Lenovo Legion Phone 2 Pro ចេញផ្លូវការ ប្រើឈីប Snapdragon 888 RAM 18GB អេក្រង់ AMOLED 144Hz អាចថតវីដេអូ 8K និងមានកង្ហារ 2 បង្កប់ក្នុងខ្លួន​
ដោយ​ ៖ ឈីរ៉ូ | 5 ថ្ងៃមុន SHARE

 

បន្ទាប់ពី ទូរសព្ទហ្គេម Nubia Red Magic 6, Black Shark 4 និង ASUS ROG Phone 5 ត្រូវបានប្រកាសចេញរួចមក ទីបំផុតក៏ដល់វេនក្រុមហ៊ុន Lenovo ហើយ។ ជាក់ស្តែង កាលពីពេលអម្បាញ់មិញនេះ តាមរយៈព្រឹត្តិការណ៍ពិសេសមួយ ធ្វើឡើងនៅក្នុងប្រទេសចិន Lenovo បានប្រកាសចេញទូរសព្ទឆ្លាតហ្គេមជំនាន់ថ្មីរបស់ខ្លួនជាផ្លូវការ ដោយវាមានឈ្មោះហៅថា Legion Phone 2 Pro។ សម្រាប់ទីផ្សារសកលវិញ វាត្រូវបានគេហៅថា Legion Phone Duel 2។

ទៅលើរូបរាងខាងក្រៅ យើងសង្កេតឃើញថា ផ្នែកខាងមុខរបស់ Legion Phone 2 Pro មានរចនាបថស្រដៀងគ្នាទៅនឹងជំនាន់មុនរបស់វាអញ្ចឹងដែរ។ អ្វីដែលខុសប្លែកពីជំនាន់មុនរបស់វានោះ គឺស្ថិតនៅផ្នែកខាងក្រោយរបស់វាតែម្តង។ ជាក់ស្តែង ខ្នងរបស់ Legion Phone 2 Pro ត្រូវបានខណ្ឌចែកចេញជា 2 ដោយដុំកំពកធំមួយ ស្ថិតនៅចំកណ្តាល ហើយនៅលើដុំកំពកនោះ បានផ្ទុកទៅដោយ Logo RGB តំណាងឲ្យស្លាកសញ្ញា Legion និងប្រហោងសម្រាប់ឲ្យខ្យល់ចេញ ក៏ដូចជាកាមេរ៉ាចំនួន 2 គ្រាប់ ផងដែរ។ បន្ទាប់ពីបានដឹងពីរចនាបថខាងក្រៅរបស់ Legion Phone 2 Pro រួចហើយ កុំឲ្យខាតពេលយើងនាំគ្នាទៅស្វែងយល់ពីលក្ខណៈសម្បត្តិ Hardware និងបច្ចេកវិទ្យាថ្មីៗ ក៏ដូចជាមុខងារពិសេសរបស់វាវិញម្តង។

អេក្រង់ និងកម្លាំងម៉ាស៊ីន

ទូរសព្ទហ្គេម Legion Phone 2 Pro បានបំពាក់មកជាមួយអេក្រង់ទំហំ 6.92 អ៊ីញ ប្រភេទ AMOLED អាចបង្ហាញរូបភាពក្នុងកម្រិត Full HD+ ភ្ជាប់មកជាមួយបច្ចេកវិទ្យាការពារភ្នែកទទួលស្គាល់ដោយ TUV គាំទ្រ Refresh Rate 144Hz មានល្បឿនប៉ះសម្គាល់អេក្រង់ដល់ទៅ 720Hz បច្ចេកវិទ្យា HDR10+ ជាមួយកម្រិតទឹកពណ៌ DCI-P3 111.1% ក៏ដូចជាពន្លឺឡើងខ្ពស់បំផុត 1,300nit ថែមទៀតផង។ ទៅលើកម្លាំងម៉ាស៊ីនវិញ Legion Phone 2 Pro ប្រើប្រាស់បន្ទះឈីបលំដាប់កំពូល Snapdragon 888 មានសមត្ថភាពអាចទាញយកពិន្ទុសរុបពី AnTuTu ដល់ទៅ 855004 គួបផ្សំជាមួយជម្រើស RAM ប្រភេទ LPDDR5 ទំហំ 8/12/16/18GB និងអង្គផ្ទុកទិន្នន័យប្រភេទ UFS 3.1 ទំហំ 128/256/512GB ផងដែរ។

