ទំព័រដើម    >    ពិពណ៌នា    >    ការបង្ហាញ​លក្ខណៈ​សម្បត្តិ Xiaomi Mi Mix

ការបង្ហាញ​លក្ខណៈ​សម្បត្តិ Xiaomi Mi Mix

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រិយមិត្តទាំងអស់​គ្នា អាច​ស្វែង​រក​ជាវ​ស្មាត​ហ្វូន​របស់ Xiaomi ម៉ូឌែល Mi Mix នេះ​នៅ​តាម​បណ្ដា​ហាង​លក់​ទូរស័ព្ទ​នានា ក្នុងទីផ្សារប្រទេសកម្ពុជាយើងបាន ជាមួយតម្លៃទៅតាមទំហំមេម៉ូរី 128GB ឬ 256GB

1 2cover

Final 1000x150 copy

Mi Mix គឺជាស្នាដៃដ៏ប្លែក និងចម្លែកជាគេមួយក្នុងខ្សែស្រឡាយស្មាតហ្វូនជាច្រើនរបស់ក្រុមហ៊ុនចិន Xiaomi ដោយវាមានរូបរាងរចនាបទប្លែកបែប Top of the Line ឈរនៅក្នុងលំដាប់កំពូល មានការ​គាំទ្រ​និងកោតសរសើរច្រើនពីសំណាក់អ្នកប្រើប្រាស់ និងអ្នកជំនាញផ្នែក Review នានា ហើយខេមបូរីផត​ក៏​សូម​ឲ្យ​មេដៃមួយទៅលើរចនាបទថ្មីស្រឡាងមួយនេះទៅ Xiaomi ផងដែរ ក្នុងការបង្កើតឲ្យមានស្មាតហ្វូន​មានរូប​រាង​សម្រាប់​ថ្ងៃអនាគត ដែលអាចឲ្យយើងប្រើសម្រាប់ពេលបច្ចុប្បន្នបាន ដូចវីដេអូបង្ហាញលក្ខណៈ​សម្បត្តិ​ខាង​លើ។

3

រចនាបទ

Mi Mix មានតួខ្លួនប្រណិតស្រោបឡើងពីសារធាតុសេរ៉ាម៉ិច មានភាពភ្លឺរលើបរលោងដូចកញ្ចក់​អញ្ចឹង​ពិត​ជា​ស្រស់​ស្អាត អាចយកឆ្លុះមុខអ្នកប្រើប្រាស់បាន តែវាឆាប់ប្រឡាក់ទៅនឹងក្រយ៉ៅដៃ នៅពេល​យើង​ចាប់​វា​កាន់​ប្រើប្រាស់ខ្លាំងណាស់ ដូច្នេះអ្នកប្រើ Mi Mix គប្បីប្រើស្រោមការពារ​ដើម្បី​កុំឲ្យឃើញ​ស្នាម​ម្រាម​ដៃ​ច្រើន ហើយក៏អាចជួយការពារពីការធ្លាក់កុំឲ្យមានស្នាមច្រើនដែរ។ ស្មាតហ្វូននេះមានរន្ធដោតកាស 3.5 មីលីម៉ែត្រ នៅផ្នែកខាងលើ, ប៊ូតុងសម្លេងនៅខាងស្ដាំ និងរន្ធដាក់ស៊ីមកាតបានដល់ទៅ 2 នៅខាងឆ្វេង តែ​វាពុំមានរន្ធសម្រាប់ដាក់បន្ថែមមេម៉ូរីកាតបាននោះទេ ថែមទាំងពុំមានអាវក្រោះការពារធូលី និងទឹកផងដែរ។

