ទំព័រដើម    >    កាម៉េរ៉ា    >    ព័ត៌មាន    >    Panasonic Lumix FZ1000 ជា​កាមេរ៉ា​មាន​សមត្ថភាព​ខ្ពស់ តម្លៃ​ធូរ​ថ្លៃ​មែនទែន

Panasonic Lumix FZ1000 ជា​កាមេរ៉ា​មាន​សមត្ថភាព​ខ្ពស់ តម្លៃ​ធូរ​ថ្លៃ​មែនទែន

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប៉ុន្មានថ្ងៃមុននេះក្រុមហ៊ុនបច្ចេកវិទ្យា Panasonic របស់​ជប៉ុន​បាន​ប្រកាស​ចេញ​កាមេរ៉ា​ថ្មី​មួយ​ម៉ូឌែល​មាន​ឈ្មោះ​ជា​ផ្លូវ​ការ​ថា Lumix FZ1000 ដែល​ជា​ប្រភេទ​កាមេរ៉ា​ឌីជីថល​មាន​ទំហំ​តូច​ជាង​គេ​បំផុត​លើ​លោក​មាន​សមត្ថភាព​អាច​ធ្វើ​ការ​ថត​វីដេអូ​ក្នុង​កម្រិត​មួយ​ខ្ពស់​ដល់​ទៅ 4K ឯ​ណោះ ដែល​កាមេរ៉ា​ឌីជីថល​ជា​ច្រើន​មិន​អាច​ធ្វើ​ទៅ​បាន។ កាមេរ៉ា​នេះ​ត្រូវ​បាន​រំពឹង​ទុក​ថា​ជា​គូ​ប្រកួត​ប្រជែង​ជាមួយ​កាមេរ៉ា​របស់ SONY ត្រកូល RX10។

cover

យ៉ាងណាមិញកាមេរ៉ានេះគឺជាប្រភេទ​ឌីជីថល តែ​ដោយ​មើល​ទៅ​លើ​រូប​រាង​របស់​វា​អ្នក​ទាំង​អស់​គ្នា​អាច​ដឹង​យ៉ាង​ច្បាស់​ថា​វា​គឺ​ជា​ប្រភេទ DSLR តែ​មិន​ដឹង​ថា​ហេតុអ្វី​បាន​ជា Panasonic ដាក់​ម៉ូឌែល​នេះ ជា​ប្រភេទ​ឌីជីថល​ទៅ​វិញ នោះ​ក៏​ដោយសារ​តែ​វា​មិន​អាច​ធ្វើ​ការ​ផ្លាស់​ប្ដូរ Lens បាន? រឿង​នេះ​មាន​តែ Panasonic ប៉ុណ្ណោះ​ដែល​ដឹង តែ​សម្រាប់​អ្នក​ប្រើ​ប្រាស់​យើង​មិន​បាច់​ខ្វល់​អ្វី​ច្រើន​អំពី​ឈ្មោះ​ស្អី​ហ្នឹង​នោះ​ទេ សំខាន់​បំផុត​គឺ​គុណភាព សមត្ថភាព និង​តម្លៃ​របស់​វា ថា​តើ​យើង​ពេញ​ចិត្ត​វា​ដែរ​ទេ។

1

Lumix FZ1000 មាន Sensor ខាង​ក្នុង​ទំហំ 1 អ៊ីញ មាន​សមត្ថភាព​ថត​រូប និង​វីដេអូ​នៅ​ទី​កន្លែង​មាន​ពន្លឺ​តិច​បាន​ច្បាស់ វា​មាន​កាមេរ៉ា​ទំហំ 20 មេហ្គា​ភិចសែល​ចាប់​យក​រូបភាព​បាន​ក្នុង​កម្រិត​ 5472 x 3648p។ វា​ក៏​មាន Processor ឈ្មោះ Venus ដែល​ជួយ​ទៅ​ដល់​ការ​ថត​រូប​បាន​ក្នុង​ល្បឿន​រហ័ស​ដល់​ទៅ 12 សន្លឹក​ក្នុង 1 វិនាទី រួម​នឹង Lens 25-400mm មាន​ផ្ទាំង​បង្អួច​ពន្លឺ f/2.8-4.0 អាច​អោយ​ការ​ថត​រូប​របស់​អ្នក​ប្រើ​ប្រាស់​បាន​ច្រើន​កាលៈទេសៈ ក៏​ដូចជា​ការ Zoom 16x ចេញ​ចូល​បាន​ល្អ ពិសេស​បំផុត​នោះ Lens របស់​វា​អាច​ថត​ទៅ​លើ​អ្វី​មួយ​ក្នុង​រយៈ​ចម្ងាយ​ជិត​បាន​យ៉ាង​ច្បាស់ មិន​បាច់​នៅ​ឆ្ងាយ​ពេក​នោះ​ឡើយ ដូច្នេះ​សម្រាប់​ការ​ថត​រូប​ជា​ប្រភេទ Close Up ឬ​ថត​អាហារ​គឺ​សាក​សម​បំផុត។

