Apple នឹង​បញ្ចេញ iOS 12.1 ឆាប់​ៗ​នេះ ដើម្បី​ដោះ​ស្រាយ​បញ្ហា​សាក​ថ្ម​មិន​ចូល​
ដោយ​ ៖ Sunny | 1 ឆ្នាំមុន SHARE

 

ទាក់ទងនឹងបញ្ហាទូរសព្ទ iPhone សាកថ្មមិនចូល ឬសាកច្រើនដង ទើបចូលនោះ វាបានក្លាយទៅជាប្រធានបទ ជជែកវែកញែកមួយ យ៉ាងគំហុក ពីសំណាក់អ្នកប្រើប្រាស់ iOS និងមានលាយចូលខ្លះៗ ពីប្រិយមិត្ត Android ផងដែរ។ ចំពោះបញ្ហានេះ ត្រូវបានមតិជាច្រើន លើកឡើងថា វាអាចបណ្តាលមកពីការតម្លើងទៅ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 12 ជំនាន់ថ្មី ដែលវាមិនពាក់ព័ន្ធនឹងផ្នែក Hardware នៃម៉ាស៊ីនទូរសព្ទឡើយ។

ក្នុងនោះ មានបណ្តាជនរងគ្រោះជាច្រើន ដែលជួបបញ្ហានេះ បានធ្វើការ Report យ៉ាងសស្រាក់សស្រាំទៅកាន់ Apple អោយបានដឹង និងរកវិធីដោះស្រាយ សម្រាប់ពួកគេ។

 

ជាក់ស្តែង ថ្មីៗនេះ ក្រុមហ៊ុនផ្លែប៉ោម ក៏បានចេញមុខទទួលស្គាល់ លើបញ្ហាមួយនេះ ហើយដែរ ជាមួយការបញ្ជាក់ថា៖ ពាក់ព័ន្ធនឹងបញ្ហាសាកថ្ម មិនចូលលើ iPhone XS & XS Max រួមទាំងម៉ូឌែលផ្សេងៗ ដែលបាន តម្លើង iOS 12  ជំនាន់ផ្លូវការ គឺកើតឡើងតែនៅលើ តំបន់មួយចំនួន និងលើម៉ាស៊ីន iPhone មួយផ្នែក តូចប៉ុណ្ណោះ។ យ៉ាងណា Apple បានបន្ថែមថា ឆាប់ៗខាងមុខនេះ កំណែអាប់ដេត iOS 12.1 នឹងបញ្ចេញអោយ ប្រើប្រាស់ ជាសារធារណៈហើយ ដោយវានឹងដោះស្រាយបញ្ហា សាកថ្មមិនចូល ដែលប្រិយមិត្ត កំពុងជួបប្រទះលើ iPhone, បញ្ហាស៊ីថ្មដូចទឹក បាក់ទំនប់, ផ្តល់ជូនរូប Emoji ថ្មីចំនួន 70 រូប, Group FaceTime និងដំណើរការ Support eSim អោយកាន់តែប្រសើរ ថែមទៀតផង។

ចំពោះពេលវេលានៃការទម្លាក់ចេញនូវ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 12.1 មិនទាន់ត្រូវបានខាង Apple ធ្វើការបញ្ជាក់ អោយបានដឹងច្បាស់ នៅឡើយទេ ថាវាមកដល់ នៅពេលណា? ប៉ុន្តែយើងជឿជាក់ថា វានឹងមិនយូរនោះទេ សម្រាប់ការមកដល់ នៃកំណែអាប់ដេតថ្មីនេះ រួមជាមួយដំណោះស្រាយ បញ្ហាខាងលើ។  

ដោយ​ ៖ GSM Arena
អត្ថបទទាក់ទង