ទំព័រដើម    >    ទូរស័ព្ទ    >    ជំនួយការទិញ

វិធីទិញទូរស័ព្ទអោយត្រូវតាមតំរូវការ

តើខ្ញុំគួរតែជ្រើសរើសយក ទូរស័ព្ទមួយណាទៅ ដើម្បីប្រើប្រាស់ទៅ? ខ្ញុំគួរតែជ្រើសរើសយក​ទូរស័ព្ទ​ដូច​មិត្ត​ភក្កិខ្ញុំដែរ រឺក៏ជ្រើសរើស​យក​អាម៉ូឌែល​មួយនោះ ដែលគេកំពុងតែពេញនិយម? នេះគឺ​ជា​សំនួរមួយ ដែល​មនុស្ស​គ្រប់គ្នាទាំងអស់ ធ្លាប់តែបានសួរខ្លួនឯង ហើយក៏​ពិបាក​ក្នុងការឆ្លើយផងដែរ។ ទូរស័ព្ទ​យើង​មិនមែន​ទិញយកមកប្រើប្រាស់ ជារៀងរាល់ខែនោះទេ ជាក់ស្តែងមនុស្សមួយចំនួនប្រើ​ប្រាស់​វា​មិន​​​តិច​ជាង​មួយឆ្នាំ​នោះទេ ហេតុដូច្នេះហើយ មុននឹងទិញវាយកមកប្រើប្រាស់ សូម​សម្រេចចិត្តអោយ​បាន​ច្បាស់​​លាស់បំផុត ចៀសវាង​ចំណាយលុយហើយ នៅមិនគាប់ចិត្តទៀត។ ប្រសិនបើអ្នកធ្លាប់ រឺក៏​កំពុង​តែជួប​ប្រទះ នូវបញ្ហា​ក្នុង​ការជ្រើសរើសទូរស័ព្ទនោះ អ្នកទាំង​អស់​គ្នាអាចមើលសេចក្តីណែនាំ ខាង​ក្រោម​នេះ​បាន ព្រោះអីវាអាច​ចង្អុលបង្ហាញអ្នក អោយដឹងថាតើទូរស័ព្ទមួយណាអ្នកគួរជ្រើសរើស?

cover

បីចំណុចដែលអ្នកគួរពិចារណាមុនគេបង្អស់

  1. កំណត់ចំនួនទឹកប្រាក់ដែលនឹងចំណាយអោយបានច្បាស់ មិនច្រើនពេក ហើយក៏មិនតិចពេក​ដែរ

មនុស្សមួយចំនួនមានលុយដែរ ប៉ុន្តែគឺមិនចង់ចំណាយលុយច្រើននោះទេ ក្នុងការទិញទូរស័ព្ទថ្មី ព្រោះអី​គេ​គិតថានៅពេលលក់ចេញ វានឹងខាតលុយច្រើន ណាមួយទៀត គេក៏គិតថាខ្ជះខ្ជាយលុយឥត​ប្រយោជន៍​​ដែរ។ ក៏ប៉ុន្តែដើម្បីជ្រើសរើសយកទូរស័ព្ទដ៏ល្អមួយគ្រឿង យកមកប្រើប្រាស់ អ្នកគួរតែ​ចំណាយ​អោយបាន​ច្រើ​ន​បន្តិច ទៅតាមលទ្ធភាពដែលយើងមាន ដើម្បីជ្រើសយកទូរស័ព្ទ​ដែលមាន​កម្លាំង​ម៉ាស៊ីនខ្លាំងក្លា កាមេរ៉ា​​ល្អ​មួយ ងាយស្រួលក្នុងការប្រើប្រាស់បានយូរ ដែលវាចំណេញជាង​ទិញ​ទូរស័ព្ទ​ថោក ប្រើទាំងទើស​ចិត្តបានប៉ុន្មានខែ ហើយលក់ទៅវិញទៅក៏គ្មានអ្នកចង់ទិញវិញដែរ។

