ទំព័រដើម    >    វិទ្យាសាស្ត្រ    >    ឧបករណ៍ពិសេស អាច​បំលែង​ខ្យល់​ដែល​មាន​សំណើម ទៅ​ជា​ទឹក​ដែល​អាច​ផឹកបាន

ឧបករណ៍ពិសេស អាច​បំលែង​ខ្យល់​ដែល​មាន​សំណើម ទៅ​ជា​ទឹក​ដែល​អាច​ផឹកបាន

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ទឹកស្អាត គឺជាធនធានដ៏កម្រមួយ ជាក់ស្តែងប្រទេស​ជា​ច្រើន​កំពុង​តែ​ជំនះ​របាំង​ធម្មជាតិ​ដើម្បី​ស្វែង​រក​ទឹក​ស្អាត​យក​ទៅ​ប្រើ​ប្រាស់ ហើយ​ប្រទេស​មួយ​ចំនួន​ទៀត​ក៏​កំពុង​តែ​រស់នៅ​ក្រោម​ការ​ស្រេក​ឃ្លាន​នូវ​ទឹក​ស្អាត​ដែរ។ ចុះ​តើ​វា​អាច​ទៅ​រួច​ដែរ​រឺ​ទេ ដែល​អ្នក​វិទ្យាសាស្ត្រ​អាច​បង្កើត​ម៉ាស៊ីន​មួយ​ដែល​វា​អាច​បង្កើត​ទឹក​ចេញ​ពី​បរិយាកាស​បាន ដោយ​មិន​ចាំបាច់​ទៅ​បូម រឺ​ច្រោះ​ចេញ​ពី​កន្លែង​ណានោះ?

cover

កាដុងទឹកដ៏ពិសេសនេះ គឺជាសមិទ្ធផលថ្មីមួយ ដែលទើបតែ​បាន​បង្កើត​ឡើង​ដោយ​អ្នក​សិក្សា​ស្រាវ​ជ្រាវ​ពី​ប្រទេស​អូទ្រីស ដែល​វា​អាច​បង្កើត​ទឹក​ចេញ​ពី​បរិយា​កាស​បាន។ អ្នក​បង្កើត​វា​តម្រូវ​អោយ​យើង​ប្រើ​ជាប់​ជាមួយ​កង់ ព្រោះ​អី​វា​ត្រូវ​ការ​ស្រូប​យក​ចំហាយ​ទឹក ដែល​បុក​ដោយ​ខ្យល់​ប៉ះ​នឹង​តម្រង់ តែ​យើង​ក៏​អាច​ប្រើ​នៅ​កន្លែង​នឹង​ថ្កល់​មួយ​បាន​ដែរ គ្រាន់​តែ​វា​មិន​សូវ​ទទួល​បាន​លទ្ធផល​ខ្ពស់។ នៅ​ផ្នែក​ខាង​លើ​នៃ​ឧបករណ៍​នេះ​វា​មាន​ភ្ជាប់​មក​ជាមួយ​នូវ​សន្ទះ​សូឡា​សម្រាប់​ស្រូប​យក​ថាមពល​ព្រះ​អាទិត្យ រួច​បំលែង​ទៅ​ជា​ថាមពល​ដើម្បី​បន្សុទ្ធ​ទឹក​ពី​ខ្យល់ ទៅ​ជា​ទឹក​ដែល​អាច​ផឹក​បាន។ នៅ​ផ្នែក​ខាង​ក្នុង វា​មិន​សូវ​មាន​ឧបករណ៍​ច្រើន​នោះ​ទេ ពោល​វា​មាន​តែ​តម្រង់​ខ្យល់ និង​របស់​សម្រាប់​បន្សុទ្ធ​ទឹក និង​ឧបករណ៍​តូច​តាច​មួយ​ចំនួនប៉ុណ្ណោះ។

