OPPO, OnePlus និង realme អាចនឹងប្រកាសចេញទូរសព្ទឆ្លាតគាំទ្របច្ចេកវិទ្យាសាកថ្ម 125W នៅក្នុងឆមាសទី 2 ឆ្នាំ 2021​
ដោយ​ ៖ មុនិនាថ | 6 ថ្ងៃមុន SHARE

 

កាលពីឆ្នាំមុន realme បានប្រកាសចេញនូវបច្ចេកវិទ្យាសាកថ្មល្បឿនលឿន ដែលមានកម្លាំងរហូតដល់ទៅ 125W ឯណោះ ហើយវាសមត្ថភាពអាចសាកថ្មទូរសព្ទទំហំ 4,000mAh ពី 0 ដល់ 33 % ចំណាយ ពេលត្រឹមតែ 3 នាទី ប៉ុណ្ណោះ។ ប៉ុន្តែគួរឲ្យសោកស្តាយ រហូតទល់មកដល់ពេលនេះ realme មិនទាន់បានបង្ហើបពីពេលវេលាបញ្ចេញបច្ចេកវិទ្យាសាកថ្មល្បឿនលឿននេះជាផ្លូវការ ឲ្យយើងបានដឹងនៅឡើយនោះទេ។

តាមរយៈព័ត៌មានដែលមានប្រភពចេញមកពីប្រទេសចិនមួយបានឲ្យដឹងថា OPPO, realme និង OnePlus មានគម្រោងនឹងប្រកាសចេញទូរសព្ទឆ្លាត គាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 125W នៅក្នុងឆមាសទី 2 ឆ្នាំ 2021 ខាងមុខ ហើយវាក៏គាំទ្រ Protocol សាកថ្មល្បឿនលឿនបានច្រើនប្រភេទផងដែរ។ បន្ថែមពីនេះទៀត វាក៏គាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនមុនៗដូចជា VOOC, Dart, Warp, SuperVOOC, SuperVOOC 2.0, SuperDart Fast Charging Protocols និងអាចគាំទ្រ 125W ប្រភេទ PPS Protocol, 65W ប្រភេទ PD Protocol Fast Charge និង 36W ប្រភេទ QC Protocol ថែមទៀតផង។ យ៉ាងណាមិញ កាលពីកន្លងទៅ លោក Madhav Sheth ដែលត្រូវជា CEO របស់ Realme ប្រចាំប្រទេសឥណ្ឌា បានធ្វើការដាក់បង្ហាញដុំសាកដែលប្រើប្រាស់បច្ចេកវិទ្យាសាកល្បឿនលឿន 125W នេះ នៅប្រទេសប៉ែកខាងអ៊ឺរ៉ុបរួចមកហើយ ប៉ុន្តែក្រុមហ៊ុននៅតែមិនទាន់បញ្ចេញវាជាផ្លូវការនោះទេ។

កាលពីប៉ុន្មានរយៈពេលមុន realme បានប្រកាសថា ទូរសព្ទឆ្លាតម៉ូឌែល realme GT 5G របស់ខ្លួន នឹងមកជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 125W តែបែជាពេលដែលវាប្រកាសចេញ បានត្រឹមបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 65W ប៉ុណ្ណោះ។ សរុបមកវិញ នេះជាដំណឺងល្អមួយសម្រាប់អ្នកដែលគាំទ្រក្រុមហ៊ុនផលិតទូរសព្ទឆ្លាត OPPO, realme និង OnePlus ព្រោះពួកគេជិតបានស្គាល់រស់ជាតិរបស់បច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 125W នេះហើយ។ មួយវិញទៀត ក៏សង្ឃឹមថា បច្ចេកវិទ្យាសាកថ្មល្បឿនលឿននេះ នឹងមិនត្រូវពន្យាពេល ឬមិនមានការបញ្ចេញទៅចុះ។

ដោយ​ ៖ Gizmochina
អត្ថបទទាក់ទង