ទំព័រដើម    >    កាម៉េរ៉ា    >    ព័ត៌មាន    >    កំពូល​កាមេរ៉ា​ក្នុង​ក្ដី​ស្រម៉ៃ Canon EOS 5D Mark 4 ប្រកាស​ចេញ​ជា​ផ្លូវ​ការ​ហើយ! ស្អាត​ម្ល៉េះ​ទេ!

កំពូល​កាមេរ៉ា​ក្នុង​ក្ដី​ស្រម៉ៃ Canon EOS 5D Mark 4 ប្រកាស​ចេញ​ជា​ផ្លូវ​ការ​ហើយ! ស្អាត​ម្ល៉េះ​ទេ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

អ្នកថតរូបអាជីព និង​អ្នកស្រលាញ់​ការ​ថត​រូប​កម្សាន្ត ក៏ដូច​ជា​អ្នកចូល​ចិត្តម៉ាស៊ីន​កាមេរ៉ា​របស់ Canon ប្រាកដ​ជា​ស្គាល់​ម៉ូឌែល EOS 5D Mark III ជាក់​ជា​មិន​ខាន ដែល​វា​មាន​វត្តមាន​ចាប់​តាំងពី​ឆ្នាំ 2012 មក​ម្ល៉េះ គិតមកដល់ឆ្នាំនេះវាប្រឡូកខ្លួនក្នុងទីផ្សារ​ ក៏ដូចជារកប្រាក់ឲ្យអ្នកបានច្រើនណាស់​ទៅ​ហើយ​ដែរ​ក្នុងរយៈពេល 4 ឆ្នាំកន្លងមកនេះ។ ដូច្នេះវាគួរតែដល់ពេល Canon យកអាវុធថ្មីស្រឡាងមួយផ្សេង​ទៀត​ជំនួសអាវុធចាស់របស់ខ្លួនហើយ ក៏ដូចជាដេញស៊េរីទៅតាមតម្រូវការរបស់អ្នកប្រើប្រាស់​កាមេរ៉ា​ទូទាំងពិភពលោក ក្នុងការនាំយកម៉ាស៊ីន EOS 5D Mark IV មកចេញលក់ក្នុងទីផ្សារនាចុងឆ្នាំ 2016 នេះហើយ។

0cover

ក្រុមហ៊ុន Canon ប៉ុន្មានម៉ោងមុននេះបន្តិចបានប្រកាសចេញជាផ្លូវការ នូវកំពូលម៉ាស៊ីនកាមេរ៉ា DSLR​ ជំនាន់ថ្មីរបស់ខ្លួនគឺ EOS 5D Mark IV/4 ចេញមុខជំនួស EOS 5D Mark III/3 ជាមួយ​នឹង​ការ​បង្កើន​សមត្ថភាព​កាន់​តែប្រសើរលើសពីការស្មាន។ ខាងក្រោមគឺជាពត៌មានផ្លូវការ ជុំវិញកម្លាំងម៉ាស៊ីន និង​សមត្ថភាពគោលៗមួយចំនួនដែល EOS 5D Mark IV អាចធ្វើទៅបាន សម្រាប់ការថតរូប និង​វីដេអូ​ក្នុង​រយៈពេល 4 ឆ្នាំទៅមុខទៀតទម្រាំ Canon ចេញ EOS 5D Mark V ម្ដងទៀត។

តើមានអ្វីប្លែក និងថ្មីខ្លះនៅលើ EOS 5D Mark IV?

និយាយដល់អ្វី ដែលប្លែក និងថ្មីនោះគឺមានច្រើនណាស់សម្រាប់កំពូលកាមេរ៉ា DSLR ពពួក Full-frame មួយនេះ ព្រោះជាមួយ EOS 5D Mark IV នេះវាបានកែប្រែរូបរាងទាំងមុខ ទាំងក្រោយ ឆ្វេង ស្ដាំ លើ ក្រោម ដោយប្លែកជាង EOS 5D Mark III ដោយវាមានភាពប្រសើរជាងមុន​ក្នុង​ការប្រើ​ប្រាស់ បង្កឲ្យមានភាពងាយស្រួលក្នុងការចុចបញ្ជា ការកំណត់មុខងារជាដើម។ 5D Mark IV មាន​វិមាត្រ​សរុប 151 x 116 x 76 មីលីម៉ែត្រ ជាមួយនឹងទម្ងន់ 890 ក្រាម (មិនរាប់បញ្ចូលកែវលែន)។ ជាងនេះទៅទៀត EOS 5D Mark IV បានបំពាក់មកជាមួយ Processor Digic 6+ រួមនឹងសេនស័រ​ជំនាន់​ថ្មីជាប្រភេទ CMOS មានទំហំធំដល់ទៅ 36 x 24 មីលីម៉ែត្រ ធ្វើឲ្យម៉ាស៊ីននេះមាន​សមត្ថភាព​ថតរូប​បានដល់ទំហំ 34 មេហ្គាភិចសែលឯណោះ ជាមួយនឹងល្បឿនថតរូបបាន 7 ប៉ុស្ដិ៍ក្នុង 1 វិនាទី អាចឲ្យអ្នកប្រើប្រាស់កាន់វាថតបានស្ទើតែគ្រប់សកម្មភាព។​

