ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    នេះ​ជា iPhone X គែម​អេក្រង់​ខ្លី បំពាក់​អេក្រង់ OLED និង​អាច​ដោះសោរ​ដោយ​ស្កេនមុខ!

នេះ​ជា iPhone X គែម​អេក្រង់​ខ្លី បំពាក់​អេក្រង់ OLED និង​អាច​ដោះសោរ​ដោយ​ស្កេនមុខ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ពេលវេលាទន្ទឹមរង់ចាំបានមកដល់ហើយសម្រាប់អតិថិជន Apple ទាំងអស់ ក៏ដូចជាមហាជនទូទាំងពិភពលោក ដែលចង់ដឹងចង់ឮថា តើចុងឆ្នាំ 2017 នេះនឹងមានអ្វីប្លែកខ្លះ? មិនខុសពីរាល់ដងនោះទេគឺ Apple តែងតែបំបែកកំណត់ត្រាប្រវត្តិសាស្ត្ររបស់ខ្លួនពីមួយឆ្នាំទៅមួយឆ្នាំ ហើយអ្វីដែលលេចធ្លោជាងគេបំផុតនោះគឺ iPhone 10 ឬ X (លេខរ៉ូម៉ាំង) ជាការមកដល់ថ្មីមិនធ្លាប់មិនពីមុនមករបស់ Apple។ ជាការពិតណាស់ iPhone នេះមិនមែនជា iPhone ដេញជំនាន់ដូចសព្វមុនដងនោះទេ តែវាគឺជា iPhone បង្កើតឡើងដាច់ដោយឡែកពីគេ ដោយឈក្នុងឈ្មោះថ្មី រូបរាងរចនាបទប្លែក កម្លាំងម៉ាស៊ីនខ្លាំង និងកាន់តែមានភាពទាន់សម័យ វ័យឆ្លាតជាងមុនទៅទៀត។

0

Final 1000x150 copy

រូបរាងរចនាបទ

លើកនេះ Apple ពិតជាលេងមួយទំហឹងពិតមែន ជាមួយនឹងការបោះជំហានទៅមុខនៃបច្ចេកវិទ្យាថ្មី រូបរាងថ្មី ដែលអ្នកនឹកស្មានមិនដល់ ជាមួយនឹងការរចនារូបរាងថ្មី និងប្លែកជាងមុន ដោយតួម៉ាស៊ីនការពារដោយកញ្ចក់ស្វិត មានភាពរឹងម៉ាំ ពីខាងមុខ និងពីខាងក្រោយ អមមកជាមួយនឹងគែមជុំវិញអេក្រង់ការពារ Stainless Steel ជាលោហៈ ដែលមានភាពរឹងម៉ាំ និងមិនងាយឆ្កូត ថែមទាំងមិនងាយច្រេះស៊ី បើទោះបីជាប៉ះទឹកសមុទ្រក៏ដោយ ពិសេសគឺអាវក្រោះការពារធូលី និងទឹកត្រូវបានបំពាក់មកជាមួយរួចជាស្រេច។

1

នៅផ្ទៃខាងមុខពុំមានប៊ូតុង Home ទៀតឡើយ ដោយ Apple បានលុបបំបាត់ចោលទាំងអស់ ដោយជំនួសមកវិញជាមួយនឹងការប្រើប្រាស់អេក្រង់ក្នុងការបញ្ជាទៅលើមុខងារជាច្រើន តែក៏នៅរក្សានូវប៊ូតុងសំខាន់ៗដដែលផងដែរ ដូចជាប៊ូតុងសម្លេង ប៊ូតុងកាច់ញ័រ និងប៊ូតុង Siri ទៀតផង។ អេក្រង់ខាងមុខគឺជាចំនុចធំ ដែលធ្វើឲ្យ iPhone X លេចធ្លោខ្លាំងជាងគេបំផុត វាលាទសន្ធឹងធំមានគែមតិចបំផុត ដែលធ្វើឲ្យការប្រើប្រាស់មើលទៅពេញភ្នែកមែនទែន អរគុណទៅដល់អេក្រង់ទំហំ 5.8 អ៊ីញ ជាមួយនឹងកម្រិត Resolution ធំខ្លាំងដល់ទៅ 2436 x 1125p អមមកជាមួយនឹងកម្រិតដង់ស៊ីតេ 458ppi ធ្វើឲ្យការប្រើភ្នែកមើលទៅលើអេក្រង់ iPhone 10 លោតទៅកាន់បទពិសោធន៍ពិសេសថ្មីមួយផ្សេងទៀត ដែលអ្នកនឹងសរសើរវាចេញពីចិត្ត។