  1. ដឹងថាទូរស័ព្ទប្រភេទណាដែលអ្នកពិតជាចង់បាន

យ៉ាងហោចណាស់ អ្នកក៏ដឹងដែរថា អ្នកត្រៀមទិញទូរស័ព្ទ ដែលមានលក្ខណៈសម្បត្តិពិសេសអ្វី យកមក​ប្រើប្រាស់។ ប្រសិនបើអ្នកចូលចិត្តធ្វើការថតរូប អ្នកគួរតែជ្រើសរើសយកទូរស័ព្ទ ដែលមាន​គុណភាព​កាមេរ៉ា​​ល្អៗ ហើយប្រសិនបើអ្នកចូលចិត្តលេងហ្គេមវិញ អ្នកប្រាកដជាស្វែងរកទូស័ព្ទណា ដែលមាន​កម្លាំងខ្លាំងក្លាជាក់ជាមិនខាន។ ហើយប្រសិនបើអ្នក ចង់បានទូរស័ព្ទមួយដែលមានភាពធន់ អាចប្រើ​ប្រាស់​បានគ្រប់កន្លែង មិនថាក្នុងទឹក ក្រោមភ្លៀងនោះ ប្រាកដជាពពួក Sony Xperia ហើយ។

  1. ជ្រើសរើសយកទូរស័ព្ទដែលមានរចនាបថស្រស់ស្អាត សាកសមនឹងអ្នក

ជ្រើសរើសយកទូរស័ព្ទមួយគ្រឿង គឺប្រៀបបានដូចជា ជ្រើសរើសយកសង្សារមួយអញ្ជឹង ពោលយើងក៏​ត្រូវ​តែពិនិត្យ មើលរូបរាងខាងក្រៅផងដែរ ថាតើយើងអាចនឹងស្រឡាញ់ និងរស់នៅជាមួយវាបាន​យូរ​ប៉ុណ្ណា​នោះ។ ទូរស័ព្ទនាពេលបច្ចុប្បន្ននេះ​ វាមានរចនាបថច្រើនប្រភេទផ្សេងៗគ្នា ហើយមនុស្ស​យើង​ក៏មាន​ចំណង់​ចំណូលចិត្តផ្សេងៗគ្នាដែរ។ សូមសិក្សាពីរូបរាង និងរចនាបថរបស់ទូរស័ព្ទណាមួយ អោយ​បាន​ច្បាស់ សឹមជ្រើសរើសយកវា ព្រោះអីវាធ្វើអោយយើង មិនឆាប់ធុញឡើយ​ពេលយើងប្រើប្រាស់​បាន​យូរ ផ្ទុយ​ទៅវិញនៅពេលអផ្សុក យើងតែងតែអង្គុយសម្លឹងរូបរាងរបស់វាវិញ។

ប្រភេទនៃទូរស័ព្ទ

1

 ទូរស័ព្ទបែងចែកជាបីប្រភេទទៀតគឺ ស្មាតហ្វូន (ទូរស័ព្ទវៃឆ្លាត), ទូរស័ព្ទដែលមានលក្ខណៈពិសេសមួយ​ចំនួន និងទូរស័ព្ទប្រើគ្រាន់តែសម្រាប់ទទទួលការហៅចូល-ចេញ និងផ្ញើរសារ។ ប្រសិនបើអ្នកចង់បាន​ទូរស័ព្ទដែល​មាន​ភាពវៃឆ្លាត មានសមត្ថភាពច្រើន អ្នកប្រាកដជាជ្រើសរើសយកស្មាតហ្វូនជាក់ជាមិន​ខាន ដែលវាមានរាប់រយម៉ូឌែលកំពុងដាក់លក់លើទីផ្សារ។ ចំណែកឯទូរស័ព្ទប្រភេទ Features Phone វិញ វាមិនសូវជាពិសេសប៉ុន្មានទេ ពោលវាមានកាមេរ៉ា អាចស្តាប់ចម្រៀង មើលវីដេអូបាន លេង​អ៊ីនធឺណែត​បានដែរ ប៉ុន្តែវាមិនសូវខ្លាំងក្លា និងមានកម្មវិធី- ហ្គេមច្រើនដូចស្មាតហ្វូននោះទេ។ ទូរស័ព្ទ​នេះភាគច្រើន​មានដូចជាពពួក Nokia Asha ជាដើម។ ចំណែកឯទូរស័ព្ទចុងក្រោយនេះ​គឺជាប្រភេទ​អិន​ចុច​ពិល ដែល​ប្រើសម្រាប់តែហៅទូរស័ព្ទចេញចូលប៉ុណ្ណោះ។ ទូរស័ព្ទប្រភេទនេះវាមានតម្លៃថោក​សមរម្យ​បំផុត ហើយ​គុណ​ភាពវិញក៏ល្អខ្ពស់ផងដែរ។

អ្វីដែលអ្នកគួរតែគិតបន្ថែមទៀត

បន្ទាប់ពីជ្រើសរើសប្រភេទទូរស័ព្ទដែលអ្នកចង់បានរួចហើយ អ្នកគួរតែធ្វើការពិចារណានូវចំណុច​ខាង​ក្រោម​​នេះបន្តទៀត