4 5 6

រន្ធបំពងសម្លេង, រន្ធស្រូបសម្លេង និង USB ប្រភេទ C នៅផ្នែកខាងក្រោមដូចពពួកស្មាតហ្វូនដទៃដែរ។ លក្ខណៈពិសេសមួយផ្សេងទៀតរបស់រចនាបទរបស់ Mi Mix នេះគឺស្ថិតនៅត្រង់​វ័នព័ទ្ធជុំវិញ​សេន​ស័រ​ស្កេន​ក្រយ៉ៅដៃ និងកាមេរ៉ាខាងក្រោយ ផលិតឡើងចេញពីមាស ដែលមានតែសម្រាប់ម៉ូឌែល 256GB ប៉ុណ្ណោះ ហើយវាពិតជាភ្លឺរលើបរលោង ដេញពណ៌បានយ៉ាងប្រសើរ។ យ៉ាងណាមិញវារាងធ្ងន់បន្តិចដល់​​ទៅ 209 ក្រាម ខណៈកំពូលស្មាតហ្វូនភាគច្រើនមានទម្ងន់ចន្លោះពី 140 ក្រាមទៅ 170 ក្រាមប៉ុណ្ណោះ ដូច្នេះ​យើងអាចនឹងពិបាកកាន់ ពិសេសអេក្រង់របស់វារាងធំទៀតនោះ យើងតម្រូវឲ្យប្រើដៃ​ពីរ​សម្រាប់​ចុចបញ្ជា។

អេក្រង់

អេក្រង់គឺជាចំនុចលេចធ្លោជាងគេមួយ ដូចអ្នកបានដឹង និងបានឃើញរួច វាមានផ្ទៃអេក្រង់ធំដល់ទៅ 6.4 អ៊ីញ លាតសន្ធឹងស្ទើរតែពេញផ្នែកខាងមុខទៅហើយ ជាមួយនឹងគែមអេក្រង់ស្ដើងបំផុត មើលទៅពិត​ជា​ប្លែក ខុសពីស្មាតហ្វូនដ៏ទៃ បានជាដូច្នេះហើយទើបយើងនិយាយថា វាគឺជារូបរាងស្មាតហ្វូននាថ្ងៃអនាគត ដែលស្មាតហ្វូននឹងកែប្រែសម្រាស់កាន់តែស្រស់ស្អាតឡើងៗ។

7

យ៉ាងណាមិញអេក្រង់របស់ Mi Mix មិនមែនជាអេក្រង់ថ្លៃ ហើយមានសមត្ថភាពខ្ពស់គួរឲ្យសរសើរឡើយ ព្រោះវាគឺជាអេក្រង់ប្រភេទ LCD នោះទេ ដែលមានសមត្ថភាពបង្ហាញរូបភាពបានត្រឹមកម្រិត FullHD ជាមួយ​ដង់ស៊ីតេ 362ppi ប៉ុណ្ណោះ ខណៈកំពូលស្មាតហ្វូនចុងឆ្នាំ 2016 ភាគច្រើនលោតដល់កម្រិត 2K ទៅ​ហើយ។ តែមិនអីនោះទេ ព្រោះសមត្ថភាពអេក្រង់ប៉ុន្នេះគឺអាចឲ្យយើងប្រើប្រាស់ពេញភ្នែកបានហើយ អាចបំពេញតម្រូវការប្រើប្រាស់ទូទៅបានយ៉ាងប្រសើរ។

កម្លាំងម៉ាស៊ីន

នេះគឺជាកំពូលស្មាតហ្វូន ដូច្នេះវាបានបំពាក់មកជាមួយឈីប CPU របស់ Qualcomm លេខ Snapdragon 821 ថ្មី រត់ក្នុងល្បឿន 3.5GHz និងមួយផ្នែកទៀតល្បឿន 1.9GHz សម្រាប់ជំនួយដល់​ការ​ស៊ីថ្មទៅតាមកម្លាំងដែលតម្រូវ ពិសេសវាមាន RAM ទំហំដល់ទៅ 6GB និងមាន GPU ប្រភេទ Adreno 530 ដែលសមត្ថភាពប៉ុន្នេះបើកសិទ្ធិពេញទំហឹងសម្រាប់ការលេងហ្គេមធំៗបានយ៉ាងរលូន មិនចាំ​បាច់​ភ័យ​ព្រួយទៅលើបញ្ហាល្បឿននោះឡើយ។