កាមេរ៉ា

ទូរសព្ទហ្គេម Legion Phone 2 Pro បានភ្ជាប់មកជាមួយកាមេរ៉ាមុខចំនួន 1 គ្រាប់ ទំហំ 44MP ជាប្រភេទហូតឡើងចុះ គាំទ្រមុខងារ Low Light Selfie និងកាមេរ៉ាក្រោយសរុបចំនួន 2 គ្រាប់។ ដោយក្នុងនោះដែរ លេនគោលរបស់វាមានទំហំ 64MP មានសមត្ថភាពអាចថតវីដេអូបានក្នុងកម្រិត 8K HDR10+។ ខណៈមួយគ្រាប់ទៀត ជាលេនទូលាយ (Ultra-Wide 123 ដឺក្រេ) ទំហំ 16MP។

ថាមពលថ្ម និងបច្ចេកវិទ្យាពិសេសៗ

ទូរសព្ទហ្គេម Legion Phone 2 Pro វេចខ្ចប់មកជាមួយថ្មទំហំ 5,500 mAh (2,750 + 2,750) គាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 90W តាមរយៈរន្ធ USB-C ទាំង 2 មានសមត្ថភាពអាចបញ្ចូលថាមពលពី 0 ដល់ 82% ចំណាយពេលខ្ទង់ 17 នាទី ប៉ុណ្ណោះ។ ជាមួយគ្នានេះដែរ Legion Phone 2 Pro ក៏បានបំពាក់មកជាមួយប៊ូតុងនិម្មិត (Triggers) ចំនួន 8 សម្រាប់បញ្ជានៅពេលលេងហ្គេម ក៏ដូចជាភ្ជាប់មកជាមួយស្លាបកង្ហារចំនួន 2 (15,000 RPM) បន្ទះដែកបន្ថយកំដៅ (4,720 mm2) បច្ចេកវិទ្យាស្កេនស្នាមម្រាមដៃក្រោមអេក្រង់, 5G, Wi-Fi 6 និង Speaker ប្រភេទ Stereo ចំនួន 2 គ្រាប់ គាំទ្រ Dolby Atmos ថែមទៀតផង។

ជម្រើសពណ៌ និងតម្លៃ

ទូរសព្ទហ្គេម Legion Phone 2 Pro កើតមកជាមួយជម្រើសពណ៌សរុបចំនួន 2 គឺពណ៌ស (Titanium White) និងខ្មៅ (Ultimate Black)។ សម្រាប់តម្លៃ Legion Phone 2 Pro នៅក្នុងផ្សារប្រទេសចិន ត្រូវចែកចេញជា 5 ជម្រើស ដូចខាងក្រោម ៖

- ជម្រើស RAM ទំហំ 8GB និងអង្គផ្ទុកទិន្នន័យទំហំ 128GB ត្រូវដាក់លក់ក្នុងតម្លៃខ្ទង់ 565 ដុល្លារ 

- ជម្រើស RAM ទំហំ 12GB និងអង្គផ្ទុកទិន្នន័យទំហំ 128GB ត្រូវដាក់លក់ក្នុងតម្លៃខ្ទង់ 626 ដុល្លារ

- ជម្រើស RAM ទំហំ 12GB និងអង្គផ្ទុកទិន្នន័យទំហំ 256GB ត្រូវដាក់លក់ក្នុងតម្លៃខ្ទង់ 672 ដុល្លារ

- ជម្រើស RAM ទំហំ 16GB និងអង្គផ្ទុកទិន្នន័យទំហំ 512GB ត្រូវដាក់លក់ក្នុងតម្លៃខ្ទង់ 810 ដុល្លារ

- ជម្រើស RAM ទំហំ 18GB និងអង្គផ្ទុកទិន្នន័យទំហំ 512GB ត្រូវដាក់លក់ក្នុងតម្លៃខ្ទង់ 916 ដុល្លារ

ដោយ​ ៖ Lenovo
អត្ថបទទាក់ទង