ទំព័រដើម    >    ពិពណ៌នា    >    ការបង្ហាញ​លក្ខណៈ​សម្បត្តិ​របស់ LG V20

ការបង្ហាញ​លក្ខណៈ​សម្បត្តិ​របស់ LG V20

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រិយមិត្តទាំងអស់គ្នា អាច​ស្វែង​រក​ជាវ​ស្មាត​ហ្វូន​របស់ LG ម៉ូឌែល V20 នេះ នៅ​តាម​បណ្ដា​ហាង​លក់​ទូរស័ព្ទ​នានា ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​យើង ជាមួយនឹងតម្លៃប្រមាណជា 660$!

LG V20 គឺជាកំណែ Update ចេញ​មុខ​ជំនួស V10 ដែល​ចេញ​កាល​ពី​​ឆ្នាំ​​​ទៅ ដោយ​លើកនេះ​ក្រុម​ហ៊ុន​កូរ៉េ​ខាង​ត្បូង​ដ៏​ធំ​នេះ បាន​ធ្វើកា​រ​កែ​ប្រែ​ច្រើន​ជុំវិញ​ចំនុច​ពិសេសៗ ធ្វើឲ្យ V2០ មាន​ភាព​លេច​ធ្លោ​មិន​ធម្មតា​នោះ​ទេ ដោយយើងអាចទទួលបានមកវិញនូវស្មាតហ្វូនអេក្រង់ធំ រូបរាងស្រស់ស្អាត កម្លាំងខ្លាំង កាមេរ៉ាច្បាស់ និងមានមុខងារពិសេសៗជាច្រើនដូចបានរៀបរាប់ក្នុងវីដេអូខាងលើ។

0cover

final-1000x150-copy

រចនាបទ

V20 ត្រូវបាន LG សិក្សា ហើយបង្កើតឡើងយ៉ាងយកចិត្តទុកដាក់បំផុត ដោយលើកនេះម្ចាស់របស់​ស្មាត​ហ្វូន​នេះទទួលបាននូវស្មាតហ្វូនមួយ ដែលមានរូបរាងទាក់ទាញ តួខ្លួនខាងក្រោយរបស់វាត្រូវបានការពារ​ឡើងពីលោហៈធាតុសុទ្ធតែម្ដង ដោយ LG បានបង្កើតឡើងដោយព្រិតព្រាងតាមបែបយោធា ដែលធន់​នឹង​ការ​ធ្លាក់បំផុត ពិសេសនោះគឺថា យើងអាចធ្វើការដោះថ្មនៅផ្នែកខាងក្រោយបាន ថែម​ទាំង​អាច​ដាក់​ស៊ីម និងមេម៉ូរីកាតជាប្រភេទ MicroSD បន្ថែមបានដល់ទៅ 256GB អស់ក្ដីបារម្មណ៍អំពីការខ្វះខាង​អង្គផ្ទុកទិន្នន័យ​ទៀតហើយ។

1 2

នៅផ្នែកខាងលើរបស់ V20 មានរន្ធស្រូបសម្លេងមួយ និងមុខងារ IR Blaster សម្រាប់បញ្ជាទៅកាន់​ឧបករណ៍​អេឡិចត្រូនិចផ្សេងៗទៀត ចំនែកខាងឆ្វេងមានប៊ូតុងសម្លេង 2 ខាងស្ដាំវិញមានប៊ូតុងចុច​សម្រាប់​ដោះសន្ទះខាងក្រោយ និងចុងក្រោយគេនៅខាងក្រោមគឺយើងទទួលបានរន្ធដោតកាស 3.5 មីលីម៉ែត្រ, រន្ធ USB ប្រភេទ C និងរន្ធបំពងសម្លេងមួយ។

3 4

អេក្រង់

មិនខុសគ្នាពីអេក្រង់របស់ V10 ប៉ុន្មាននោះទេ V20 មានអេក្រង់ចំនួន 2 ដោយអេក្រង់ទីមួយមាន​ទំហំ​ធំ​ដល់​ទៅ 5.7 អ៊ីញ មានសមត្ថភាពបង្ហាញរូបភាពបានច្បាស់ដល់កម្រិត 2K ឬស្មើនឹង 1440 x 2560p និង​ដង់ស៊ីតេអេក្រង់ 513ppi អាចបង្ហាញពណ៌បានដិតមដ្ឋល្អ និងអេក្រង់មួយ​ទៀត​នៅ​ផ្នែក​ខាង​លើ​មាន​ទំហំ 2.1 អ៊ីញ វាមានសមត្ថភាពបង្ហាញរូបភាពបានកម្រិត 160 x 1040p ដោយអេក្រង់ទាំងពីរ ត្រូវបាន​ស្រោបការពារឡើងដោយកញ្ចក់ Corning Gorilla Glass 4 ដែលធន់នឹងការសឹករិចរឹល។

5 6

ការប្រើប្រាស់អេក្រង់ដល់ទៅ 2 បែបនេះ គឺវាមានផលប្រយោជន៍ច្រើនមែនទែន ដូចលោក John Sey បាន​និយាយក្នុងវីដេអូរួចអញ្ចឹង ដែលអាចជួយទៅដល់ការប្រើប្រាស់របស់យើងបានកាន់តែប្រសើរ និង​ប្លែកជាងមុន ដែលកម្រនឹងមានស្មាតហ្វូនណាមានគំនិតច្នៃប្រឌិតដូច LG ខ្លាំងណាស់ ពិសេសនោះគឺថា វាប្លែក អាចជួយសម្រួលដល់ការប្រើប្រាស់ទូទៅបានរហ័សតាមរយៈ Shortcut ផ្សេងៗ។