8

កាមេរ៉ា

Mi Mix មានកាមេរ៉ាខាងមុខទំហំត្រឹមតែ 5 មេហ្គាភិចសែលប៉ុណ្ណោះ តែវាស្ថិតនៅផ្នែកខាងក្រោមអេក្រង់ មិនមែននៅខាងលើដូចស្មាតហ្វូនដ៏ទៃនោះទេ ដោយសារតែអេក្រង់របស់វាលាតសន្ធឹងពេញទៅហើយ ដូច្នេះ​​ទើប​កាមេរ៉ាខាងមុខរបស់វាត្រូវដាក់មកខាងក្រោមវិញ ជាហេតុធ្វើឲ្យការថតរូប និងវីដេអូម្ដងៗ តម្រូវ​ឲ្យ​យើងបង្វិលវាពីក្រោមឡើងទៅលើវិញទើបអាចថតរូបបាន។

9

កាមេរ៉ាខាងក្រោយវិញទំហំ 16 មេហ្គាភិចសែល មានកម្រិត Aperture ធំបំផុត f/2.0 មានមុខងារ​ EIS សម្រាប់ជួយការពាររំញ័រ តែវាមិនជួយបានខ្លាំងដល់មុខងារ OIS ឡើយ ហើយ Mi Mix ក៏ពុំមាន OIS ជាជំនួយផងដែរ។ កាមេរ៉ាខាងក្រោយនេះមានសមត្ថភាពថតរូបបានស្អាតល្អ តែសម្រាប់មុខងារពិសេស ប្លែកខុសពីគេនោះគឺពុំមានឡើយ មានន័យថាមុខងារកាមេរ៉ាគឺសាមញ្ញធម្មតាដូចកម្មវិធី ឬកាមេរ៉ារបស់ Xiaomi ផ្សេងៗទៀតដែរ។ ចំនែកវីដេអូវិញ វាអាចថតបានកម្រិត 4K ក្នុងល្បឿន 30fps ហើយក៏អាចថត​ក្នុង​កម្រិត FullHD និង HD ផងដែរ។

10

ប្រព័ន្ធប្រតិបត្តិការ

Mi Mix ដំណើរការដោយ Android Marshmallow ជំនាន់ 6.0.1 ចេញពីប្រអប់ផ្ទាល់តែម្ដង​ ស្រោប​ខ្លួន​ឡើង​ដោយ MIUI ជំនាន់ទី 8 ហើយ Xiaomi នឹងបើកឲ្យ Mi Mix នេះឡើងទៅ Android Nougat ឆាប់ៗ​ខាង​មុខនេះផងដែរ។

11

សម្រាប់ការប្រើប្រាស់រយៈពេលសាកល្បង មុនពេលធ្វើវីដេអូនេះឡើងឃើញថា វាមានភាពរញ៉េរញ៉ៃ​បន្តិច​ជុំវិញ​បញ្ហាក​ម្មវិធីចិនឥតប្រយោជន៍មួយជំនួន ហើយក៏គ្មាន Play Store មកជាមួយផងដែរ ដោយសារ​តែ​វា​មិន​មែនជាពពួក International Version តែយើងក៏អាចតម្លើង Play Store បានផងដែរ។ ហេតុនេះ​និយាយ​ជា​រួមមកប្រព័ន្ធប្រតិបត្តិការរបស់វាគឺមិនមែនថ្មីចុងក្រោយគេទេ ថែមទាំងមានកម្មវិធីឥតប្រយោជន៍​ច្រើន​ទៀតផង​ តែបើអ្នកចេះចិននឹងពេញចិត្តតែម្ដង។

