ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    មកមើល​ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ​រវាង OnePlus 5T និង Pixel 2!

មកមើល​ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ​រវាង OnePlus 5T និង Pixel 2!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បើសិនជាយើង មកមើលស្មាតហ្វូន​ដែល​បាន​ប្រកាស​ចេញ​នៅ​ក្នុង​ឆ្នាំ 2017 នេះ មាន​ស្មាត​ហ្វូន​ជា​ច្រើន​ព្យាយាម​កែ​ប្រែខ្លួនឱ្យកាន់តែស្អាត ដោយមានអេក្រង់លាតថ្មីគុណភាពខ្ពស់ មានមុខងារថ្មីៗ កាន់លេចធ្លោ ចំណែកឯកាមេរ៉ាវិញកំពុងប្រជែងគ្នាខ្លាំងមែន។ អញ្ចឹងថ្ងៃនេះដែរ យើងនឹងមកមើលការប្រៀបធៀបគ្នារវាង អធិរាជកាមេរ៉ាស្មាតហ្វូន Google Pixel 2 ជាមួយនឹងបិសាចល្បឿន OnePlus 5T ហើយចង់ដឹងថា​ស្មាតហ្វូន​ទាំង 2 នេះមានចំណុចខ្លាំង និងចំណុចខ្សោយយ៉ាងណាខ្លះ?

cover

Final 1000x150 copy

  1. រចនាបថ និងអេក្រង់

សម្រាប់ផ្នែករចនាបថ គឺយើងមិនអាចនិយាយថាស្មាតហ្វូនមួយណា ស្អាតជាងមួយណានោះទេ ព្រោះវា​អាស្រ័យ​ទៅលើការស្រលាញ់ពេញចិត្តរបស់មនុស្សម្នាក់ៗ។ ដោយ OnePlus 5T ត្រូវបានស្រោប​ខ្នង​ខាង​ក្រោយ​ដោយអាលុយមីញ៉ូមរឺងមាំល្អ មានកម្រាស់ស្ដើង និងផ្ទៃខាងមុខត្រូវបាន​បំពាក់​មកនូវអេក្រង់លាត​ទំហំ 6 អ៊ីង ជាប្រភេទ AMOLED ដែលអាចបង្ហាញរូបភាពនៅក្នុងកម្រិត Full HD+ (1080 x 2160 ភិច​ស៊ែល) និងការពារដោយកញ្ចក់ CGG 5។ ចំណែកឯ Google Pixel 2 មានខ្នងខាងក្រោយបែងចែកជា ២ ផ្នែក ដោយខាងក្រោមជាអាលុយមីញ៉ូម និងខាងលើជាកញ្ចក់ រីឯផ្នែកខាងមុខវិញមានអេក្រង់លាតទំហំ 5.99 ជាប្រភេទ P-OLED ដែលអាចបង្ហាញរូបភាពក្នុងកម្រិត Quad HD+ (សម្រាប់ Pixel 2 XL) និង​អេក្រង់​ទំហំ 5 អ៊ីងកម្រិតបង្ហាញរូបភាព Full HD (សម្រាប់ Pixel 2) ហើយក៏បានការពារដោយកញ្ចក់ CGG 5 ដូចគ្នាផងដែរ។ ដូច​នេះ យើង​អាច​សម្មត់​បាន​ថា Pixel 2 XL មាន​អេក្រង់ម៉ត់ច្បាស់ល្អជាង OnePlus 5T ហើយ OnePlus 5T មានអេក្រង់ល្អជាង Pixel 2 ព្រោះវាលាតធំ មានគែមខ្លីជាង។

1

  1. កម្លាំងម៉ាស៊ីន

កម្លាំងម៉ាស៊ីនរបស់ Pixel 2 ទាំងពីរម៉ូឌែលគឺស្មើគ្នា មិនមានមួយណាខ្លាំងជាងមួយណានោះទេ ដោយ​វា​ត្រូវ​​បានបំពាក់មកនូវបន្ទះឈីប Snapdragon 835, ស៊ីភីយូ Octa-core ល្បឿនខ្ពស់បំផុត 2.35GHz, រ៉េមទំហំ 4GB, អង្គផ្ទុកទិន្នន័យ 64GB/ 128GB។ ចំណែកឯ OnePlus 5T វិញត្រូវបាន​បំពាក់​មក​នូវ​បន្ទះ​ឈីប Snapdragon 835, ស៊ីភីយូ Octa-core ល្បឿនខ្ពស់បំផុត 2.45GHz, រ៉េមទំហំ 6GB/ 8GB, អង្គផ្ទុក​ទិន្នន័យ 64GB/ 128GB។ បើយើងមើលទៅលើ Specs គឺមិនសូវជាខុសគ្នាប៉ុន្មាននោះទេ ខុស​ត្រង់​តែ OnePlus 5T មានរ៉េមដល់ទៅ 8GB លើស Google Pixel ដល់ទៅ 2 ដង។

