ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    បន្ទះកាត​សម្រាប់​ថត​វីដេអូ 8K រលូន​របស់ Blackmagic ប្រកាស​ចេញ​ហើយ

បន្ទះកាត​សម្រាប់​ថត​វីដេអូ 8K រលូន​របស់ Blackmagic ប្រកាស​ចេញ​ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រិយមិត្តមួយចំនួនប្រហែលជាធ្លាប់​បាន​ស្គាល់ ឬធ្លាប់​បាន​ឮ​អំពី​ម៉ាក Blackmagic ជាក់​ជា​មិន​ខាន ដែល​ម៉ាក​នេះ​ល្បី​ល្បាញ​បំផុត​ជុំវិញ​ការ​លក់ផលិត​ផល​សម្រាប់​យក​ទៅ​ប្រើប្រាស់​ជាមួយ​នឹង​ការ​ផលិត​វីដេអូ ដោយ​មាន​ច្រើន​បែប​ច្រើន​យ៉ាង​របស់​ប្រទេស​មហាអំណាចអាមេរិច គឺមានចាប់តាំងពីកាមេរ៉ា​តម្លៃរាប់​សិប​ម៉ឺន​ដុល្លារ រហូតដល់ឧបករណ៍បន្ទាប់បន្សំដូចជាអេក្រង់ថត ឧបករណ៍បំបែកអេក្រង់ តេឡេបញ្ជា បន្ទះកាត​ថតវីដេអូ​ជាដើម -ល-។ Blackmagic ទទួលបានការគាំទ្រច្រើនពីសំណាក់អ្នកផលិតវីដេអូអាជីព ព្រោះ​ពួក​គេ​អាចទទួលបាននូវឧបករណ៍ ដែលជួយពន្លឿនកិច្ចការឲ្យហើយរួចរាល់បានឆាប់រហ័ស ហើយកាលពី​សប្ដាហ៍​ទៅ​មិញនេះ Blackmagic បានបញ្ចេញបន្ទះកាតថតវីដេអូជំនាន់​ចុងក្រោយ​គេ​បង្អស់​របស់​ខ្លួន​មួយ​ទៀត​ហើយ ដែលមានឈ្មោះហៅជាផ្លូវការថា DeckLink 8K Pro។

1

Final 1000x150 copy

DeckLink 8K Pro ដូចរូបភាពខាងលើ មិនមែនជាក្រាហ្វិចកាតសម្រាប់ប្រើនៅលើម៉ាស៊ីន Desktop ឬម៉ាស៊ីន Server នោះទេ ផ្ទុយទៅវិញវាគឺជាបន្ទះកាតសម្រាប់ថតវីដេអូកម្រិតដល់ទៅ 8K ចេញពីអេក្រង់​កុំព្យូទ័រ​របស់អ្នកជាមួយនឹងល្បឿនលោតដល់ 60fps ឯណោះ ហើយអ្នកអាចទស្សនាវីដេអូថតនោះ​ដោយ​រលូន គ្មានភាពរអ៊ាក់រអ៊ួលឡើយ។ បន្ទះថតវីដេអូនេះអាចធ្វើការថតកម្រិត SD, HD, Full HD, Quad HD, Ultra HD លោតរហូតដល់កម្រិត 8K ទៅតាមការជ្រើសរើស ដែល​តម្រូវ​ឲ្យយើងប្រើប្រាស់ជាមួយ​នឹងរន្ធ PCI Express ជំនាន់ទី 3 នៅលើ Motherboard របស់ម៉ាស៊ីន Desktop របស់យើង ជាមួយកម្មវិធី​បន្ថែម និងតម្រូវការចរន្តភ្លើងបន្ថែម ដើម្បីឲ្យវាដំណើរការបាន។

2

DeckLink 8K Pro អាចធ្វើការជាមួយនឹងប្រព័ន្ធសម្លេង 64 Channels ក៏ដូចជា 3D Stereoscopic បាន​យ៉ាង​រលូន មានន័យថានៅពេលអ្នកចាប់ផ្ដើមថតវីដេអូកម្រិត 4K​ ឬ 8K ដែលមានប្រព័ន្ធសម្លេងខ្ពស់ ដែល​ភាគ​ច្រើនយើងឃើញនៅក្នុងវីដេអូខ្នាតធំ ដូចជាខ្សែភាពយន្ត Hollywood ជាដើម គឺរាល់សាច់​វីដេអូដែល​ថត​ឡើង អមមកជាមួយនឹងសម្លេងគឺស្ថិតក្នុងគុណភាពដើម។ មិនតែប៉ុណ្ណោះ បន្ទះកាតថតវីដេអូមួយនេះ អនុញ្ញាតឲ្យម្ចាស់របស់វាធ្វើការជាមួយនឹងប្រភេទ File ពពួក 10-bit និង 12-bit RGB 4:4:4 ដែលផ្ដល់​ពណ៌​បាន​ដិតច្បាស់ខ្លាំង ដែលជា​ File សម្រាប់ផលិតខ្សែភាពយន្តខ្នាតធំក្នុងកម្រិត 4K និង 8K។

3

បន្ទះកាតសម្រាប់ថតវីដេអូរបស់ Blackmagicdesign នេះមិនមែនបង្កើតឡើងសម្រាប់អ្នកប្រើប្រាស់ទូទៅ​នោះ​ទេ តែវាបង្កើតឡើងសម្រាប់អ្នកផលិតវីដេអូអាជីព ព្រោះការប្រើប្រាស់មិនមែនងាយស្រួលនោះទេ គឺ​ត្រូវ​ការកម្មវិធីជំនួយបន្ថែមក្រៅ មិនមែនតែកម្មវិធីផ្ទាល់ខ្លួននោះទេ អ្នកប្រើប្រាស់ទាំងអស់​ក៏អាច​យក​ទៅ​ប្រើ​ជាមួយ​នឹងកម្មវិធីល្បីៗជាច្រើនទៀតដូចជា Final Cut Pro, Adobe Premiere Pro, Adobe After Effects, ProTools, Nuke ឬ Media Composer ជាដើម ក៏ដូចជាការកំណត់មុខងារនៅពេលថត ទៅ​តាម​ការចង់បានតាមប្រភេទ File ទៀតផង។

គួរបញ្ជាក់ផងដែរថា DeckLink 8K Pro នឹង​ត្រៀម​ចេញ​លក់​នៅ​ដើមឆ្នាំ 2018 ក្រោយនេះក្នុងតម្លៃ 645$ ក្នុងមួយដើម ដែល​អាចយកទៅប្រើប្រាស់នៅលើម៉ាស៊ីនកុំព្យូទ័រដំណើរការដោយ Windows បាន ក៏ដូចជា macOS និងប្រព័ន្ធប្រតិបត្តិការ Linux ជាដើម។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

 

  • ដោយ: Por
  • 1:36 PM, 20 November
  • ប្រភព: DPreview
  • Tag: ទូរស័ព្ទ