2

Apple ហៅអេក្រង់ថ្មីនេះថា Super Retina Display វាប្រើប្រាស់អេក្រង់ OLED ស៊េរីថ្មី អាចបង្ហាញពណ៌ដុតច្បាស់ដូចអេក្រង់ទូរទស្សន៍តម្លៃពាន់ដុល្លារអញ្ចឹងដែរ ថែមទាំង Support ជាមួយមុខងារ Doby Vision និង HDR10 អនុញ្ញាតឲ្យម្ចាស់របស់វាទស្សនាវីដេអូបែប HDR ក្នុងកម្រិតច្បាស់ត្រជាក់ភ្នែក ដែលស្មាតហ្វូនភាគច្រើនពុំអាចធ្វើទៅបាននៅឡើយ។ សម្រាប់មុខងារ 3D Touch នៅតែរក្សាដដែល អាចឲ្យយើងចុចសង្កត់បន្តិចសម្រាប់ជ្រើសរើស Option ផ្សេងៗចេញពីកម្មវិធី និងហ្គេមនានា។

កម្លាំងម៉ាស៊ីន

មិនខុសគ្នាពី iPhone 8 និង 8 Plus នោះទេ Apple បំពាក់ឈីប A11 Bionic ថ្មី ដែលជា CPU មានភាពវ័យឆ្លាត និងទំនើបជាងមុន ដោយវាមាន Core ដល់ទៅ 6 គ្រាប់ មាន 2 ខ្លាំង និង 4 ទៀតខ្សោយ ដែលជួយឲ្យ iPhone ជំនាន់ក្រោយទាំងអស់រត់បានកាន់តែលឿន ដំណើរការបានកាន់តែរហ័ស ជាមួយនឹងមុខងារថ្មីៗជាច្រើនរបស់​ Apple បានបង្កើត និងគ្រោងបង្កើននាពេលឆាប់ៗខាងមុខនេះ។ ជាការពិតណាស់ ជាមួយនឹង A11 Bionic ម្ចាស់ iPhone X ទាំងអស់នឹងទទួលបានល្បឿនកើនដល់ 25% សម្រាប់ការប្រើប្រាស់ Core មួយគ្រាប់ និងលោតដល់ 70% នៅពេលប្រើ Multithread ឬ CPU ច្រើនក្នុងពេលតែមួយ នេះបើយើងប្រៀបធៀបជាមួយនឹង A10 Fusion នៅលើ iPhone 7 និង​ 7 Plus។

a

ជាងនេះទៅទៀត Apple ក៏បានបង្កើនសមត្ថភាពកម្លាំង GPU ឲ្យកាន់តែលឿនជាងមុនផងដែរ ដោយវាដំណើរការបានលឿនជាងមុន 30% ធ្វើឲ្យការប្រើប្រាស់ទៅលើកម្មវិធី លេងហ្គេម រហ័សទាន់ចិត្ត ជាមួយ RAM ទំហំ 3GB ដដែល ពុំមានឡើងដល់ 4GB នោះទេ។

កាមេរ៉ា

iPhone X មានកាមេរ៉ាភ្លោះនៅខាងក្រោយដូច iPhone 8 Plus អញ្ចឹងដែរ តែវាមានសភាពបញ្ឈរមិនមែនផ្ដេកនោះទេ ហើយក៏មានសមត្ថភាពប្រសើរជាងផងដែរជុំវិញការថតរូប និងវីដេអូ ដោយវាទាំង 2 ដើរតួរដូចជា៖

