ទំព័រដើម    >    ចំណេះដឹងទូទៅ    >    6 ចំណុចដែល​ជួយ​ឱ្យ​អ្នក​ឆាប់​ងងុយ​គេង

6 ចំណុចដែល​ជួយ​ឱ្យ​អ្នក​ឆាប់​ងងុយ​គេង

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ដំណេកគឺជាពេលវេលាមួយដែល​មនុស្ស​យើង​ម្នាក់ៗ ត្រូវ​ការ​ចាំ​បាច់​ជា​រៀង​រាល់ថ្ងៃ សម្រាប់​រាង​កាយ​ទាំងមូល និង​ខួរក្បាលរបស់យើងត្រូវការសំរាក ហើយដំណេកនេះ​អាចជួយ​បានច្រើន​ទៅ​ដល់​ការ​លូត​លាស់​នៃជាលិកា សម្ពាធឈាម និងសម្អាតទិន្នន័យក្នុងខួរក្បាលរបស់យើងផងដែរ។ ដូចនេះប្រសិន​បើ​យើងមិនបានគេងឱ្យបានគ្រប់គ្រាន់ទេនោះ សុខភាពរបស់យើងក៏ប៉ះពាល់ទៅតាមហ្នឹងដែរ។

កាលពីមុនបញ្ហាគេងអត់លក់កើតមានឡើងច្រើន តែជាមួយមនុស្សស្ថិតវ័យកណ្តាលប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​ពេលបច្ចុប្បន្ននេះវិញ មានមនុស្សជាច្រើនកំពុងប្រឈមមុខជាមួយនឹងបញ្ហាគេងអត់លក់នេះ មិន​ថា​មនុស្សវ័យកណ្ដាល ឬក៏វ័យជំទង់ និងយុវវ័យឡើយ សុទ្ធតែ​កំពុង​មានប​ញ្ហា​ទៅលើការគេង​អត់​លក់​នេះ។ អញ្ចឹងថ្ងៃនេះ យើងមកស្វែងយល់អំពីចំណុច ៦ យ៉ាងដែលអ្នកវិទ្យាសាស្ត្របានរកឃើញថា ជួយ​ឱ្យ​លោកអ្នកគេងឆាប់ងងុយគេង និងគេងបានលក់ស្រួល។ 

cover

Final 1000x150 copy

  1. អានសៀវភៅ

នៅពេលដែលលោកអ្នកកំពុងគេងនៅលើគ្រែ ហើយមានអារម្មណ៍ថាគេងអត់លក់នោះ សូមកុំនៅលើ​គ្រែ​ទៀត​អី វាអាចធ្វើឱ្យអ្នកមានអារម្មណ៍កាន់តែធុញធប់ថែមទៀត។ អញ្ចឹងហើយ យើងគួរតែងើបមក​អាន​សៀវ​ភៅ​វិញ ព្រោះការអានសៀវភៅជួយធ្វើឱ្យអារម្មណ៍របស់អ្នកទោរទន់ល្អ ហើយងាយនឹងងងុយគេង​បាន​ឆាប់។ ម៉្យាងទៀតប្រសិនបើលោកអ្នកទៅអានលំហាត់ និងចំណោទរបស់មុខវិទ្យាគណិត ឬរូបវិទ្យា​ដែល​អ្នកមិនសូវយល់ទៀតនោះ វាកាន់តែធ្វើឱ្យអ្នកងងុយគេងថែមទៀត។ ហេតុដូច្នេះហើយទើប អ្នក​ចូល​ចិត្តអានសៀវភៅតែងតែមានកាហ្វេជំនួយ ឬញ៉ាំទឹកឱ្យបានច្រើន ដើម្បីជួយ​ពួកគេមិនឱ្យងងុយ​គេង​។

1

  1. ចូលគេងឱ្យបានទៀងម៉ោង

លោកអ្នកគួរតែងកំណត់ទម្លាប់នៃការគេង និងទម្លាប់ក្រោកឱ្យបានទៀងទាត់ល្អ ឧទាហរណ៍ដូចជា​ទម្លាប់​ចូល​គេងម៉ោង 10:30 យប់និងក្រោកម៉ោង 5:30 ព្រឹកជាដើម។ នៅពេលដែលអ្នកចូលគេង​ទៀង​ម៉ោង​ល្អជា​រៀងរាល់ថ្ងៃបានបែបនេះ វានឹងក្លាយទៅជាទម្លាប់មួយ អញ្ចឹងឱ្យតែដល់ម៉ោង 10:30 អ្នកនឹងមាន​អារម្មណ៍​ងងុយគេងតែម្តង ហើយដល់ម៉ោង 5:30 អ្នកនឹងភ្ញាក់ ហើយស្វាងតែម្តង ទោះបីចង់ចូលគេងវិញ​ក៏​គេង​លែង​លក់ដែរ។