1

2

សមត្ថភាពប្រព័ន្ធពន្លឺ ISO គឺអាចកំណត់ចាប់ពី 100 ឡើងដល់ 32000 ហើយក៏បង្កើនទៅ ISO ចាប់ពី 50 ឡើងដល់ 102400 តែម្ដង ដែលបង្កភាពងាយស្រួលក្នុងការថតនៅទីកន្លែងភ្លឺពេក ឬទាប​ពេក​ជា​ដើម អនុញ្ញាតឲ្យអ្នកថតគ្រប់គ្រងពន្លឺបានយ៉ាងប្រសើរ អមមកជាមួយកម្រិត White Balance ចំនួន 6។ ចំនែកល្បឿន Shutter Speed វិញគឺអាចថតបានលឿនបំផុត 1/8000 វិនាទី និងយឺតបំផុត 30 វិនាទី បើចង់ថតច្រើននាទីត្រូវកាច់កងបង្វិលទៅមុខងារ Bulb តែម្ដង ស្របគ្នាជាមួយនឹងមុខងារ 5 ផ្សេង​ទៀតដូចជា Program, TV, AV, Manual និង Scene Intelligent Auto ផងដែរ។ មុខងារថ្មី​មួយ​ដែល​ខ្ញុំចាប់អារម្មណ៍ជាងគេគឺ Dual Pixel Raw ដែលមុខងារថ្មីមួយជួយ​ទៅ​ដល់​ពន្លឺរបស់​រូបភាព​នីមួយៗ​ដែលបានថត ពិសេសវាក៏ភ្ជាប់មកជាមួយ WiFi និង GPS មកជាប់ម៉ាស៊ីនរួចជាស្រេចតែម្ដង។

បង្កើនចំនុច និងសមត្ថភាព Focus Point ឲ្យកាន់តែប្រសើរ

ចំនុច Focus នេះសំខាន់បំផុតសម្រាប់អ្នកថតរូបទាំងអស់ ព្រោះវាផ្ដល់ចម្លើយទៅដល់អ្នកមើលមក​លើ​រូបភាព​របស់អ្នករថរួចនូវអ្វីដែលអ្នកចង់បង្ហាញ ជាជាងការ Focus ខុសចំនុចជាដើម ដែលធ្វើឲ្យរូបភាព​បាត់បង់សោភ័ណភាព មើលទៅខុសបច្ចេកទេសតែម្ដង។ ជាមួយ EOS 5D Mark IV ក្រុមហ៊ុន Canon បានបង្កើនសមត្ថភាព Focus Point ឡើងទៅដល់ 61 ចំនុចជាប្រភេទ Cross Type​ ទាំងអស់ ងាយស្រួលទៅដល់អ្នកប្រើប្រាស់ក្នុងការជ្រើសរើសចំនុចត្រូវ Focus តាមស្ថានភាព និងស្ថានការណ៍​ជាក់​ស្ដែង​តែម្ដង ពិសេសមុខងារ Dual Pixel AF ដែលជួយទៅដល់ការ Focus ដោយស្វ័យប្រវត្តិនៅ​ពេល​ថត​វីដេអូដូចពពួកម៉ាស៊ីនផ្សេងទៀត ដែលបំពាក់មកជាមួយមុខងារនេះ។

3

អេក្រង់ខាងក្រោយកាន់តែពិសេសជាងមុន

ទីបំផុតមុខងារ Touch Screen បានមកដល់ EOS 5D Mark IV ហើយ ដែលយើងអាចចុចបញ្ជា​រាល់​មុខងារ​ជាច្រើនរបស់វាដោយប្រើប្រាស់ម្រាមដៃផ្ទាល់ ធ្វើឲ្យកិច្ចការដំណើរការបានរហ័ស និងងាយ​ស្រួល​មិន​ខាតពេល។ អេក្រង់នោះជាប្រភេទ TFT LCD មានទំហំ 3.2 អ៊ីញ មាន Dot អេក្រង់ 1 លាន 62 សែន ធ្វើឲ្យវាបង្ហាញរូបភាពបានដិតពណ៌ និងម៉ដ្ឋរលោងជាង EOS 5D Mark III ច្រើន។

