ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Pixel 2 និង Pixel 2 XL ចេញ​ជា​ផ្លូវ​ការ ជាមួយ​កម្លាំង​ម៉ាស៊ីន​ខ្លាំង និង​កាមេរ៉ា​ថត​រូប​បាន​ច្បាស់​ខ្លាំងបំផុត

Pixel 2 និង Pixel 2 XL ចេញ​ជា​ផ្លូវ​ការ ជាមួយ​កម្លាំង​ម៉ាស៊ីន​ខ្លាំង និង​កាមេរ៉ា​ថត​រូប​បាន​ច្បាស់​ខ្លាំងបំផុត

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ទីបំផុតក្រុមហ៊ុនយក្ស Google បានប្រកាសចេញជាផ្លូវការ នូវកំពូលស្មាតហ្វូន នាចុងឆ្នាំ 2017 របស់ខ្លួនជាផ្លូវការ ឲ្យសារធារណជន បានដឹង និងស្កប់ចិត្តហើយ បន្ទាប់ពីទន្ទឹងរង់ចាំការ មកដល់នៃកំពូល​ស្មាតហ្វូន Android មួយនេះ​អស់រយៈពេលប៉ុន្មាន​ខែកន្លងមកនេះ។ មិនខុសពី Pixel និង Pixel XL ដែលចេញកាលពីឆ្នាំ​មុននោះទេ ក្រុមការងារផ្នែក​ផលិតស្មាតហ្វូនរបស់ Google បានចំនាយពេលវេលា​ច្រើនសិក្សា និងស្វែង​យល់បន្ថែម ក្នុងការបង្កើត Pixel 2 និង​ Pixel 2 XL ឲ្យក្លាយ​ជាស្មាតហ្វូន ដែលមាន​សមត្ថភាពខ្ពស់ និងមានភាពឆ្លាត​វៃសម្រាប់ការ​ប្រើប្រាស់ប្រចាំថ្ងៃ​របស់យើង​ទាំងអស់គ្នា ជាមួយនឹង​កម្មវិធី និងកម្មវិធីថ្មីៗ​មួយចំនួន ដែលយើងមិន​អាចស្វែងរកនៅលើ​ស្មាតហ្វូន​ភាគច្រើនបាន។

1

Final 1000x150 copy

ស្មាតហ្វូនទាំង 2 នេះពុំមានអ្វីខុសគ្នាច្រើននោះទេជុំវិញរូបរាងរចនាបថ ដោយមួយធំ​មួយតូច និងមានផ្នែករឹង​ខ្លះមាន​ចំនុចខុសគ្នា ជាមួយនឹងពណ៌ 3 ជម្រើសសម្រាប់ Pixel 2 គឺទឹកសរុប ខ្មៅ និងស រីឯ Pixel 2 XL មាន 2 ជម្រើសគឺខ្មៅ និងខ្មៅ លាយពណ៌ស។

រូបរាងរចនាបថ

Pixel 2 និង Pixel 2 XL បានផ្លាស់ប្ដូររូបរាងរចនាបថថ្មីទាំងស្រុង ដោយស្មាតហ្វូន​ទាំង 2​ ស្រោបខ្លួនដោយលោហៈ និងផ្ទៃខាងលើ នៃផ្នែកខាងក្រោយ​ក្រាលដោយកញ្ចក់ ដែលធ្វើឲ្យ Pixel ទាំងពីរកាន់តែ​មានភាពទាក់ទាញ​ជាងមុន ពិសេសភ្លឺចាំង​ពេលត្រូវ​ទៅនឹងពន្លឺ។ ជាមួយរូបរាងថ្មីនេះ Google បានរក្សាទំហំ Pixel 2 និង Pixel 2 XL ដូចទៅនឹង Pixel 1 និង Pixel XL 1 ផងដែរ តែអ្វីដែលបាន​កែប្រែកាន់តែប្រសើរ​នោះគឺ ការកែប្រែ​ប៊ូតុង Power ដោយរំលេចមក​ជាមួយនឹង​ពណ៌ទឹកក្រូច ធ្វើឲ្យម្ចាស់របស់វា​ដឹងច្បាស់ថា​វាគឺជាប៊ូតុងសម្រាប់​ចុចបិទបើក (មានតែនៅលើ Pixel 2 XL ពណ៌ស លាយខ្មៅប៉ុណ្ណោះ) ក៏ដូចជាពណ៌​បៃតងនៅលើ Pixel 2 ពណ៌ទឹកសមុទ្រ។

