ទំព័រដើម    >    ពិពណ៌នា    >    ការ​បង្ហាញ​លក្ខណៈ​សម្បត្តិ​របស់ Zopo Color F5

ការ​បង្ហាញ​លក្ខណៈ​សម្បត្តិ​របស់ Zopo Color F5

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

អ្នកអាចរកជាវស្មាតហ្វូននេះ នៅតាមបណ្ដាហាង លក់ទូរស័ព្ទនានា នៅក្នុងទីផ្សារ ប្រទេសកម្ពុជា យើង ជាមួយនឹង តម្លៃប្រមាណ 348,000 រៀល ឬស្មើនឹង 87$ អាមេរិក។

ប៉ុន្មានឆ្នាំចុងក្រោយនេះ យើងសង្កេតឃើញថា ស្មាតហ្វូនរបស់ក្រុមហ៊ុន ចិនជាច្រើន បានកំពុងវាយ លុកទីផ្សារ របស់យើង មែនទែន ជាពិសេសពពួក ទូរស័ព្ទធុនមធ្យម តែម្តង។ នេះក៏ព្រោះតែ វាមានតម្លៃ សមរម្យ ហើយមានគុណភាព ទៀតផង មិនដូចពាក្យ ដែលយើងធ្លាប់តែ និយាយថា អោយតែរបស់ចិន ដឹងតែមិន កើតនោះទេ។ ដោយហេតុនេះហើយ ខ្ញុំសូម លើកយក ស្មាតហ្វូនរបស់ប្រទេស ចិនមួយស្លាក សញ្ញាទៀត មកបង្ហាញជូន ប្រិយមិត្ត ទាំងអស់គ្នា។ Zopo Color F5 ជាស្មាតហ្វូន មួយរបស់ Zopo ដែលជាក្រុមហ៊ុន ទើបតែលេចមុខ នៅលើទីផ្សារ របស់យើង ថ្មីៗនេះទេ។​

1

រចនាបថ

វ័ន្តជុំវិញត្រូវបានស្រោបឡើងដោយលោហៈធាតុសុទ្ធតែម្តង ដែលធ្វើអោយមាន អារម្មណ៍ថា ហាប់ណែនល្អពេកចាប់ កាន់ក្នុងដៃ។ សន្ទះខាងក្រោយ ត្រូវបានផលិតឡើង ពីជ័រម្យ៉ាង រាងគ្រើមៗ ដែលមើល ទៅដូចលោហៈអញ្ចឹង ហើយថែមទាំង មិនងាយសឹកឆ្កូត នោះទេ។ រន្ធបំពងសម្លេង និងរន្ធស្រូបសម្លេង នៅផ្នែកខាងក្រោម ទូរស័ព្ទ។ ចំណែកខាងឆ្វេង អត់មាន អ្វីទាំងអស់។ នៅខាងលើមាន រន្ធដោតកាស និងរន្ធសាកថ្ម ដែលវា ចម្លែកបន្តិច ព្រោះថាទូរស័ព្ទ ភាគច្រើនមានរន្ធ សាកថ្មនៅ ខាងក្រោម។ ប៊ូតុងសម្លេង និង ប៊ូតុង Power នៅផ្នែក ខាងស្តាំ។​ សន្ទះខាងក្រោយ របស់វាវិញ មានកាមេរ៉ាលៀន ចេញមួយ ភ្លើង Flash មួយ និងឡូហ្គូ Zopo ហើយជាពិសេស ចុងក្រោយនោះ គឺមានកន្លែង ស្គេនស្នាមម្រាមដៃ មួយផងដែរ។

2 3 4 5

សមត្ថភាពអេក្រង់

Color Zopo F5 នេះមានទំហំអេក្រង់ 5 អ៊ីញ ប្រភេទ IPS ហើយជាអេក្រង់ប្រភេទ 2.5D ទៀតផង។ វាអាចបង្ហាញ រូបភាពបានកម្រឹត HD (720x1080pixel) និងមាន ដង់ស៊ីតេអេក្រង់ 294ppi។ ចំពោះការបង្ហាញ រូបភាពកម្រឹត HD របស់វានេះ គឺនៅលំដាប់ មធ្យមទេ មិនច្បាស់ពេក ហើយក៏មិន អន់ពេកដែរ។