2

  1. កុំប្រើប្រាស់ទូរស័ព្ទនៅម៉ោងចូលគេង

មនុស្សភាគច្រើននាពេលបច្ចុប្បន្ន មានទម្លាប់ប្រើប្រាស់ទូរស័ព្ទនៅពេលចូលគេង ដែលនេះហើយ​ជា​ហេតុធ្វើ​ឱ្យពួកគេមានអារម្មណ៍មិនសូវងងុយគេង ដោយសារតែពន្លឺនៃអេក្រង់ដែលបានជះ​មកលើភ្នែក​របស់​យើង វាបានទៅបំផ្លាញអរម៉ូនដំណេករបស់យើង ដូចនេះធ្វើឱ្យយើងសមត្ថភាពងងុយគេង​របស់​យើង ថយចុះ។ ហើយបើបានលេងហ្គេមទៀតនោះ គឺកាន់តែធ្វើឱ្យជក់ចិត្ត លែងមានអារម្មណ៍​ចង់គេង​តែ​ម្តង។

3

  1. ធ្វើលំហាត់ប្រាណ

ការធ្វើលំហាត់ប្រាណក៏ជាចំណុចសំខាន់មួយ ដែលជួយដល់សរីរាង្គកាយរបស់យើងមានសុខភាពល្អ មិន​ត្រឹម​តែប៉ុណ្ណោះ វាក៏ជួយដល់ដំណេករបស់យើងមួយផ្នែកដែរ ព្រោះយើងបានបញ្ចេញញើស និង​មាន​សារជាតិពុល​នៅក្នុងខ្លួនរបស់យើងចេញ ហើយក៏ជួយឱ្យយើងគេងឆាប់លក់ផងដែរ ដោយសារតែយើង​នឿយ​ហត់​អស់​កម្លាំង និងការធ្វើពលកម្ម។

4

  1. ធ្វើសមាធិ និងបន្ធូរអារម្មណ៍

មនុស្សជាច្រើនបានយល់ច្រលំថាការធ្វើសមាធិ ជាការតាំងសិល្ប៍បែបសាសនា ប៉ុន្តែវាមិនមែន​អញ្ចឹង​នោះ​ទេ ផ្ទុយទៅវិញសមាធិគឺគ្រាន់តែជាធ្វើលំហាត់ប្រាណផ្នែកផ្លូវចិត្តយើងប៉ុណ្ណោះ ហើយវាមាន​ប្រយោជន៍​ជាច្រើនដល់សុខភាពយើង ហើយធ្វើសមាធិនេះត្រូវបានគេប្រើប្រាស់ច្រើននៅក្នុងកីឡា Yoga​។ សមាធិ ធ្វើឱ្យអារម្មណ៍របស់អ្នកស្រស់ស្រាយល្អ កាន់បន្ថយភាពតានតឹង ស្ត្រេស, ជំនួយដល់​សម្ពាធ​ឈាម ​និងចង្វាក់បេះដូង, ជួយដល់ជំងឺបាក់ទឹកចិត្ត និងជួយបានជាច្រើនទៀតនៅក្នុងផ្លូវ​អារម្មណ៍របស់​អ្នក​។ ដូចនេះវាក៏ជួយឱ្យយើងអាចគេងពេលយប់បានលក់ស្រួលផងដែរ។ 

5

  1. រាប់លេខនៅពេលគេង

វិធីចុងក្រោយនេះ គឺងាយជាងគេ ហើយសម្រាប់មនុស្សមួយចំនួនប្រាកដជាធ្លាប់បានដឹងរួចមកហើយ ដែល​ម្តាយឪពុករបស់យើងធ្លាប់បានប្រាប់នៅពេលដែលយើងនៅតូច ឱ្យយើងរាប់លេខដល់ 100 ជា​ច្រើន​ដង​នៅពេលគេងអត់លក់។ វិធីធ្វើឱ្យអារម្មណ៍របស់ផ្តោតទៅលើអ្វីមួយជាក់លាក់ មិនរវើរវាយ ដូចនេះ​ចិត្តរបស់យើងស្ងប់ស្ងាត់ល្អ ហើយក៏ងាយនឹងទទួលអារម្មណ៍ងងុយគេងដែរ។

6

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 2:37 PM, 03 October
  • ប្រភព: Tech Insider
  • Tag: ចំណេះដឹងទូទៅ