2

បើនិយាយអំពីសមត្ថភាពថត​វីដេអូ​វិញ​គឺ​ជា​ចំនុច​ពិសេស​មួយ​របស់​កាមេរ៉ា​នេះ ដោយ​វា​អាច​ថត​យក​វីដេអូ​ក្នុង​កម្រិត 4K បាន​ផុយៗ ជាមួយ​នឹង​ល្បឿន 30fps ហើយ​វា​ក៏​អាច​ថត​វីដេអូ​ក្នុង​កម្រិត 1080p, 720p និង 640p មាន​ជម្រើស​ល្បឿន Frame តាម​ការ​ថត​របស់​អ្នក​ប្រើ​ប្រាស់​យ៉ាង​សំបូរ​បែប។ កាន់​តែ​ពិសេស​វា​ក៏​ភ្ជាប់​មក​ជាមួយ Wifi ក្នុង​ម៉ាស៊ីន​ស្រាប់ អាច​ធ្វើ​ការ​ចែក​រំលែក​រូបភាព​ភ្លាមៗ​ទៅ​កាន់​ស្មាតហ្វូន ថេប្លេត ជាមួយ​សន្ទុះ​ល្បឿន​លឿន មិន​ខាត​ពេល​វេលា។

3

លក្ខណៈទូទៅរបស់ PANASONIC LUMIX FZ1000

ប្រភេទ SLR-Like • Resolution អតិបរមា 5472 x 3648
• ទំហំកាមេរ៉ា 20 មេហ្គាភិចសែល • ទំហំ APS-C (17.3 x 13 មម)
• ប្រភេទ Sensor CMOS • Processor Venus
• ល្បឿនចាប់យករូបភាព 12fps • ISO Auto 125 ដល់ 12800 (80-25600)
• កំរិតនៃការ Zoom 16x • មិនអាចប្តូរ Len
• អេក្រង់អាចបង្វិលបិទបើកបាន • ទំហំអេក្រង់ 3 អ៊ីញ
• Dots អេក្រង់ 921,000 • ប្រភេទវីដេអូកាម៉ារ៉ា MPEG-4, H.264
• ប្រភេទអង្គចងចាំ SD/SDHC/SDXC • USB 2.0 (480 Mbit/វិនាទី)
• មាន Wifi • ទំងន់(រួមទាំងថ្ម) 360 ក្រាម
• វិមាត្រ 137 x 99 x 131មម • ​ តម្លៃប្រហាក់ប្រហែល 899.99$ (រួមនឹង Lens 25-400mm)

5

សរុបសេចក្ដីមក Panasonic Lumix FZ1000 ជា​ប្រភេទ​កាមេរ៉ា Digital ប៉ុណ្ណោះ តែ​វា​មាន​រូប​រាង​ដូច​ទៅ​នឹង​កាមេរ៉ា​ប្រភេទ Digital SLR ផង​ដែរ រួម​នឹង​សមត្ថភាព​មួយ​ចំនួន​ខ្លាំង​ជាង​កាមេរ៉ា DSLR ថែម​ទៀត​ផង ពិសេស​វា​អាច​ថត​វីដេអូ​ក្នុង​កម្រិត 4K បាន​ធំ​ហើយ​ច្បាស់ ដែល​កាមេរ៉ា Digital ជា​ច្រើន​មិន​អាច​ធ្វើ​បាន។ កាមេរ៉ា​នេះ​នឹង​ត្រៀម​លក់​នា​ខែ​កក្កដា​ក្រោយ​នេះ​ជាមួយ​តម្លៃ​ធូរ​ថ្លៃ​ត្រឹម​តែ 899.99$ ប៉ុណ្ណោះ។

វីដេអូកម្រិត 4K ថតដោយកាមេរ៉ា Lumix FZ1000

  • ដោយ: Vongthear
  • 1:45 PM, 25 February
  • ប្រភព: Theverge
  • Tag: កាម៉េរ៉ា