x1 x2 x3

ប៊ូតុងសម្លេងស្ថិតនៅផ្នែកខាងស្ដាំ ខាងក្រោមគឺជា USB ប្រភេទ C តែគួរឲ្យសោកស្ដាយ Pixel 2 ទាំងពីរពុំមានរន្ធ​ដោតកាស 3.5mm មកជាមួយ​ទៀតនោះទេ គឺយើងត្រូវប្រើកាស​ជាពពួកដុយ USB C ប្រើទើបបាន ឬអាចប្រើ Adapter បំបែកក៏បាន។ Pixel 2 មានវិមាត្រសរុប 144.8 x 68.6 x 7.6mm ជាមួយនឹងទម្ងន់​សរុប 142 ក្រាម និង Pixel 2 XL មានវិមាត្រសរុប 157.5 x 7.62 x 7.6mm មានទម្ងន់សរុប 157 ក្រាម។

អេក្រង់

អេក្រង់បំពាក់នៅលើ Pixel 2 និង Pixel 2 XL ត្រូវបាន​ឲ្យឈ្មោះថា Ultra Vivid Display ដែលវាការពារដោយ​កញ្ចក់ Corning Gorilla Glass 5 មានសមត្ថភាពការពារភាពឆ្កួត​បានយ៉ាងប្រសើរ ដោយពីខាង​ក្នុងក្រាល​ដោយអេក្រង់ OLED មានសមត្ថភាពបង្ហាញ​រូបភាពបានច្បាស់ដិត​ពណ៌បានល្អ ផ្ទៃខ្មៅ​បង្ហាញពណ៌ខ្មៅ ផ្ទៃបង្ហាញពណ៌​បង្ហាញនូវគ្រាប់ភិចសែល​បានល្អ។

3

អេក្រង់ថ្មីនេះមានសភាពលាទនៅខាងលើ និងខាងក្រោម ជាមួយកម្រិត Ratio ស្មើនឹង 19:9 ដែល Google ប្រកាសថា អេក្រង់ថ្មីនេះ​មានមុខងារ Daydream Ready ផងដែរ អនុញ្ញាតឲ្យម្ចាស់របស់ Pixel ប្រើប្រាស់​ជាមួយនឹង Daydream VR បានថែមទៀតផង។ Pixel 2 មានទំហំអេក្រង់ 5 អ៊ីញ បង្ហាញរូបភាពក្នុងកម្រិត Full HD រីឯ Pixel 2 XL បង្ហាញរូបភាព​បានកម្រិត​ 2K ជាមួយកម្រិត​ដង់ស៊ីតេ 538ppi ច្បាស់ត្រជាក់ភ្នែក អាចឲ្យយើងប្រើ​វ៉ែនតា​ការពារពន្លឺ​ថ្ងៃមើល និងបញ្ជាបាន។

កម្លាំងម៉ាស៊ីន

Pixel 2 និង XL 2 ប្រើប្រាស់បន្ទះឈីប Snapdragon 835 រត់នៅក្នុងល្បឿន 2.35GHz ជាប្រភេទឈីប Octa-core មាន Core ដល់ទៅ 8 គ្រាប់អមមក​ជាមួយនឹង RAM ជាប្រភេទ LPDDR4 ទំហំ 4GB អមមកជាមួយ GPU ជាប្រភេទ Adreno 540 ដែលកម្លាំងប៉ុណ្ណេះ គឺស្ថិតនៅក្នុង​តារាងកំពូលហើយ អាចនិយាយបានថា​ស្មាតហ្វូននេះ​នឹងមិនធ្វើឲ្យអ្នក​ខកបំណងឡើយ។ ជាងនេះទៅទៀត រាល់ទិន្នន័យសំខាន់ៗ​ត្រូវបានរក្សា​ទុកនៅក្នុងអង្គ​ផ្ទុកទិន្នន័យទំហំ 64GB ដែលមិនអាច​ធ្វើការបន្ថែមមេម៉ូរីកាត​ពីខាងក្រៅ​បានឡើយ ចំនែករូបភាព និងវីដេអូ​ម្ចាស់របស់ Pixel ទាំងអស់​ពុំចាំបាច់ទុក​នៅក្នុងមេម៉ូរីម៉ាស៊ីន​នោះទេ គឺអាច Upload រក្សាទុក​នៅក្នុង Cloud របស់ Google Photo បានដោយគ្មាន​កំណត់នៅក្នុង​កម្រិតច្បាស់ ឬ File ដើម។