  • កាមេរ៉ាពពួក Wide Angle Lens ទំហំ 12 មេហ្គាភិចសែល មានកម្រិត Aperture ធំបំផុត f/1.8
  • កាមេរ៉ាពពួក Telephoto ទំហំ 12 មេហ្គាភិចសែល មានកម្រិត Aperture ធំបំផុត f/2.4

កាមេរ៉ាទាំង 2 នេះមានមុខងារ OIS ទាំង 2 តែម្ដងដូចទៅនឹង Galaxy Note 8  ដែលធ្វើឲ្យការថតរូបកាន់តែមានភាពប្រសើរ ជួយកាត់បន្ថយរំញ័របានល្អ នៅពេលកាន់ជាប់ដៃ ពិសេសគឺវីដេអូថតបានកម្រិត 4K ហើយកម្រិត 1080p អាចថតបានដល់ល្បឿន 240fps ថែមទៀតផង។ Apple បានអះអាងទៀតថា ជាមួយនឹងកាមេរ៉ា iPhone X វាអាចទទួលពន្លឺបានច្រើនជាង iPhone 7 Plus ដល់ទៅ 60% អនុញ្ញាតឲ្យម្ចាស់ iPhone ធ្វើការថតរូបបានកាន់តែច្បាស់ ស្រស់ស្អាត មានកម្រិតគ្រាប់ Noise រំខាតតិចជាងមុន ថែមទាំងអាចថតរូបមានសកម្មភាពលឿនបានល្អទៀតផង។

មិនតែប៉ុណ្ណោះ Apple បានចុចត្រូវចំនុចអ្នកប្រើប្រាស់ស្មាតហ្វូនទូទៅតែម្ដង ដោយកាមេរ៉ាខាងមុខមានទំហំ 7 មេហ្គាភិចសែល ហើយយើងអាចធ្វើការថតរូបបែប Portrait បានទៀតផង ធ្វើឲ្យផ្ទៃមុខរបស់យើងផុះដាច់ពីផ្ទៃ Background បានល្អ អមមកជាមួយនឹងមុខងារផ្លាស់ប្ដូរពន្លឺនៃផ្ទៃខាងក្រោយរូបភាពទៀតផង ដែលអាចប្រើប្រាស់ជាមួយនឹងកម្មវិធីកាមេរ៉ាបាន។

4

ថាមពលថ្ម

និយាយដល់ថាមពលថ្ម Apple ពុំបានបង្ហើបថា តើកម្លាំងថ្មដែលបានវិចខ្ចប់នៅក្នុង iPhone X មានទំហំកម្លាំងប៉ុន្មាន mAh នោះទេ ដោយអះអាងជាសាធារណៈថា iPhone 10 អាចប្រើប្រាស់ថ្មបានយូជាង iPhone 7 ត្រឹមតែ 2 ម៉ោងប៉ុណ្ណោះ ដូច្នេះខ្ញុំគិតថា វានៅមិនទាន់មានកម្លាំងថ្មប្រើប្រាស់បានយូប៉ុន្មាននោះទេ អាចមកពីអេក្រង់ធំពេក ក៏ថាបាន។

ប្រព័ន្ធប្រតិបត្តិការ

មិនខុសពី iPhone 8 និង​ 8 Plus នោះទេ iPhone X ដំណើរការដោយ iOS 11 ចេញពីប្រអប់តែម្ដង ដែលជាប្រព័ន្ធប្រតិបត្តិការទំនើបជាងគេបំផុតក្នុងការប្រើប្រាស់ទូទៅប្រចាំថ្ងៃ ជាមួយនឹងមុខងារថ្មីៗ និងទំនើបជាច្រើន មិនត្រឹមតែសម្រាប់ប្រើនៅលើ iPhone នោះទេ គឺមានមុខងារសម្រាប់ភ្ជាប់ទៅកាន់ Apple Watch, កាស AirPods និងឧបករណ៍ផ្សេងៗទៀត។

បច្ចេកវិទ្យាថ្មីៗ

បច្ចេកវិទ្យាថ្មីមានច្រើនគួរសមនៅលើ iPhone X មានច្រើនគួរសម ដែលពុំមាននៅលើ iPhone 8 និង​ 8 Plus នោះទេ ដោយ Apple បានកែច្នៃឲ្យវាមានមុខងារពិសេសៗមួយចំនួនដូចខាងក្រោម៖