ទំហំអេក្រង់

 2

ទូរស័ព្ទនាពេលបច្ចុប្បន្ននេះមានទំហំអេក្រង់ធំៗខ្លះ ម៉ូឌែលខ្លះធំដល់ 6.4 អ៊ីញឯណោះ ( Xperia Z Ultra)។ ប្រសិនបើអ្នកចង់បានទូរស័ព្ទអេក្រង់ធំមួយងាយស្រួលក្នុងការទស្សនាវីដេអូ លេងហ្គេម ប្រើ​ប្រាស់​​អ៊ីនធឺណែតនោះ​ សូមសាកពិចារណាទៅលើពពួក Galaxy Note, iPhone 6 Plus, Nexus 6, Nokia 1320, និង Huawei Mate 7 ជាដើម។ ក៏ប៉ុន្តែប្រសិនបើអ្នកចង់បានទូរស័ព្ទមួយដែល​ងាយ​ស្រួល​ក្នុង​ ការចាប់កាន់ក្នុងដៃនោះ សូមជ្រើសរើសទូរស័ព្ទដែលមានទំហំពី 4.7 អ៊ីញ ដែល 5.2 អ៊ីញបានហើយ ដែលពួកវាមានច្រើនម៉ូឌែលណាស់ដូចជា iPhone 6, HTC One M7/8/9, Galaxy S4/5/6, Alpha, A5, Xperia Z1/2/3, Huawei P8 ជាដើម។ ទូរស័ព្ទដែលមានអេក្រង់ទំហំប៉ុននេះវាមិនតូច ហើយ​ក៏​មិន​ធំ ងាយ​ស្រួលក្នុងការកាន់ប្រើប្រាស់។ ចំពោះទូរស័ព្ទដែលមានទំហំតូចជាង 4.5 អ៊ីញវិញ វាតូចច្រឡឹង​ងាយ​ស្រួលក្នុងការកាន់ ដែលមានដូចជា iPhone 5/5s, Galaxy A3, Z3 Compact ជាដើម។

អង្គដំណើរការ ( Processor)

ទូរស័ព្ទមួយ ដំណើរការបានល្អ មិនល្អ គឺអាស្រ័យទៅលើម៉ូឌែលស៊ីភីយូនេះឯង មិនអាស្រ័យទៅលើរ៉េម​ជា​ចំបង​នោះទេ។ សម្រាប់ពពួកទូរស័ព្ទ Android ស៊ីភីយូដែលមានកម្លាំងខ្លាំងក្លាបំផុតនាពេល​បច្ចុប្បន្ន​នេះគឺ​មានដូចជា Snapdragon 810/805/801 និង 800។ ចំពោះស៊ីភីយូ Exynos របស់ Samsung វិញក៏​ខ្លាំង​ក្លាប្រហាក់ប្រហែលគ្នានេះដែរ ចំពោះសេរ៊ីក្រោយដែលបំពាក់លើ Galaxy S6/ S6 Edge, Note 4, និង​ Alpha។ ស៊ីភីយូ Nvidia វិញ វាស្ថិតនៅលំដាប់កំពូលគេបង្អស់ ខាងដំណើរការហ្គេម ហេតុដូច្នេះ​ហើយ​​ប្រសិនបើអ្នកចូលចិត្តលេងហ្គេម គួរតែជ្រើសរើសយកទូរស័ព្ទណាដែលប្រើប្រាស់​ស៊ីភីយូ​​មួយនេះ។ ក្រឡេកទៅមើលស៊ីភីយូ MediaTek វិញ វាកំពុងតែបានបំពាក់លើទូរស័ព្ទធន់​មធ្យម​ច្រើនប្រភេទ​ណាស់​នៅ​លើទីផ្សារ ហើយយើងចង់បញ្ជាក់អោយដឹងថា វាមានកម្លាំងល្អបង្គួរ មិនសូវខ្លាំង ហើយក៏មិន​សូវ​ខ្សោយ​ប៉ុន្មានដែរ។ ចំពោះ Apple វិញ វាប្រើប្រាស់បន្ទះឈីបបង្កើតដោយខ្លួនឯង ហេតុ​ដូចនេះ​ហើយ​បន្ទះ​ឈីបប្រភេទ A ដែលចេញក្រោយគេបង្អស់ គឺតែងតែខ្លាំងជាងគេជានិច្ច។