4

ថតវីដេអូបានធំជាងមុន

មកដល់ឆ្នាំនេះទៅហើយ EOS 5D Mark IV បានបង្កើនសមត្ថភាពខ្លួនជុំវិញមុខងារថតវីដេអូផងដែរ ដោយវាអាចធ្វើការថតវីដេអូបានដល់កម្រិត 4K ឯណោះ ជាមួយនឹងល្បឿន 24/25/30fps ជាប្រភេទ​វីដេអូ Motion JPEG ប៉ុណ្ណោះ ហើយថែមទាំងមិនអាចដោយទៅកាន់អេក្រង់ផ្សេងតាមរយៈ HDMI ទៀត។ តែបើថតក្នុងវីដេអូត្រឹមកម្រិត FullHD វិញវាមានសមត្ថភាពថតបានក្នុងល្បឿន 24/25/30/50/60fps តាមការជ្រើសរើស ថែមទាំងអាចភ្ជាប់ទៅកាន់ Monitor ខាងក្រៅ​តាមរយៈ HDMI ថែមទៀត។

៥

មេម៉ូរី និងរន្ធតំណភ្ជាប់នានា

ម៉ាស៊ីន EOS 5D Mark IV អាចប្រើប្រាស់ជាមួយនឹងមេម៉ូរីបាន 2 ក្នុងពេលតែមួយជាប្រភេទ SDXC និងជាប្រភេទ CF កាត ពុំមានជាប្រភេទមេម៉ូរី C-Fast កាតឡើយ។ នៅផ្នែកខាងឆ្វេង​យើង​ឃើញ​មាន​រន្ធ USB 3.0, Mini HDMI, រន្ធកាស 3.5mm, រន្ធបន្ថែមឧបករណ៍ស្រូបសម្លេង និងរន្ធភ្ជាប់ទៅ​ឧបករណ៍​ភ្លើងជំនួយជាដើម រីឯឆាងស្ដាំវិញពុំមានអ្វីទាំងអស់ក្រៅពីកន្លែងរុញមកក្រោយ ដើម្បី​បង្ហើប​ដាក់​​មេម៉ូរីកាត និងមុខងារ NFC នៅត្រង់នោះផងដែរ ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ស្មាតហ្វូន Android ភ្ជាប់ទៅកាន់កាមេរ៉ាដើម្បីទាញយករូបភាព និងវីដេអូទុកចែករំលែកជាដើម។ ចុងក្រោយ​គឺនៅ​ខាង​ក្រោម​គឺជារន្ធសម្រាប់ដាក់ថ្មមួយគ្រាប់។​

6 7

សរុបសេចក្ដីមក EOS 5D Mark IV គឺជាកំណែ Update ដ៏ធំមួយរបស់ Canon ដែលបានចំនាយ​ពេល​​យូរ​គ្រាន់បើដែរក្នុងការដុសខាត់កំពូលកាមេរ៉ារបស់ខ្លួនពីមួយជំនាន់ទៅមួយជំនាន់។ Cambo Report ជឿថា EOS 5D Mark IV នេះនឹងក្លាយទៅជាកាមេរ៉ាដ៏ពេញនិយមមួយដូចទៅនឹង EOS 5D Mark III ផងដែរ ដោយនឹងមានអ្នកអាជីពមួយចំនួនត្រៀមទិញយកមកប្រើប្រាស់ផងដែរ ហើយ​បើអ្នក​សួរខ្ញុំថា តើគួរតែធ្វើការ Upgrade ម៉ាស៊ីនយ៉ាងណានោះ Cambo Report នឹងផ្ដល់ចម្លើយ​កាន់​តែ​ច្បាស់​នៅ​ពេលម៉ាស៊ីន EOS 5D Mark IV នេះធ្លាក់មកដល់ដៃក្រុមការងារយើងខ្ញុំ ហើយយើង​នឹង​ធ្វើ​ការ Review បង្ហាញលក្ខណៈសម្បត្តិជូនប្រិយមិត្តឲ្យបានដឹងកាន់តែច្បាស់អំពីវា ដូច្នេះកុំភ្លេចតាមដាន​ជាមួយយើងនាពេលក្រោយទៀត។

8

គួរបញ្ជាក់ផងដែរថាបច្ចុប្បន្ន EOS 5D Mark IV បើកឲ្យកម្មង់ទិញហើយ ហើយវា​នឹងត្រៀម​ចេញលក់​ជាផ្លូវការ​នៅ​ដើមខែកញ្ញា ឆ្នាំ 2016 ខាងមុខឆាប់ៗនេះឯង ជាមួយនឹងតម្លៃប្រហាក់ប្រហែល 3500$ សម្រាប់តួម៉ាស៊ីន ឬ 4400$ មានដូចជាម៉ាស៊ីនអមមកជាមួយនឹងកែវលែន 24-70mm ឬឡើងដល់ 4600$ ដោយភ្ជាប់មកជាមួយនឹងកែវលែន 24-105mm ជាប្រភេទ SUM លែន។ សម្រាប់តម្លៃនៅ​ស្រុក​ខ្មែរយើង​នៅមិនទាន់កំណត់ច្បាស់នៅឡើយទេ តែយើងនឹងរង់ចាំមើលទាំងអស់គ្នា។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

cambo

  • ដោយ: Por
  • 2:20 PM, 25 August
  • ប្រភព: DPReview
  • Tag: កាម៉េរ៉ា