4

កាមេរ៉ា

ពិតជាមិនសរសើរមិនបានមែន Pixel 2 និង XL 2 ទទួលបានពិន្ទុ​កប់ពីក្រុមអ្នកវាយតម្លៃ​ពិន្ទុកាមេរ៉ា DxOMark ដល់ទៅ 98 លើ 100 ដែលធ្វើឲ្យ Pixel ជំនាន់ថ្មីទាំង 2 គ្រឿងឈរ​នៅក្នុងតារាងកំពូល​ស្មាតហ្វូនដែលមាន​កាមេរ៉ាប្រសើរជាងគេ​បំផុតនាឆ្នាំនេះ ហើយក៏បានដណ្ដើម​យកតំណែង​របស់ iPhone 8 Plus និង Galaxy Note 8 ផងដែរ។

5

Pixel ទាំងនេះមានកាមេរ៉ាខាងក្រោយតែមួយគ្រាប់ប៉ុណ្ណោះទំហំ 12 មេហ្គាភិចសែល កម្រិត Aperture ធំបំផុត f/1.8 និងមានមុខងារ​ការពាររំញ័រ OIS មកជាមួយ​ថែមទៀត ធ្វើឲ្យការថតរូប និងវីដេអូកាន់តែ​ប្រសើរ ដោយ Google បានបង្កើនសមត្ថភាព​កាមេរ៉ារបស់ Pixel ទាំង 2 នូវការចាប់យករូបភាព​បានដោយគ្មានភាព​រអាក់រអួល បង្កើនសមត្ថភាព​ជុំវិញទិន្នន័យ​របស់រូបភាព ពង្រឹង Sharpness ក៏ដូចជាកាត់បន្ថយ Blur ថែមទៀតផង។

 6 7 8 9

អ្វីដែលពិសេសទៀតនោះគឺទាំងកាមេរ៉ាខាងមុខទំហំ 8 មេហ្គាភិចសែល និងកាមេរ៉ាខាងក្រោយ​អាចធ្វើការថតរូបបែប Portrait បានដោយធ្វើឲ្យ​រូបភាពផុស ពុំចាំបាច់ប្រើប្រាស់​កាមេរ៉ាដល់ទៅពីរ​ដូចស្មាតហ្វូន​ផ្សេងៗទៀតឡើយ អរគុណទៅដល់​មុខងារ Dual Pixel ដែល Google បំពាក់នៅកែវលែន​ខាងក្រោយ។ សម្រាប់ការថតវីដេអូវិញ​គឺអាចថតបាន​ដល់កម្រិត 4K និងមានមុខងារ OIS និង EIS ជាជំនួយសម្រាប់កាត់​បន្ថយរំញ័រ ធ្វើឲ្យ Pixel ជំនាន់ថ្មីទាំង 2​ ថតវីដេអូបានស្អាត​ល្អជាង​ស្មាតហ្វូនដទៃ។

កម្លាំងថ្ម

ម៉ាស៊ីនតូច មានកម្លាំងថ្មតូចគឺជារឿងធម្មតាទៅហើយ ដោយ Pixel 2 មានកម្លាំងថ្មក្នុង​ម៉ាស៊ីនសរុប 2700mAh និង Pixel 2 XL មានកម្លាំង​ 3520mAh ដែលស្មាតហ្វូន​ទាំងពីរនេះ Support ជាមួយនឹងមុខងារ​សាកថ្មបានលឿន​ផងដែរ។

ប្រព័ន្ធប្រតិបត្តិការ

សម្រាប់ចុងឆ្នាំនេះ Pixel 2 និង Pixel XL 2 ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android Oreo 8.0 ចេញពីប្រអប់តែម្ដង ដោយ Google បានបន្ថែមមកជាមួយនឹង​មុខងារថ្មីៗមួយចំនួន​ដែលមាន​នៅលើ Android O ពិសេស Launcher  ថ្មី ដែលខុសប្លែក​ពី Pixel 1 និង Pixel 1 XL ដែលកាន់តែមាន​ភាពទាក់ទាញ មិនរញ៉េរញ៉ៃ​ធ្វើឲ្យ Pixel ដំណើរការ​បានរលូន និងត្រៀមខ្លួន​ទទួលយក Android P 9.0 នាឆ្នាំក្រោយ​ថែមទៀតផង។

