មាតហ្វូនហើយ បើទោះបីជាម៉ាស៊ីនខ្លះចេញ ច្រើនឆ្នាំទៅហើយក្ដី តែវានៅតែជាខ្សែស្រឡាយ ទូរសព្ទវៃឆ្លាត (Smartphone) អញ្ចឹងដែរ ព្រោះវាគឺជាការវិវត្តខ្លួន ទាំងផ្នែក Hardware និង Software បញ្ចូលគ្នា ទើបអាចបង្កើតបានជា Smartphone មួយគ្រឿង ដែលមានភាពវៃឆ្លាត។

 

 

ខេមបូរីផត សង្ឃឹមថា អ្នកនឹងទទួលបានចំនេះដឹងបន្ថែម និងអាចប្រើប្រាស់ពាក្យបានត្រឹមត្រូវ ព្រោះយើងមិនអាច​ប្រើប្រាស់ពាក្យដដែលៗ បាននោះទេ ខណៈពេលដែលបច្ចេកវិទ្យា តែងតែចេញថ្មីឥតឈប់ឈរ ដូចនេះ យើងត្រូវអភិវឌ្ឍន៍ដេញ​ឲ្យទាន់ជំនាន់ដែរ ទើបបាន។ ទូរសព្ទ គឺ ទូរសព្ទ,  ស្វាតហ្វូន គឺ ស្មាតហ្វូន,  និងមិនមានទូរសព្ទស្មាតហ្វូនឡើយ។

 

ដោយ​ ៖ Cambo Report
អត្ថបទទាក់ទង