  • Face ID ៖ ពុំមានប៊ូតុង Home ទៀតនោះទេ ដូច្នេះការដោះសោរគឺត្រូវប្រើប្រាស់ផ្ទៃមុខទាំងស្រុង ឬប្រើលេខកូដសម្ងាត់ក៏បាន មានន័យថាដោះសោរដោយសម្លឹងមើលទៅលើសេនស័រខាងមុខនៃផ្ទៃអេក្រង់របស់ iPhone X ដោយ Apple បានបំពាក់សេនស័រមួយចំនួននៅផ្ទៃខាងមុខក្បែកាមេរ៉ា ដើម្បីសិក្សាអំពីទម្រង់មុខរបស់ម្ចាស់ iPhone X ដែលមិនងាយនឹងច្រឡំជាមួយនឹងផ្ទៃមុខអ្នកផ្សេងនោះទេ។ មុខងារថ្មីនេះ មិនត្រឹមតែអាចដោះសោរនៅពេលព្រឹក ថ្ងៃនោះទេ សូម្បីតែពេលយប់ក៏អាចដោះសោរបានដូចគ្នា ហើយអ្វីដែលពិសេសនោះគឺ មិនថាអ្នកពាក់មួកថ្មី ផ្លាស់ប្ដូរវែនតា ឬប្ដូរស្ទាយសក់នោះទេ iPhone X នៅតែស្គាល់ទម្រង់ផ្ទៃមុខរបស់ម្ចាស់វា។

5

  • Animoji ៖ បង្កើតថ្មីដោយ Apple យើងអាចប្រើប្រាស់មុខងារនេះនៅក្នុង iMessage ដោយអាចជ្រើសរើស Emoji ច្រើនជាង 50 ដោយឲ្យ Emoji និយាយតាមសម្លេងយើងនិយាយ និងធ្វើកាយវិការតាមចិត្តចង់ និងស្គាល់បានគ្រប់ភាសា។

6

  • សាកថ្មឥតខ្សែ ៖ iPhone X អាចសាកថ្មឥតខ្សែដូចគ្នា ដោយពុំចាំបាច់ដោយដុយ Lightning ទៀតនោះទេ តែ Apple ពុំបានបង្ហើបថាតើវានឹងចំនាយពេលប៉ុន្មានដើម្បីសាកថ្មមួយពេញឡើយ ដូច្នេះមានតែរង់ចាំមើលការធ្វើតេស្ដជាក់ស្ដែងទើបបានដឹង។

7

  • សាកថ្មតាម AirPower ៖ ឆ្នាំងសាកថ្មី ឈ្មោះថ្មី ដែលអាចសាក iPhone, Apple Watch 3 និងកាស AirPods បានដល់ទៅ 3 ក្នុងពេលតែមួយ! អាចសាកជាមួយ iPhone 8, 8 Plus និង X។

8

  • Bluetooth 5.0 ៖ ធ្វើឲ្យការប្រើប្រាស់ភ្ជាប់ទៅកាន់ឧបករណ៍ Bluetooth បានកាន់តែលឿន រហ័ស ឆ្ងាយជាងមុន និងស៊ីថ្មកាន់តែតិច។

ចំនុចអវិជ្ជមាន

សម្រាប់ការយល់ឃើញអំពីក្រុមការងារ Cambo Report មើលឃើញថា Apple​ ដុសខាត់បានល្អនូវអាវវុធធំរបស់ខ្លួននាចុងឆ្នាំនេះ ដោយវាមានចំនុចចាក់ដោតច្រើនទៅលើសេចក្ដីត្រូវការរបស់មហាជនទូទៅ តែអ្វីដែលជាចំនុចអវិជ្ជមាននោះគឺ យើងមិនសូវជាពេញចិត្តនូវកម្លាំងថ្ម ដែលវាអាចប្រើបានយូជាង iPhone 7 ដែលមានទំហំថ្ម 1960mAh ត្រឹមតែ 2 ម៉ោង? ដូចនេះតើថ្មរបស់ iPhone X អាចរស់បានប៉ុន្មានម៉ោងទៅ? អាចប្រហាក់ប្រហែល iPhone 7 Plus ឬយ៉ាងណា?

