ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    នេះគឺ​ជា Kia Stinger 2018 មាន​ម៉ាស៊ីន​ចំនួន 6 និង​មាន​តម្លៃ​ចាប់​ពី 32,800 ដុល្លារ​ឡើង​ទៅ!

នេះគឺ​ជា Kia Stinger 2018 មាន​ម៉ាស៊ីន​ចំនួន 6 និង​មាន​តម្លៃ​ចាប់​ពី 32,800 ដុល្លារ​ឡើង​ទៅ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

សម្រាប់រថយន្ត​របស់​ក្រុម​ហ៊ុន Kia គឺពិត​​ជាទទួល​ការ​ពេញនិយម​កាន់​តែ​ច្រើនទៅៗ​ហើយ នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង ព្រោះ​ក្រុមហ៊ុន​បាន​នាំចូល​មក​សុទ្ធតែ​ជា​រថយន្ដ Kia ល្អៗជាច្រើនប្រភេទ ភាគច្រើនជា​រថយន្ដ​លក្ខណៈ​គ្រួសារ​អាចជិះបានច្រើនគ្នា និងមានតម្លៃសមរម្យផងដែរ។ ហើយខេមបូរីផត ក៏បានពាំនាំរថយន្ដ​របស់ Kia មកធ្វើការបង្ហាញជូនប្រិយមិត្តទស្សនាបាន 2 ម៉ូឌែលរួចមកហើយ គឺ Kia Picanto និង Kia Sportage GT Line ដែលលោកអ្នកអាចចូលទៅទស្សនាបាននៅក្នុង YouTube Channel របស់​ខេមបូ​រីផត។

cover

Final 1000x150 copy

នាពេលនេះដែរ ក្រុមហ៊ុន Kia បានដាក់លក់រថយន្ដ Kia Stinger ស៊េរីឆ្នាំ 2018 ចំនួន 2 ម៉ូឌែល​នៅ​តាម​បណ្ដា​ប្រទេសមួយចំនួន (ប៉ុន្តែមិនទាន់មាននៅក្នុងប្រទេសកម្ពុជាយើងនៅឡើយទេ) គឺ Kia Stinger និង Kia Stinger GT។ រថយន្ដទាំង 2 នេះ ស្ថិតនៅក្នុងទំហំជាប្រភេទរថយន្ដ Sedan ដែលមានកម្ពស់ទាប មានកៅអីអង្គុយ 2 ជួរ និងមានឃ្លុបខាងក្រោយសម្រាប់ដាក់ឥវ៉ាន់។

ការរចនារូបរាងខាងក្រៅរបស់ Kia Stinger គឺមានភាពប្រណិតស្អាតល្អមែនទែន ដែលមើលទៅមិនចាញ់​រថយន្ដរបស់ក្រុមហ៊ុន​ដទៃ ដូចជា BMW និង Audi ឡើយ។ ដោយរូបរាងខាងមុខរបស់វាត្រូវរចនាឡើង​​រាង​​កាចបន្តិច ដោយភ្នែកទ្រវែង បំពាក់ដោយចង្កៀង LED តូចៗមួយខ្សែ និងមានសំណាញ់គ្រប​ពណ៌​ខ្មៅ​នៅ​ខាង​មុខម៉ាស៊ីនផងដែរ។ ចំណែកផ្នែកខាងក្រោយរបស់វាវិញ មានការរចនាដូចជារថយន្ដស្ព័រទំនើប​ថ្លៃៗ​អញ្ចឹងដែរ គឺបែប Classic និងមានបំពង់ស៊ីមាំងចំនួន ៤ ដើម។ ហើយកាំរង្វង់របស់រថយន្ដនេះ ជាប្រភេទ Alloy មានទំហំ 19 អ៊ីង ដែលរត់បាននឹងថេរល្អ គ្រប់ស្ថានភាពផ្លូវ។ ផ្នែកខាងក្នុងរបស់វា មាន រចនាបថ ស្រដៀងទៅនឹងរថយន្ដ Audi និងម៉ូឌែលផ្សេងទៀតដែរ ដោយកៅអីអង្គុយស្រោប​ដោយស្បែក​ពិសេស ហៅថា Pure Leather ធន់ល្អពីកាំរស្មី UV, មានប៊ូតុងបញ្ជាជាច្រើននៅលើចង្កូត, និងអេក្រង់​បញ្ជា​​នៅ​ចំកណ្ដាលទំហំ ៧ អ៊ីងដែលដំណើរការដោយ Android។

1 2 3

ចំពោះកម្លាំងម៉ាស៊ីនរបស់វា ត្រូវបានបែងចែកទៅតាមម៉ូឌែល ដោយរថយន្ដ Kia Stinger ត្រូវបានបំពាក់​មក​នូវម៉ាស៊ីន 2.0 លីត្រ ប្រភេទ Turbocharged ទំហំ 4 ស៊ីឡាំង ដែលមានកម្លាំង 255 សេះ និង​ល្បឿន​បង្វិល 260 lb-ft។ ចំណែកឯម៉ូឌែល Kia Stinger GT វិញ ប្រើប្រាស់ម៉ាស៊ីន 3.3 លីត្រ Twin-Turbo មាន​ម៉ាស៊ីន​ចំនួន 6 ដែលមានកម្លាំង 365 សេះ និងល្បឿនបង្វិល 367 lb-ft។ ហើយបើតាមរបាយការណ៍របស់ Kia បានបង្ហាញថា ម៉ាស៊ីន V-6 នេះមានសំទុះខ្លាំង ដែលអាចជាន់ល្បឿនឡើងដល់ 100 គីឡូម៉ែត្រក្នុង 1 ម៉ោងប្រើពេលមិនដល់ 5 វិនាទីឡើយ ហើយវាមានល្បឿនអតិបរមា 270 គីឡូម៉ែត្រក្នុង 1 ម៉ោង ជាមួយនឹង​ប្រអប់​លេខ​ចំនួន 8 ជាប្រភេទលេខអូតូ ហើយក៏អាចផ្លាស់ប្តូរប្រភេទបើកបរចំនួន 5 ប្រភេទផងដែរ។

4 5 6 7

សរុបមកវិញ Kia Stinger និង Kia Stinger GT ត្រូវបានផលិតមកយ៉ាងពិសេស សម្រាប់វាយលុកគូ​ប្រជែង​​របស់​ខ្លួនដូចជា BMW 3 Series, Gran Turismo, និង Audi A5 ជាដើម។ ហើយវាក៏មានតម្លៃធូរ​ថ្លៃជាង​ដៃគូ​របស់វាផងដែរ ដោយម៉ូឌែល Stinger ត្រូវបានដាក់លក់ចាប់ពីតម្លៃ 32,800 ដុល្លារឡើង​ទៅ និងម៉ូឌែល Stinger GT តម្លៃចាប់ពី 39, 250 ដុល្លារឡើងទៅសម្រាប់ទីផ្សារប្រទេសមួយចំនួន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Phearum
  • 4:01 PM, 20 November
  • ប្រភព: Kia
  • Tag: យានយន្ត