Alienware M15 និង Dell G15 ជំនាន់ថ្មី ទទួលបានជម្រើស CPU Ryzen របស់ AMD ជាមួយក្រាហ្វិកកាត RTX 30 Series​
ដោយ​ ៖ សុវណ្ណរតនៈ | 5 ថ្ងៃមុន SHARE

 

មួយរយៈមុន Dell បានបង្ហាញពីរូបរាងកុំព្យូទ័រហ្គមយួរដៃជំនាន់ថ្មីរបស់ខ្លួនជាផ្លូវការ នោះគឺ Dell G15 នេះឯង ដែលត្រូវបានគេរចនារូបរាងថ្មីស្ទើរទាំងស្រុង ហើយអ្វីដែលកាន់តែពិសេសនោះ គឺលើកនេះ ត្រូវបាន Dell យកគំរូតាម Alienware ជាច្រើនផ្នែកតែម្ដង ដែលមើលទៅកាន់តែស្រស់ស្អាតបែប Gaming ជាមុន។ និយាយដល់ Alienware យីហោដែលស្ថិតក្រោមការគ្រប់គ្រងរបស់ Dell មួយនេះ ក៏ទើបបញ្ចេញកុំព្យូទ័រហ្គេមយួរដៃលំដាប់កំពូលរបស់ខ្លួនដូចគ្នាដែរ គ្រាន់តែកាលពីពេលមុននោះ គេនៅមិនទាន់បញ្ជាក់ច្បាស់ ពីជម្រើសលក្ខណៈសម្បត្តិពេញលេញរបស់វានោះទេ។

មិនខុសទេ ថ្មីៗនេះ Dell បានបង្ហាញពីលក្ខណៈសម្បត្តិផ្លូវការ របស់កុំព្យូទ័រហ្គេមយួរដៃទាំងពីរម៉ូឌែលខាងលើហើយ ដោយចំណុចសំខាន់បំផុតនោះគឺថា លើកនេះពួកគេបានផ្តល់ជម្រើស CPU របស់ AMD ទៅក្នុងនោះទៀតផង។ សម្រាប់កុំព្យូទ័រស្ថិតក្រោមយីហោ Dell មិនមានអ្វីប្លែកទេ គេធ្លាប់ធ្វើរួចទៅហើយ ប៉ុន្តែនៅលើយីហោ Alienware នេះ វាគឺជារឿងភ្ញាក់ផ្អើលមួយ ព្រោះទីបំផុតគេសម្រេចនាំយក CPU ត្រកូល Ryzen ឲ្យក្លាយជាជម្រើសសម្រាប់អតិថិជនដូចគេឯងដែរ ហើយនេះក៏ជាដំណឹងល្អ សម្រាប់អ្នកទិញដូចគ្នា។ 

បើតាមការបង្ហាញរបស់ Dell ម៉ូឌែលដែលទទួលបានជម្រើស CPU Ryzen 5000 Series របស់ AMD នោះ គឺជា Dell G15 និង Alienware M15 ដែលកន្លងមកគេបានបញ្ចេញម៉ូឌែល ដំណើរការដោយ CPU របស់ Intel រួចហើយ។ រីឯសម្រាប់ផ្នែក GPU វិញ គឺវាបានប្រើប្រាស់ត្រកូល RTX 30 Series របស់ NVIDIA នោះឯង។ Dell ក៏បានបញ្ជាក់ដែរថា កុំព្យូទ័រហ្គេម Alienware M15 របស់គេ ក៏នឹងមានភ្ជាប់មកជាមួយរ៉េមប្រភេទ DDR4 មានល្បឿន 3,200MHz ដែលអាចឲ្យអតិថិជន Upgrade បានផងដែរ (ជាលើកដំបូងសម្រាប់ម៉ាក Alienware)។

សម្រាប់ Alienware M15 ជម្រើស AMD នេះ ក៏មានម៉ូឌែលដែលបំពាក់មកជាមួយក្តារចុចប្រភេទ Mechanical ដូចជម្រើស Intel បានប្រកាសចេញកន្លងទៅដែរ។ សម្រាប់ផ្នែកអេក្រង់វិញ គេក៏បានផ្តល់ជម្រើសឲ្យអ្នកទិញដូចគ្នា ពោលគឺមានជម្រើស កម្រិតបង្ហាញ QHD ជាមួយល្បឿន Refresh Rate 240Hz និងមួយទៀត គឺមានកម្រិតបង្ហាញ FHD ធម្មតា ប៉ុន្តែល្បឿន Refresh Rate ឡើងដល់ទៅ 360Hz ឯណោះ។ ក្រឡេកទៅមើល Dell G15 វិញ អេក្រង់របស់វាក៏មានជម្រើសដូចគ្នា ប៉ុន្តែជាជម្រើស Refresh Rate ប៉ុណ្ណោះ ពោលគឺវាមានកម្រិត 1080p គ្រប់ម៉ូឌែល ជាមួយល្បឿន Refresh Rate 120Hz និងមួយទៀតគឺឡើងដល់ 165Hz តែម្ដង។

សម្រាប់តម្លៃវិញ ម៉ូឌែល Dell G15 គឺនៅតែបន្តតំណែងជាកុំព្យូទ័រហ្គេមលំដាប់ថវិកាដូចមុនអញ្ចឹង ដោយវានឹងមានតម្លៃចាប់ផ្តើមពី 900 ដុល្លារឡើងទៅ ខណៈពេលដែល Alienware M15 ដែលជាម៉ូឌែលគួរឲ្យចាប់អារម្មណ៍នេះវិញ តម្លៃរបស់វាមិនទាបឡើយ និយាយឲ្យចំទៅ គឺនឹងចាប់ផ្តើមពីខ្ទង់ 1,794 ដុល្លារឡើងទៅ ហើយទាំងនេះ គឺជាតម្លៃសម្រាប់ទីផ្សារក្រៅស្រុកប៉ុណ្ណោះ។

ដោយ​ ៖ Engadget
អត្ថបទទាក់ទង