តម្លៃ និងថ្ងៃចេញលក់

iPhone X មានតែពីរពណ៌ប៉ុណ្ណោះ គឺខ្មៅចេញប្រផេះ (Space Grey) និងពណ៌ប្រាក់ ជាមួយនឹងទំហំផ្ទុកក្នុងម៉ាស៊ីន 64GB និង 256GB ដោយត្រៀមបើកឲ្យធ្វើការកម្មង់ទុកមុននៅថ្ងៃទី 27 ខែតុលាឆ្នាំ 2017 នេះឯង និងត្រៀមចេញលក់ជាផ្លូវការក្នុងទីផ្សារអន្តរជាតិនៅថ្ងៃទី 3 ខែវិច្ឆិកា ចុងឆ្នាំនេះ ជាមួយនឹងតម្លៃចាប់ផ្ដើម 999$ សម្រាប់ម៉ូឌែល 64GB។

9

ចំណាប់អារម្មណ៍

នេះគឺជាការបោះជំហានដ៏ល្អមួយរបស់ Apple ក្នុងការបង្ហាញកំពូលស្មាតហ្វូនមានអេក្រង់លាតរបស់ខ្លួនចូលទៅកាន់ទីផ្សារអន្តរជាតិ ខណៈកំពូលស្មាតហ្វូនរបស់ក្រុមហ៊ុនដ៏ទៃទៀតបានបោះទុនចូលរួចទៅហើយ អមមជាមួយសមត្ថភាពមិនធម្មតាផងដែរ តែសំនួរសួរថា តើ iPhone X នឹងអាចទទួលបានជោគជ័យដែលឬទេ? ប្រាកដណាស់គឺអាច បើទោះបីជាវាមានតម្លៃថ្លៃលើស 100០$ ក៏ពិតមែននៅពេលមកដល់ទីផ្សារស្រុកខ្មែរ តែវានៅតែមានអ្នកត្រៀមទិញយកទៅប្រើប្រាស់អញ្ចឹង ព្រោះដូចបានបញ្ជាក់ខាងដើមអញ្ចឹង Apple បានវិចខ្ចប់រាល់ចំនុចសំខាន់ ក៏ដូចជាមុខងារទំនើបៗជាច្រើននៅក្នុង iPhone X ដែលវាបានធ្វើឲ្យអ្នកប្រើប្រាស់ស្មាតហ្វូនមួយភាគធំឈ្លក់វង្វេងជាមួយនឹងវារួចទៅហើយ។

សម្រាប់ខ្ញុំផ្ទាល់ តម្លៃដែលថ្លៃជាង iPhone 8 Plus ចំនួន 200$ ក្នុងទីផ្សារអន្តរជាតិមិនមែនជាបញ្ហាធំដុំនោះទេ ព្រោះអ្វីដែលយើងទទួលបានគឺបទពិសោធន៍មិនធ្លាប់មិនពីមុខមកក្នុងប្រវត្តិសាស្ត្រស្មាតហ្វូនរបស់ក្រុមហ៊ុន Apple ជាមួនឹងស្មាតហ្វូនកម្លាំងកប់ មានភាពវ័យឆ្លាត អាចថតរូប និងវីដេអូបានច្បាស់ ថែមទាំងមានសុវត្ថិភាពផងដែរ។ Cambo Report នឹងត្រៀមចេញផ្សាយវីដេអូ Review នៃ iPhone ទាំង 3 ដែលទើបនឹងប្រកាសនេះឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ដែលពេលនោះហើយ អ្នកនឹងបានដឹងកាន់តែលម្អិតជាមួយនឹងមុខងារ ក៏ដូចជាលក្ខណៈសម្បត្តិសំខាន់ៗ ដែលពួកវាមាន។

10

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 3:15 AM, 13 September
  • ប្រភព: Apple
  • Tag: ទូរស័ព្ទ