10

បច្ចេកវិទ្យាថ្មី

Always-On Display: នេះគឺជាមុខងារថ្មីសម្រាប់ Google តែមិនថ្មីឡើយសម្រាប់ Samsung និង LG ដោយវាដើរតួដូច​ទៅនឹងមុខងារ Always-On Display នៅលើកំពូលស្មាតហ្វូន​មួយចំនួនរបស់​ក្រុមហ៊ុនយក្ស​ទាំងពីររបស់ប្រទេស​កូរ៉េខាងត្បូង​ផងដែរ។ យើងអាចមើល​ទៅលើម៉ោង សារជាអក្សរ ឬរបាដំណឹង​ផ្សេងៗទៀត​ដែលចាំបាច់។

Now Playing: Google យល់ច្បាស់ថានរណាក៏ចូលចិត្តតន្ត្រីដែរ ដូច្នេះពេលខ្លះយើងអាច​នឹងស្ដាប់តន្ត្រីដែលចេញថ្មី ឬចេញយូរ​ណាស់មកហើយ តែនៅតែចូលចិត្ត និងចង់ដឹងអំពី​ចំណងជើងនៃ​ចម្រៀងនោះ ដើម្បី Download យកមកស្ដាប់។ ដូច្នេះមុខងារថ្មីនេះ​អាចអាចស្វែងរក​តន្ត្រីឲ្យម្ចាស់ Pixel ជំនាន់ថ្មីបានដោយ​ចំនាយពេល​ខ្លីបំផុត ពុំចាំបាច់ប្រើកម្មវិធី​ក្រៅផ្សេងឡើយ។

Active Edge: ច្របាច់ដើម្បីដំណើរការមុខងារ Google Assistant វាមិនមែនជារឿងថ្មីទេ​នៅលើស្មាតហ្វូន Android ព្រោះមុខងារនេះ​មានបំពាក់​នៅលើ HTC U11 រួចទៅហើយ តែបើមានវាក៏​ប្រសើរដែរ ព្រោះយើងអាច​ច្របាច់ដើម្បីបើក​មុខងារ​វៃឆ្លាតបាន ដោយពុំចាំបាច់​ដាស់អេក្រង់​ឲ្យបើកក៏បាន។

IP67: ទីបំផុត Pixel 2 និង Pixel 2 XL មានអាវក្រោះការពារធូលី និងទឹកមកជាមួយ​ដូចកំពូល​ស្មាតហ្វូនផ្សេងៗ​ទៀតហើយ ដោយយើងអាច​ដាក់វានៅក្នុងទឹក​បានជម្រៅ 1 ម៉ែត្រក្នុង​រយៈពេល 30 នាទីដោយគ្មានបញ្ហា ដូច្នេះស្មាតហ្វូននេះ​អាចទៅណា​មកណាជាមួយ​អ្នកបាន ទោះបីជិះម៉ូតូ ឬកង់ត្រូវភ្លៀងក៏​មិនជាបញ្ហាទៀតដែរ។

ចំនុចអវិជ្ជមាន

ជាការពិត Pixel 2 និង Pixel 2 XL ធ្វើបានល្អជុំវិញរូបរាង កម្លាំងម៉ាស៊ីន កាមេរ៉ា​ ប្រព័ន្ធប្រតិបត្តិការ និងកម្លាំងថ្មជាដើម តែអ្វីដែលគួរឲ្យ​សោកស្ដាយសម្រាប់​អ្នកប្រើប្រាស់មួយ​ចំនួននោះគឺ វាពុំមាន​បំពាក់មកជាមួយនឹង​រន្ធដោតកាស 3.5mm មកជាមួយ​ទៀតនោះទេ បើទោះបីជាវាមាន​កម្រាស់​ដល់ទៅ 7.6mm ក្ដី តែ Google គប្បីបន្ថែមមក​ជាមួយរន្ធដោតកាស​ទើបល្អ។ មួយវិញទៀតគឺ​អេក្រង់របស់ Pixel 2 លោតអស់ត្រឹម​កម្រិត Full HD ពុំទាន់​ឈានដល់ 2K ដូចស្មាតហ្វូន​ដទៃនៅឡើយ ជាហេតុធ្វើឲ្យ​ខ្ញុំរាងស្រងាក​ចិត្តបន្តិច ព្រោះវាជាកំពូល​ស្មាតហ្វូនទៅហើយ ហេតុអ្វីត្រឹម​អេក្រង់​ 2K មិនព្រមឲ្យគ្នា?