1

តាមរយៈការតេស្តសាកល្បង ឧបករណ៍នេះគេមិន​អាច​បន្សុទ្ធ​ទឹក​ចេញ​ពី​ខ្យល់​ដែល​មិន​មាន​សំណើម​បាន​ច្រើន​នោះ​ទេ ពោល​ខ្យល់​នោះ​ត្រូវ​តែ​មាន​សំណើម​ខ្លាំង (អ័ព្ទ) ប្រមាណ 50% ឯ​ណោះ និង​មាន​សីតុណ្ហភាព​ប្រមាណ 20 អង្សាសេ។ ហើយ​ចំពោះ​តំបន់​ដែល​មាន​បរិយាកាស​ក្តៅ​ជាង​នេះ និង​មិន​សូវ​មាន​សំណើម​វិញ វា​អាច​នឹង​បង្កើត​បាន​ទឹក​តិច​តួច​បំផុត។ ប្រសិន​បើ​អ្នក​ធាក់​កង់​ក្នុង​បរិយាកាស​អំណោយ​ផល​មួយ ឧបករណ៍​នេះ​អាច​បង្កើត​ទឹក​បាន​ចំនួន​មួយ​ដំណក់​ក្នុង​រយៈពេល​មួយ​នាទី ហើយ​បើ​ខ្យល់​នោះ​សំបូរ​ទៅ​ដោយ​សំណើម​វិញ គឺ​វា​អាច​បង្កើត​បាន​កន្លះ​កាដុង​ឯ​ណោះ ក្នុង​រយៈពេល​កន្លះម៉ោង។

យ៉ាងណាមិញ ឧបករណ៍នេះកំពុងតែស្ថិត​ក្នុង​ដំណាក់​កាល​តេស្ត​សាក​ល្បង​ប៉ុណ្ណោះ ហើយ​ម្ចាស់​គំរោង​ក៏​ត្រូវ​ការ​ប្រាក់​ឧបត្ថម្ភ​ជា​ច្រើន​ដែរ ទើប​វា​អាច​លេច​ចេញ​ជា​រូប​រាង​និង​មាន​លក់​នៅ​លើ​ទីផ្សារ​បាន។ គេ​ប៉ាន់ស្មាន​ថា​តម្លៃ​វា​នៅ​ចន្លោះ​ពី 25 ទៅ 40 ដុល្លារ​ប៉ុណ្ណោះ ដែល​នេះ​គឺ​ជា​តម្លៃ​ដ៏​សមរម្យ​មួយ អាច​អោយ​មនុស្ស​មួយ​ចំនួន​ទិញ​យក​ទៅ​តាម​ខ្លួនបាន។

2

នេះគឺជាគំនិតច្នៃប្រឌិតដ៏អស្ចារ្យមួយ ព្រោះអីវាអាច​ទាញ​យក​ទឹក​ចេញ​ពី​បរិយាកាស​បាន អាច​ជួយ​សន្សំ​សំចៃ​លុយ ហើយ​ក៏​ជួយ​សន្សំ​ទឹក​បាន​ផង​ដែរ។ នេះ​មិន​មែន​ជា​គំនិត​ដំបូង​នោះ​ទេ​ដែល​គេ អាច​រក​ឃើញ​វីធី​ទាញ​ទឹក​ចេញ​ពី​បរិយាកាស​បាន​នោះ ពោល​ប្រទេស​អារ៉ាប់​រួម​ក៏​មាន​វិធី​ស្រដៀង​គ្នា​នេះ​ដែរ ដោយ​គេ​អាច​ទាញ​ទឹក​ចេញ​ពី​បរិយាកាស​បាន ដោយ​ប្រើ​កង្ហារ​ស្រូប​ខ្យល់​ដ៏​ធំ ហើយ​ក៏​អាច​ទាញ​ទឹក​បាន​ច្រើន​បាន​ផងដែរ។

  • ដោយ: Vongthear
  • 3:22 PM, 26 February
  • ប្រភព: IFLscience
  • Tag: វិទ្យាសាស្រ្ត