6

កម្លាំងម៉ាស៊ីន

ស្មាតហ្វូនមួយនេះប្រើប្រាស់បន្ទះឈីប MediaTek MT6737 និងស៊ីភីយូ Quad Core ប្រភេទ 64 bit ដែលអាចរត់បាន ដល់ល្បឿន 1.25GHz ហើយមាន GPU ជាប្រភេទ Mali T720-MP1។​ វាមាន RAM 1GB និងអង្គផ្ទុកទិន្នន័យ ក្នុងម៉ាស៊ីន 16GB ហើយយើងក៏អាច បន្ថែមបាន ដល់ទៅ 64GB ជាប្រភេទ MicroSD ផងដែរ។ យើងអាចធ្វើការ ដាក់ស៊ីមកាត បានពីរ ជាពិសេសនោះ វាមានលទ្ធភាព ប្រើប្រាស់ប្រព័ន្ធ 4G បានទៀតផង។ តាមរយៈកម្លាំង ម៉ាស៊ីនរបស់វានេះ ក៏ដូចជាការ ប្រើប្រាស់ របស់ខ្ញុំផ្ទាល់ ឃើញថាវាអាច ដំណើរហ្គេមល្មមៗ បានល្អបង្គួរដែរ តែបើយើងចង់ លេងហ្គេមដែលមាន ក្រាហ្វិចធំៗ ឯណោះវិញ វារាងទាក់ៗបន្តិចដែរ។

7

កាមេរ៉ាមុខក្រោយ

Color F5 មានកាមេរ៉ាខាងក្រោយទំហំ 8 MP អមដោយភ្លើង Flash មួយគ្រាប់។ កាមេរ៉ាក្រោយ របស់វានេះ មានលក្ខណរាង លៀនចេញបន្តិច ដែលងាយនឹង សឹកឆ្កូតបាន។ វាអាចថតរូប បានច្បាស់ល្មម ក្នុងកម្រិត Resolution 2448×3264 ដែលក្នុងរូបភាព មួយប៉ុស្តិ៍វាស៊ីចន្លោះពី 2.5MB ទៅ 3.5MB។ ទូរស័ព្ទមួយនេះ ក៏បានភ្ជាប់មក ជាមួយមុខងារជំនួយ ថតរូបមួយ ចំនួនដែរ ដូចជា Panorama, មុខងារជួយអោយ មុខសជាដើម។ ចំពោះសមត្ថភាព ថតវីដេអូរបស់វា អាចថតបានខ្ពស់ បំផុតត្រឹមកម្រិត HD 720p ប៉ុណ្ណោះ។ ចំណែកឯកាមេរ៉ាមុខ មានទំហំ 2MP ហើយជា ពិសេសនោះ វាក៏បានភ្ជាប់ មកជាមួយ Flash ជំនួយមួយ គ្រាប់ផងដែរ ធ្វើអោយការ ថតជាលក្ខណៈ Selfie កាន់តែប្រសើរ។

8 9

ប្រព័ន្ធប្រតិបត្តិការ

Zopo Color F5 ដំណើរការដោយប្រព័ន្ធ ប្រតិបត្តិការណ៍ Android 6.0 ចេញពី ប្រអប់តែម្តង។ ស្មាតហ្វូនមួយនេះ មានថាមពល ថ្មទំហំ 2100mAH ហើយជាប្រភេទ ថ្មអាច ដោះចេញបាន។ វាអាចអោយ យើងធ្វើការ ប្រើប្រាស់ទូទៅ បានមួយទៅ ពីរថ្ងៃដែរ ប៉ុន្តែវាចំណាយ ពេលយូរបន្តិច ក្នុងការសាកថ្ម អោយពេញ។

