ទំព័រដើម    >    វិទ្យាសាស្ត្រ    >    ការលេងវីដេអូហ្គេមគឺល្អសំរាប់ខួរក្បាល!

ការលេងវីដេអូហ្គេមគឺល្អសំរាប់ខួរក្បាល!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

តើមិត្តអ្នកអានចូលចិត្តលេងហ្គេមដែរ ឬទេ? ហើយ​លេង​ហ្គេម​ប្រភេទ​ណា? តើ​អ្នក​យល់​បែប​ណា​ចំពោះ​ការ​លេង​ហ្គេម​របស់​អ្នក? របស់​អ្វី​ក៏​ដោយ តែង​តែ​មាន​គុណ​សម្បត្តិ និង​គុណវិបត្តិ​របស់​វា ហើយ​គ្មាន​អ្វី​ដែល​ល្អ​ឥត​ខ្ចោះ​នោះ​ទេ ប៉ុន្តែ​មាន​របស់​ខ្លះ​មាន​គុណ​សម្បត្តិ​ច្រើន​នៅ​ពេល​ដែល​អ្នក​ប្រើ​ប្រាស់​វា​ក្នុង​ផ្លូវល្អ។

cover

ពេលនេះយើងនឹងលើកពីប្រធានបទទាក់ទងការ​លេង​វីដេអូ​ហ្គេម​គឺ​ល្អ​សំរាប់​ខួរ​ក្បាល ហើយ​ក៏​មាន​ផល​ប៉ះ​ពាល់​អវិជ្ជមាន​ដែរ​ចំពោះ​ការ​លេង​ហ្គេម។ តាម​ការ​សិក្សា និង​ពិភាក្សា​គ្នា​តាម​បណ្តា​សាលា​ផ្សេងៗ​នៅ​បរទេស ទទួល​បាន​មូលហេតុ​ជា​ច្រើន​ទាក់​ទង​នឹង​ការ​លេង​ហ្គេម ដូច​ជា​ផល​ប៉ះពាល់​អវិជ្ជមាន ៖ ហ្គេម​អាច​ធ្វើ​ឲ្យ​មនុស្ស​ញៀន​បាន, អាច​បង្កើន​អារម្មណ៍​ឆេវ​ឆាវ, និង​ប៉ះ​ពាល់​ដល់​សុខភាព​ដូច​ជា ងាយ​ឡើង​ទំងន់ និង​សំពាធ​ឈាម​ដំនើរ​ការ​មិន​បាន​ល្អ​ជា​ដើម។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ហ្គេម​ខ្លះ​ក៏​បាន​ភ្ជាប់​មក​ជាមួយ​ការ​អប់រំ និង​ការ​ជៀសវាង​ពី​ការ​ញៀន​ផងដែរ។

តាមការសិក្សាជាច្រើនទៀតក៏បានរកឃើញថា ការលេងហ្គេម​ញឹក​ញាប់​អាច​ធ្វើ​ឲ្យ​រំញោច​នៃ​កាយ​វិការ​ដំនើរ​ការ​បាន​រហ័ស និង​ការ​គិត​នៃ​ខួរ​ក្បាល​ដំនើរ​ការ​លឿន​ជាង​មនុស្ស​ធម្មតា​ដែល​មិន​សូវ​លេង​ហ្គេម។ សូម្បី​តែ​ការ​សិក្សា​របស់​លោក Vikranth Bejjanki ជាមួយ​ក្រុម​ការងារ​នៅ​អង្គការ National Academic of Sciences ក៏​បាន​រក​ឃើញ​ចំនុច​វិជ្ជមាន​មួយ​ចំនួន​ដែល​ទាក់​ទង​នឹង​ការ​លេង​ហ្គេម​នេះ​ដែរ។ លោក​បាន​បក​ស្រាយ​ថា​ការ​លេង​ហ្គេម​អាច​ពន្លឿន​សកម្មភាព, ការ​យល់​ឃើញ និង​ការ​ចង​ចាំ​នៃ​ខួរ​ក្បាល​បាន​ល្អ។ ហើយ​អ្នក​ដែល​លេង​ហ្គេម​ប្រភេទ​ពិបាកៗ​មាន​ការ​គិត​ច្រើន​ជាមួយ​នឹង​វីដេអូ​ហ្គេម​មាន​រូប​រាង​ស្រដៀង​ការ​ពិត​ដូច​ជា ដើរ​ផ្សង​ព្រេង, វាយ​ប្រហារ, ធ្វើ​សង្គ្រាម និង​ស្វែង​រក​ផ្លូវ​ចេញ ឬ​ផ្លូវ​ចូល​ទៅ​កាន់​តំបន់​មួយ​ទៅ​មួយ​តាម​រយៈ​ការ​ដោះស្រាយ​ជា​ការ​ឲ្យ​តំរុយ​ផ្សេងៗ។ ទាំង​នេះ​ហើយ​ដែល​អាច​ធ្វើ​ឲ្យ​ការ​គិត​ពួក​គេ​កាន់​តែ​រហ័ស និង​ដំនើរ​ការ​គិត​កាន់​តែ​ប្រសើរ។

ដូចនេះមិត្តអ្នកអានអាចរៀបចំពេលវេលាសមរម្យសំរាប់​កំសាន្ត​អារម្មណ៍​ជាមួយ​ការ​លេង​ហ្គេម ហើយ​ព្យាយាម​យក​ហ្គេម​ណា​ដែល​មាន​អត្ថ​ប្រយោជន៍​សំរាប់​អ្នក ជា​ជាង​ការ​យក​ហ្គេម​ដែល​ប៉ះពាល់​ដល់​អាម្មណ៍​អ្នក។ បើ​សិន​ជា​អ្នក​អាច​រៀប​ចំ​ពេល​លេង​បាន​ត្រឹម​ត្រូវ​នោះ ហ្គេម​ក៏​អាច​មាន​អត្ថ​ប្រយោជន៍​សំរាប់​ខួរ​ក្បាល​អ្នក​ផង​ដែរ មិន​មែន​មាន​ការ​សប្បាយ​តែ​មួយ​គត់​នោះទេ។

  • ដោយ: Hong
  • 3:18 PM, 26 February
  • ប្រភព: IFL Science
  • Tag: វិទ្យាសាស្រ្ត