កម្លាំងម៉ាស៊ីន

ខ្ញុំខកចិត្តបន្តិចជុំវិញកម្លាំងម៉ាស៊ីនរបស់ V20 តាមពិតទៅ V20 គប្បីបំពាក់មកជាមួយឈីប Snapdragon 821 ទើបត្រូវ តែ LG បានត្រឹមបំពាក់ Snapdragon 820 នៅលើកំពូលស្មាតហ្វូន​ថ្មីនេះ​របស់​ខ្លួន​ទៅវិញ តែបើនិយាយទៅ Snapdragon 820 មិនមែនអន់នោះទេ គ្រាន់តែវារាងខ្សោយជាង 821 បន្តិច។ ឈីប CPU របស់វារត់ក្នុងល្បឿន 2.15GHz និងមួយផ្នែកទៀត 1.6GHz ឆ្លាស់គ្នា​សម្រាប់​ការ​កាត់​បន្ថយការស៊ីថ្ម អាចជួយសន្សំសំចៃភ្លើងបានល្អ អមមកជាមួយ RAM ទំហំ 4GB មាន GPU ជាប្រភេទ Adreno 530 មានអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីន 64GB។

7

កាមេរ៉ា

និយាយដល់កាមេរ៉ា សម្រាប់អ្នកចូលចិត្តថតរូប និងវីដេអូនឹងពេញចិត្តជាមួយកាមេរ៉ារបស់ V20 នេះ ព្រោះ​ថាកាមេរ៉ាខាងក្រោយគឺមានដល់ទៅ 2 គ្រាប់ ដោយមួយគ្រាប់ខាងស្ដាំមានទំហំ 16 មេហ្គា​ភិចសែល ជាមួយ​នឹង​កម្រិត Aperture f/1.8 និងកាមេរ៉ាខាងឆ្វេងទំហំ 8 មេហ្គាភិចសែល មានកម្រិត Aperture f/2.4 ដែលកាមេរ៉ាភ្លោះទាំងពីរគ្រាប់នេះ ដំណើរការបានយ៉ាងល្អ សម្រាប់ចាប់យករូបភាព និង​វីដេអូ ព្រោះថា យើងអាចថតរូប ក៏ដូចជាវីដេអូ បែបធម្មតាក៏បាន ឬថតបែប Wide Angle ទទួល​បាន Background ធំជាងជាដើម។ កាមេរ៉ាខាងមុខវិញមានទំហំត្រឹម 5 មេហ្គាភិចសែលប៉ុណ្ណោះ តែវា​អាច​ធ្វើ​ការ​ថតរូបបានច្បាស់ ហើយក៏អាចថតបែប Wide Angle លែនដូចកាមេរ៉ាក្រោយដែរ។

8

កាមេរ៉ាខាងក្រោយរបស់វាមានសមត្ថភាពថតវីដេអូបានដល់កម្រិត 4K ចំនែកកាមេរ៉ាខាង​មុខ​ថត​បាន​កម្រិត FullHD ហើយ​លទ្ធផល​គឺ​ពិត​ជា​អាច​ទទួល​យក​បាន ដោយការថតវីដេអូលើកាមេរ៉ារបស់ V20 គឺថតបានច្បាស់ និងមានពន្លឺគ្រប់គ្រាន់ មិនឆេះពេក ហើយក៏មិនងងឹតពេក ពិសេសបំផុត​គឺមុ​ខ​ងារ​ការពារ​រំញ័របានយ៉ាងល្អ ដែលជួយទៅដល់ការថតវីដេអូបានភាពរលូន។

9

ប្រព័ន្ធប្រតិបត្តិការ

V20 ដំណើរការដោយ Android ជំនាន់ចុងក្រោយគេបង្អស់គឺ Nougat ចេញពីប្រអប់ផ្ទាល់តែម្ដង ដែល​យើង​អាចទទួលបាននូវបទពិសោធន៍ថ្មីក្នុងការប្រើប្រាស់ទូទៅជាមួយនឹងមុខងារជាច្រើនរបស់ Android Nougat ស្រោបឡើងដោយ UI ឈ្មោះ UX ជំនាន់ 5.0 តែបើអ្នកធ្លាប់ប្រើប្រាស់ LG G5 នោះ អ្នកអាច​នឹង​មាន​អារម្មណ៍ថា វាពុំមានអ្វីកែប្រែប្លែកនោះឡើយ ព្រោះ Interface របស់វាគឺដូចទៅនឹង G5 ផង​ដែរ។

ចំណាប់អារម្មណ៍

V20 គឺជាកំពូលស្មាតហ្វូនរបស់ LG ហើយវាពិតជាធ្វើបានល្អជាង V10 ច្រើន ទាំងមុខងារពិសេសៗ​មួយ​ចំនួន ដែលកំពូលស្មាតហ្វូនមួយចំនួនពុំមាន ហើយវាពិតជាល្អសម្រាប់អ្នកចង់បានស្មាតហ្វូនណា ដែលមានសមត្ថភាពថតរូប និងវីដេអូខ្ពស់នាពេលបច្ចុប្បន្ន ដោយអ្នកនឹងរីករាយជាមួយនឹងការ​ផលិ​ត​រូបភាព​ចេញពីស្មាតហ្វូនមួយនេះ អមមកជាមួយនឹងប្រព័ន្ធប្រតិបត្តិការជំនាន់ចុងក្រោយគេទៀតនោះ អ្នកនឹងរីករាយជាមួយបទពិសោធន៍ថ្មីក្នុងការប្រើប្រាស់ទូទៅ ជាប្រចាំថ្ងៃ។

10

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 1:52 PM, 26 December
  • ប្រភព: ខេម​បូរីផត
  • Tag: ពិពណ៌នា