10

មុខងារប្លែកៗ

ងាកមកមើលមុខងារស្គេនស្នាមម្រាមដៃរបស់វាវិញ ពិតជាមាន មុខងារដ៏ច្រើន សម្បូរបែប មែនទែន។ ដោយយើងអាច ប្រើប្រាស់ក្នុងការ គ្រប់គ្រង ទៅលើ កាមេរ៉ា, តន្រ្តី, Gallery, វីដេអូ និងអាចធ្វើការ ចាក់សោរ កម្មវិធីបាន ទៀតផង។ និយាយដល់ មុខងារចាក់សោរ កម្មវិធីនេះ ពិតជា ពិសេសមែន ដោយយើងអាច ធ្វើការចាក់សោរ ទៅលើកម្មវិធីណាមួយ នៅលើទូរស័ព្ទ កុំអោយអ្នកណា បើកប្រើប្រាស់ បានក្រៅពីម្ចាស់ ទូរស័ព្ទផ្ទាល់ ដូចជាកម្មវិធី ផ្ញើសារ និងកន្លែងផ្ទុក រូបភាពជាដើម។ មុខងារដ៏គួរ អោយចាប់ អារម្មណ៍នៅលើទូរស័ព្ទ នេះមួយទៀត នោះគឺការលេង វីដេអូនៅលើ Background ផ្ទាល់។ ឧទាហរណ៍៖ នៅពេលដែលយើង កំពុងតែលេង វីដេអូណាមួយ ហើយយើង ចង់ធ្វើការ ប្រើប្រាស់កម្មវិធី ផ្សេងក្នុងពេល ជាមួយគ្នានោះ បាន ដោយគ្រាន់តែ ចុចនៅលើរូប តំណាងនេះ នោះវានឹង ធ្វើការបង្រួមវីដេអូ អោយតូច ជាងមុន ហើយយើង នឹងអាចប្រើប្រាស់ កម្មវិធីផ្សេងទៀតបាន ក្នុងពេលជាមួយ គ្នានោះដែរ។ មុខងារ Smart Wake មានសមត្ថភាពដ៏ ច្រើនសម្បូរបែប ដូចជា យើងអាចធ្វើការ ដាស់អេក្រង់ទូរស័ព្ទ អោយភ្លឺបាន ដោយគ្រាន់តែ គោះអេក្រង់ ពីរដង និងមានជាច្រើនទៀត នៅក្នុងមុខងារ Smart Wake​ នេះ។ លើសពីនេះ ទៅទៀត ស្មាតហ្វូនមួយនេះ ក៏មានសមត្ថភាព អាចធ្វើការស្គេន ទៅលើលេខ Barcode បានផងដែរ ដើម្បី ដឹងពត៌មានលម្អិត អំពីផលិតផល ណាមួយទៀតផង ដែលវាពិតជា ពិសេសមែន។

11 12 13

ចំណាប់អារម្មណ៍

ចំពោះចំណាប់អារម្មណ៍ផ្ទាល់របស់ខ្ញុំទៅលើស្មាតហ្វូនមួយនេះ ឃើញថាវាពិតជាសាកសម ណាស់សម្រាប់ការ ចំណាយលុយ មិនដល់ 100$ ផងទៅលើវា។ ហេតុផលនោះ គឺវាមានមុខងារ ដ៏ច្រើន សប្បូរបែប ដូចជាមុខងារ ស្គេនស្នាមម្រាមដៃ, អាចប្រើប្រាស់ ប្រព័ន្ធ 4G ហើយជាពិសេសនោះ វាមានតម្លៃសមរម្យ ទៀតផង។ ប៉ុន្តែវាក៏នៅមាន ចំណុចខ្លះដែរ ដែលខ្ញុំមិនសូវ ជាពេញចិត្ត ដូចជាអត់មាន មុខងារសាកថ្ម បានលឿនជាដើម។

14 15

  • ដោយ: Por
  • 11:42 AM, 28 October
  • ប្រភព: ខេមបូរីផត
  • Tag: ពិពណ៌នា