គម្រោង​ដ៏​អស្ចារ្យ ផ្លូវ​រថភ្លើង​ក្រោម​សមុទ្រ ភ្ជាប់​ពី​ប្រទេស​ចិន​ទៅ​តៃវ៉ាន់!​
ដោយ​ ៖ Phearum | 1 ឆ្នាំមុន SHARE

 

វិស័យស្ថាបត្យកម្ម ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងមហាយក្សចិន ពិតជារីកចម្រើនខ្លាំង អាចនិយាយថាមិនចាញ់ ប្រទេសជប៉ុន និងមហាអំណាចធំៗឡើយ។ កន្លងមក យើងធ្លាប់បានឃើញអំពីរថភ្លើង បើកបរលើផ្លូវដែក នៅលើផ្លូវទំនាបធម្មតា, ហើយក៏ឃើញរថភ្លើង បើកបរនៅក្រោមដី ឬកាត់រូងភ្នំ, បន្ទាប់មកទៀតបើកបរ នៅលើអាកាស ដោយសង់ផ្លូវខាងលើ ពិសេសនៅក្នុងទីក្រុង, ពេលនេះ យើងនឹងឃើញរថភ្លើងបើកបរ នៅក្រោមសមុទ្រទៀត។ 

រថយន្ដភ្លើងបើកបរនៅក្រោមសមុទ្រមិនមែនជារឿងថ្មីនោះទេ ព្រោះគម្រោងនេះ ត្រូវបានគេគ្រោង ធ្វើជាង ១០០ ឆ្នាំមកហើយ ប្រិយមិត្តមួយចំនួន ក៏ធ្លាប់បានឃើញរថភ្លើង រត់ក្រោមសមុទ្រ ពីប្រទេសបាំរាំង ទៅចក្រភពអង់គ្លេសដែរ មានឈ្មោះថា Channel Tunnel ដោយវារត់នៅក្រោមសមុទ្រ មានចំងាយប្រហែល ៥០ គីឡូម៉ែត្រ បើកដំណើរការ តាំងពីទសវត្សទី ៩០ មកម្ល៉េះ។ ចំណែកប្រទេសចិន ឯណេះវិញ ក៏មានគម្រោងយូរមកហើយដែរ អំពីការកសាងផ្លូវរថភ្លើង រត់ក្រោមសមុទ្រពីចិន ដីគោក ទៅកោះតៃវ៉ាន់ ដែលជាប្រទេសមួយ បានបំបែកខ្លួនចេញពី ចិនតាំងពីឆ្នាំ ១៩៤៩ មកម្ល៉េះ ក្នុងសង្គ្រាមមនោគមន៍វិទ្យា រវាងបក្សកុម្មុយនីសចិន និងបក្សសាធារណរដ្ឋ ប្រជាមានិតចិន ហើយការសង់ផ្លូវ រថភ្លើងភ្ជាប់នេះ ក្នុងគោលបំណងភ្ជាប់ ទំនាក់ទំនង កាន់តែល្អឡើងវិញ និងបង្រួបបង្រួម ចំណងទឹកដី។

គម្រោងសាងសង់នេះ ត្រូវបានគេចេញជាផ្លូវការនៅក្នុងឆ្នាំ ២០១៦ ដោយត្រូវបានពិពណ៌នា ដោយលោកសាស្ដ្រាចារ្យ Zhu Hehua នៅសាកលវិទ្យាល័យ Tongji និងជាប្រធានផ្នែកសំណង់ ក្រោមដីផងដែរ លោកបាននិយាយថា ក្នុងការសាងសង់រថភ្លើង ក្រោមសមុទ្រពីចិន ដីគោក ទៅកោះតៃវ៉ាន់នេះ គឺយើងត្រូវសង់ រយៈចំងាយប្រហែល ១៣៥ គីឡូម៉ែត្រ យោងតាមការស្រាវជ្រាវ សណ្ឋានដី នៅបាតខាងក្រោម ដែលវានឹងក្លាយជាផ្លូវ ក្រោមសមុទ្រវែងជាងគេ ប៉ុន្តែក៏ជាមហិច្ឆតាធំ និងប្រថុយខ្ពស់ ផងដែរ សម្រាប់ចិន ព្រោះត្រូវការជីករូង ចូលយ៉ាងជ្រៅ លើសពីជម្រៅ ១០០ ម៉ែត្រឯណោះ ទៅក្រោមផ្ទៃទឹក ដោយវានឹងត្រូវ ភ្ជាប់ពីកោះ Pingtan ក្នុងខេត្ដ Fujian ប្រទេសចិន ទៅកាន់ទីក្រុង Hsinchu ប្រទេសតៃវ៉ាន់ ហើយវានឹងមានផ្លូវរត់ ២ ខ្សែគឺទៅ និងមក។ 

យ៉ាងណាមិញ គម្រោងទាំងមូលនៅរង់ចាំចម្លើយនៅឡើយទេ ព្រោះរដ្ឋភិបាលប្រទេសចិន និងតៃវ៉ាន់ នៅមានឧបសគ្គនៅឡើយ រវាងទឹកដីទាំង ២ នៅមិនទាន់អាចបង្រួប បង្រួមបាននៅឡើយទេ ហើយតៃវ៉ាន់នៅតែ ប្រកាន់គោលជំហរ ជាប្រទេសអធិបតេយ្យដដែល។ សម្រាប់រដ្ឋាភិបាលប៉េកាំង គឺមិនមានបញ្ហាសម្រាប់គម្រោងនេះ នោះទេ គឺត្រូវរង់ចាំតែការយល់ព្រម ពីរដ្ឋាភិបាលតៃប៉ិប៉ុណ្ណោះ ហើយប្រទេសចិននឹងចាប់ផ្ដើម សាងសង់តែម្ដង បើទោះជាសង់រថភ្លើង ក្រោមសមុទ្រ ចំណាយអស់ប្រាក់ច្រើន យ៉ាងណាក៏ដោយ។

ដោយ​ ៖ Slash Gear
អត្ថបទទាក់ទង