2

  1. កាមេរ៉ា

កាមេរ៉ាជាចំណុចដែលស្មាតហ្វូនទាំងអស់ កំពុងតែបញ្ចេញសាច់ដុំដាក់គ្នាច្រើន មិនថាក្រុមហ៊ុនចិន, កូរ៉េ, និង​អាមេរិច​នោះទេ។ ហើយយើងប្រាកដជាដឹងហើយថា Pixel 2 និង Pixel 2 XL កំពុងតែនៅគ្រង​ដំណែង​ស្មាតហ្វូនមានកាមេរ៉ាដាច់គេ នាពេលបច្ចុប្បន្ននេះ ទៅលើការថតរូប និងវីដេអូផងដែរ។ វាត្រូវ​បាន​បំពាក់​មកនូវកាមេរ៉ាក្រោយទំហំ 12.2MP កម្រិត Aperture f/1.8 ប្រើប្រាស់ស៊េនស័រទំហំ 1/2.6 អ៊ីង ចាប់​យក​កម្រិតភាពច្បាស់បានក្នុងទំហំ 1.4 មីក្រូភិចស៊ែល។ ចំណែកកាមេរ៉ារបស់ OnePlus 5T វិញ ប្រើ​ប្រាស់​កែវលេន ទំហំ 16MP មានកម្រិត Aperture f/1.7 និងមួយគ្រាប់ទៀតជាលេនថ្មីមិនមែន Telephoto ទៀតទេ​វាមានទំហំ 20MP កម្រិត Aperture f/1.7 ដូចគ្នា ដែលកាន់តែថតបាន​ល្អនៅ​ទី​កន្លែង​ងងឹត។ ប៉ុន្តែបើនិយាយឱ្យខ្លីទៅ កាមេរ៉ារបស់ Pixel 2 នៅតែស្ថិតនៅលើលំដាប់កំពូលដដែល ព្រោះ Google បាន​កែច្នៃ Software កាមេរ៉ាបានល្អមែនទែន ធ្វើឱ្យការថតគ្រប់ប៉ុស្ត៍ ស្ទើរតែរកចំណុច​ខ្វះ​ខាត​មិន​ឃើញ​នោះ​ទេ ថែមទាំងមានមុខងារ ថតព្រាលផ្ទៃខាងក្រោយទៀតផង។

3 4 5

  1. ប្រព័ន្ធដំណើការ និងមុខងារពិសេស

Google Pixel 2 ត្រូវបានដំណើរការដោយ Android 8.0 Oreo ចេញពីប្រអប់ ហើយក៏មិនមាន UI ស្រោប​ពីក្រៅនោះទេ ដោយវាប្រើប្រាស់ Stock ដើមតែម្តង។ ចំណែកឯ OnePlus 5T ត្រូវបាន​ដំណើរការ​ដោយ Android 7.1.1 និងត្រូវស្រោបផ្ទៃប្រើប្រាស់ OxygenOS ពីក្រៅបន្ថែម ជួយឱ្យការ​ប្រើ​ប្រាស់​កាន់តែរលូនល្អ។

6

ហើយចំនុចពិសេសរបស់ស្មាតហ្វូនរបស់ OnePlus 5T គឺមិនសូវជាមានច្រើនដូចគេនោះទេ ប៉ុន្តែវា​មាន​ចំណុច​ល្អមួយ គឺការដោះសោរដោយសម្គាល់មុខមនុស្ស ហើយការធ្វើការរបស់វាក៏លឿន​ជាង​ស្មានហ្វូន​ផ្សេងៗ​ទៀត​ជាច្រើនផងដែរ។ ចំណែកឯ Google Pixel 2 មានចំណុចល្អ មួយចំនួនដែល OnePlus 5T មិនមាន នោះគឺអាវក្រោះការពារទឹកកម្រិត IP67, មុខងារច្របាច់ដូចជា U11, អាចផ្ទុករូបថត និងវីដេអូ​ទៅ​លើ​មេឃ ដោយឥតកំណត់ជាដើម។

  1. តម្លៃ

ចំពោះតម្លៃវិញ គឺជាចំណុចដែលខុសគ្នាដាច់តែម្តង ព្រោះស្មាតហ្វូនត្រកូល Pixel មានតម្លៃខ្ពស់ហួស​ពី​ការ​រំពឹងទុក ហើយមកដល់ស្រុកខ្មែរក៏កាន់តែថ្លៃផងដែរ។

ខាងក្រោមនេះ ជាតម្លៃរបស់ Google Pixel 2 XL នៅសហរដ្ឋអាមេរិច៖

  • Pixel 2 XL ទំហំ 64GB តម្លៃ 850$
  • Pixel 2 XL ទំហំ 128GB តម្លៃ 950$

ខាងក្រោមនេះ ជាតម្លៃរបស់ OnePlus 5T នៅសហរដ្ឋអាមេរិច៖

  • ម៉ូឌែល 64GB រ៉េម 6GB មានតម្លៃ 499 ដុល្លារ
  • ម៉ូឌែល 128GB រ៉េម 8GB មានតម្លៃ 559 ដុល្លារ

សរុបមកវិញ ស្មាតហ្វូន OnePlus 5T និង Google Pixel 2 គឺសុទ្ធតែមានចំណុចល្អ រៀងៗខ្លួន​ទាំង​អស់​។ ហើយបើមើលទៅលើកម្លាំងម៉ាស៊ីន និងប្រព័ន្ធដំណើរការវិញ គឺស្មាតហ្វូនទាំងពីរធ្វើបានល្អមែនទែន វា​មានផ្ទៃប្រើប្រាស់ស្រលះល្អ និងរត់បានរអិលល្អដូចគ្នា។ មកដល់ផ្នែក កាមេរ៉ា និងអេក្រង់ គឺ Google Pixel 2 XL ជាអ្នកមានប្រៀបជាង ប៉ុន្តែចំពោះតម្លៃវិញ គឺ OnePlus អាចទទួលយកបានច្រើនជាង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Phearum
  • 1:27 PM, 23 November
  • ប្រភព: Tom’s Guide
  • Tag: ទូរស័ព្ទ