តម្លៃ និងថ្ងៃចេញលក់

ឆ្នាំនេះ Google មិនបញ្ចេញស្មាតហ្វូនលក់នៅពេលព្រមគ្នានោះទេ​ដោយយើងអាចធ្វើការ​កម្មង់ទុកមុនចាប់ពីថ្ងៃ​នេះតទៅ ហើយនឹងចេញលក់​ដូចតទៅ៖

  • Pixel 2 ទំហំ 64GB តម្លៃ 650$
  • Pixel 2 ទំហំ 128GB តម្លៃ 750$

ត្រៀមចេញលក់ជាផ្លូវការនៅថ្ងៃទី 19 ខែ តុលា ខាងមុខនេះ

  • Pixel 2 XL ទំហំ 64GB តម្លៃ 850$
  • Pixel 2 XL ទំហំ 128GB តម្លៃ 950$

ត្រៀមចេញលក់នៅថ្ងៃទី 15 ខែវិច្ឆិកា ត្រូវនឹងខែក្រោយ

ចំណាប់អារម្មណ៍

និយាយជារួម ចុងឆ្នាំ 2017 នេះក្រុមហ៊ុន Google បានចំនាយពេលវេលាបានត្រឹមត្រូវ​ក្នុងការ​សិក្សាបានច្បាស់​អំពីអ្វីដែលអ្នក​ប្រើប្រាស់ស្មាតហ្វូន​ភាគច្រើនចង់បាន​នៅក្នុងម៉ាស៊ីន​ស្មាតហ្វូនតែមួយ ដែលតែងតែនៅជាប់​ខ្លួនម្ចាស់ គ្រប់ពេលវេលា។ ការនាំយក Pixel 2 និង Pixel 2 XL ចូលមកកាន់ទីផ្សារ​នាចុងឆ្នាំនេះ វាគឺជា​ពេលវេលាល្អ​ក្នុងការប្រកួតប្រជែង​ជាមួយនឹងកំពូល​ស្មាតហ្វូន​ផ្សេងទៀត ដោយ Google បានផ្ដល់នូវ​ជម្រើសច្រើន​ទៅដល់អតិថិជនខ្លួន​ដូចជាការ​រក្សារូបភាព និងវីដេអូឥត​ដែនកំណត់ ស្មាតហ្វូនវៃឆ្លាត ដែលមាន​កម្លាំងខ្លាំង អេក្រង់ល្អ ពិសេសមានកាមេរ៉ា​ផ្ដិតយករូបភាព និងវីដេអូឈរ​នៅក្នុងលំដាប់​កំពូល ដែលស្មាតហ្វូនដទៃ​ពុំអាចធ្វើទៅ​បានជាដើម។ យ៉ាងណាក៏ដោយ ការខិតខំប្រឹងប្រែង​ពង្រីកផ្ទៃអេក្រង់​ខាងមុខរបស់ Pixel 2 នៅមិនទាន់ប្រសើរ​នៅឡើយទេ បើរធៀបទៅនឹង​កំពូលស្មាតហ្វូន​ដទៃទៀត តែវាក៏ជាជោគជ័យ​ធំមួយ ដែល Google មិនដាំខ្ទឹម​ជាមួយនឹងអេក្រង់​សាមញ្ញធម្មតាទៀត។ Pixel 2 និង Pixel 2 XL នឹងនៅតែបន្ត​មានប្រជាប្រិយភាព​សម្រាប់អ្នកប្រើប្រាស់​ភាគច្រើន បើទោះបីជាវា​រាងថ្លៃបន្តិចក្ដី​នៅពេលមកដល់​ទីផ្សារ​ស្រុកខ្មែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 1:41 AM, 05 October
  • ប្រភព: Google
  • Tag: ទូរស័ព្ទ