កម្លាំងថ្ម

Xiaomi ដាក់កម្លាំងថ្មដល់ទៅ 4400mAh នៅក្នុងខ្លួន Mi Mix នេះ ហើយវាពិតជាធំ តែសម្រាប់អ្នកប្រើ​ប្រាស់​ចុចលេងច្រើន គឺមិនអាចបានពេញមួយថ្ងៃនោះទេ តែបើអ្នកគ្រាន់ទុក Call ចេញចូលនោះ គឺអាច​បាន 2 ថ្ងៃឯណោះ សម្រាប់ប្រើធម្មតា។ Mi Mix ក៏មានបច្ចេកវិទ្យាសាកថ្មលឿន Quick Charge 3.0 ផងដែរ ដែលអះអាងថាវាអាចសាកថ្មបានលឿន តែតាមការធ្វើតេស្ដជាក់ស្ដែង​ជាមួយនឹងឆ្នាំ​សាកថ្ម​ជាប់​មកជាមួយ​ប្រអប់​ឃើញថា វាសាកថ្មបានយឺតពី 0% ទៅ 34% ចំនាយពេលដល់ទៅ 30 នាទីឯណោះ។

ចំណាប់អារម្មណ៍

Mi Mix​ គឺជាស្មាតហ្វូនកំពូល ដែលមានរូបរាងប្លែក ហើយសម្រាប់ក្រុមការងារយើង គឺពិតជាពេញចិត្ត​ជាមួយ​នឹងរូបរាងដ៏ប្លែករបស់វា អមមកជាមួយនឹងសារធាតុ វត្ថុធាតុដើមល្អ ធ្វើឲ្យវាមានភាពលេចធ្លោ តែ​ក៏​នៅ​មានចំនុចខ្វះខាតខ្លះផងដែរ ជុំវិញមុខងារធំៗមួយចំនួនដែលពុំមានដូចជា អាវក្រោះការពារទឹក​, អេក្រង់​ជា​ប្រភេទ LCD ហើយអាចបង្ហាញត្រឹម FullHD, កាមេរ៉ាមុខត្រឹម 5 មេហ្គាភិចសែល, កាមេរ៉ាក្រោយ​ច្បាស់ តែគ្មានអ្វីប្លែក ហើយក៏គ្មានមុខងារ OIS, មានកម្មវីធីរញ៉េរញ៉ៃច្រើន តែបើអ្នកទិញប្រភេទ International Version គឺល្អជាង, ម្យ៉ាងវិញទៀតនៅដំណើរការដោយ Android Marshmallow នៅ​ឡើយ មិនដឹងថ្ងៃណា Xiaomi បើឲ្យឡើងទៅ Nougat នោះទេ និងចុងក្រោយគេគឺនៅពេលនិយាយ​ទូរ​ស័ព្ទ​​សម្លេងវាមិនសូវល្អនៅឡើយ ហេតុនេះសម្រាប់មនុស្សចាស់ដែលមានត្រចៀកធ្ងន់ អាចនឹងពិបាក​បន្តិច​ជុំវិញការប្រើប្រាស់និយាយទូទៅ។

12 13

ក្រៅពីចំនុចដែលយើងមិនសូវជាពេញចិត្តរួច យើងពិតជាសរសើរទៅលើកម្លាំងម៉ាស៊ីន, រចនាបទតួខ្លួន, កម្លាំងថ្ម, អាចប្រើប្រាស់ស៊ីមកាតបានដល់ទៅ 2, មានវ័នមាសព័ទ្ធជុំវិញកាមេរ៉ា និងសេនស័រស្កេន​ក្រយ៉ៅ​ដៃ…..-ល-។ នេះគ្រាន់តែជាទឹកដៃលើកដំបូងក្នុងការបង្អួតពិភពលោក ឲ្យបានដឹងអំពី Mi Mix មាន​អេក្រង់លាតប៉ុណ្ណោះ ហើយយើងនឹងឃើញមាន Mi Mix ជំនាន់ថ្មីអាចនឹងចេញនាចុងឆ្នាំ 2017 នេះផង​ដែរ បើសិន Xiaomi គិតថាចង់ចេញស៊េរីថ្មីដេញស៊េរីចាស់ ដូចម៉ូឌែលផ្សេងៗទៀតរបស់ខ្លួន។

14 15

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 2:16 PM, 12 January
  • ប្រភព: ខេម​បូរីផត
  • Tag: ពិពណ៌នា