 3

កាមេរ៉ា

កាមេរ៉ាដែលល្អ មិនមែនជាកាមេរ៉ាដែលមានទំហំមេហ្គាភិចសែលធំនោះទេ។ វាអាស្រ័យទៅ​លើ​បច្ចេកវិទ្យា​​បង្គុំកាមេរ៉ាដែលមានដូចជាស្រទាប់កញ្ចក់ ស៊ិនស័រ និង Processor ជំនួយរូបភាពជាដើម។ កាមេរ៉ារបស់ស្មាតហ្វូននាពេលបច្ចុប្បន្ននេះវាមានលក្ខណៈពិសេសរៀងៗខ្លួន បង្កើតឡើងទៅ​តាមតម្រូវ​ការ​អ្នកប្រើប្រាស់។ សម្រាប់ប្រជាជនកម្ពុជា គេនិយមប្រើប្រាស់កាមេរ៉ា iPhone ព្រោះអីវាងាយស្រួល​ថត​រូប​ភាពបានលឿនរហ័ស មនុស្សធម្មតាក៏អាចថតរូបបានស្អាតដែរ។ ប៉ុន្តែសម្រាប់អ្នក​ដែលមាន​ជំនាញ​ក្នុង​ការថតរូបមួយចំនួនវិញ គេនិយមប្រើប្រាស់កាមេរ៉ាទូរស័ព្ទដែលមានទាំងទំហំមេហ្គាភិចសែល​ធំ, ស៊ិនស័រ​ល្អ, និង Aperture ធំ ដើម្បីងាយស្រួលក្នុងការផ្តិតយកទស្សនីយភាពពិសេសៗ។ សម្រាប់ឆ្នាំ 2015 នេះ កាមេរ៉ាស្មាតហ្វូនដែលល្អៗមានដូចជាកាមេរ៉ារបស់ Galaxy S6, HTC One M9, Galaxy Note 4, iPhone 6 Plus, Nexus 6, Xperia Z3, K Zoom, និង Nokia 1550 ជាដើម។

 4

ចំពោះកាមេរ៉ាខាងមុខវិញ ក៏អ្នកគួរតែគិតគូរពិចរណាយកស្មាតហ្វូនណាដែលមានគុភាពល្អផងដែរ។ ឆ្នាំ 2015 នេះ ទូរស័ព្ទដែលមានកាមេរ៉ាមុខគុណភាពល្អគឺមានច្រើនម៉ូឌែលសម្រាប់ជ្រើសរើស ដូចជារបស់ Galaxy S6, HTC One M9, iPhone 6/ 6 Plus និងពពួក Galaxy A ជាដើម។

ថាមពលថ្ម

មុននឹងទិញទូរស័ព្ទមួយយកមកប្រើប្រាស់ យើងក៏គប្បីយកចិត្តទុកដាក់អំពីគុណភាពថ្មរបស់វាផងដែរ ដើម្បីធានាថាយើងអាចប្រើប្រាស់បានយូរ មិនពិបាកក្នុងការយកឆ្នាំងសាក រឺ Power Bank តាមខ្លួន។ សម្រាប់ iPhone ទូរស័ព្ទប្រភេទនេះមិនសូវកាន់ថ្មប៉ុន្មានទេ ប៉ុន្តែទូរស័ព្ទ Android វិញ យើងឃើញ​ថាវា​អាច​កាន់ថ្មបានយូរ ដែលមានដូចជា Xperia Z3, Huawei Mate 7, HTC One M9, Galaxy Note 4, និងពពួកមានថ្មធំជាង 3000 mAh។

គុណភាពអេក្រង់

អេក្រង់នាពេលបច្ចុប្បន្ននេះវាមានច្រើនប្រភេទណាស់ ប៉ុន្តែអេក្រង់ដែលគេនិយមប្រើជាងគេ IPS LCD ព្រោះអីវាមានតម្លៃថោក តែអាចបង្ហាញរូបភាពបានច្បាស់ល្អ បែបធម្មជាតិ។ អេក្រង់ដែលល្អ​ជាងនេះ​គឺ​អេក្រង់ Retina របស់ Apple ដែលរូបភាពបង្ហាញមកវាមានភាពកាន់តែច្បាស់ ហើយរស់រវើក ជក់ចិត្ត​សម្រាប់​​ការលេងហ្គេម មើលវីដេអូ និងប្រើប្រាស់ទូទៅជាដើម។ ចំណែកឯអេក្រង់ AMOLED របស់ Samsung វាប្លែកជាងគេបន្តិច ព្រោះអីរូបភាពដែលបង្ហាញលើអេក្រង់នេះវាមានភាព​ដិតច្បាស់ខ្លាំង​ជាង​ អេក្រង់ធម្មតាអាចប្រើប្រាស់ក្រោមពន្លឺថ្ងៃបានដោយសេរី។

 5

កម្រិតភាពច្បាស់ ( Resolution) របស់អេក្រង់ក៏ជាអ្វីដែលអ្នកត្រូវយកចិត្តទុកដាក់ខ្លាំងផងដែរ ដែល​កាល​ណា​វា​កាន់តែធំ នោះមានន័យថាវាអាចបង្ហាញរូបភាពបានច្បាស់ត្រជាក់ភ្នែកល្អ។ នាពេលបច្ចុប្បន្ន​នេះ ទំហំកម្រិតភាពច្បាស់​ 1080 x 1920 ជាទំហំធំខ្លាំងល្អ អាចបង្ហាញរូបភាពបានត្រជាក់ភ្នែក ប៉ុន្តែ​អេក្រង់​ទូរស័ព្ទមានចំនួនអាចបង្ហាញរូបភាពដល់​ 1440 x 2560 ឯណោះ ដែលរឹតតែហ្មត់ថែមទៀតគឺ​មាន​ដូចជា Galaxy S6, Note4, LG G3 ជាដើម។​ សម្រាប់ទូរស័ព្ទដែលមានកម្រិតភាពច្បាស់​តូចជាង​នេះ វាមិន​អាច​បង្ហាញរូបភាពបានច្បាស់ល្អប៉ុន្មាននោះទេដែលមានដូចជាទំហំ​ HD 720 x 1280, 960 x 540 …។

ប្រព័ន្ធប្រតិបត្តិការណ៍

iOS, Android, និង Windows Phone គឺជាប្រព័ន្ធប្រតិបត្តិការណ៍សម្រាប់ទូរស័ព្ទដ៏ពេញនិយម​បំផុត​នា​ពេល​ បច្ចុប្បន្ននេះ​ ដែលវាមានមុខងារពិសេសៗច្រើនងាយស្រួលក្នុងការប្រើប្រាស់ ហើយក៏សំបូរទៅ​ដោយ​​ហ្គេម និងកម្មវិធីផងដែរ។ iOS វាមានភាពសាមញ្ញ ដំណើរការបានលឿនរហ័សល្អ និងមាន​សុវត្ថិភាព​​ខ្ពស់។ ចំណែកឯ Android វិញវាគឺជាប្រព័ន្ធប្រតិបត្តិការណ៍ដែលមានភាពធំទូលំទូលាយជាង មានមុងារប្រើប្រាស់ច្រើន អាចធ្វើការកែសម្រួល ផ្លាស់ប្តូរអ្វីផ្សេងៗបានដោយសេរី គ្រាន់តែវា​មិនសូវមាន​ភាព​រលូនខ្លាំងដូច iOS នោះទេ។ ចំណែកឯ Windows Phone វិញ វាគឺជាប្រព័ន្ធប្រតិបត្តិការណ៍ទើបតែ​ងើប​ឡើងមកសារជាថ្មីវិញ ដែល Microsoft បង្កើតវាអោយមានភាពសាមញ្ញបំផុត អាចដំណើរការបាន​រលូនល្អ និងអាចប្រើប្រាស់កម្មវិធីពិសេសៗមួយចំនួនបានដូចជា Microsoft Words, Excel, Power Point។

 6

បន្ទាប់ពីធ្វើការអាននូវសេចក្តីណែនាំខាងលើនេះហើយ សង្ឃឹមថាអ្នកអាចកាន់តែដឹងច្បាស់ហើយថា តើ​អ្នក​​គួរតែជ្រើសរើសយកទូរស័ព្ទមួយណានោះ ហើយអ្នកប្រាកដជាមិនខកបំណងឡើយនៅ​ពេលដែល​ទិញ​ទូរស័ព្ទមួយយកមកប្រើប្រាស់។ ប្រសិនបើជាយើងជ្រើសរើសត្រូវទូរស័ព្ទល្អដែលយើងពេញចិត្ត យើង​​អាច​នឹងប្រើប្រាស់វាបានក្នុងរយៈពេលយូរ មិនងាយធុញទ្រាន់នោះទេ ប៉ុន្តែប្រសិនបើជាយើង​ខុស​វិញ យើងអាចនឹងខាតបង់ប្រាក់កាសច្រើនជាក់ជាមិនខាន ហើយមិនយូរប៉ុន្មាន អ្នកនឹងស្វែងរករបស់ថ្មី​ទៀត​យកមកប្រើជាក់ជាមិនខាន។

  • ដោយ: Vongthear
  • 9:08 AM, 18 March