Sony បន្តនាំមុខលើទីផ្សារសេនស័រកាមេរ៉ាទូរសព្ទឆ្លាត ខណៈពេល Samsung ក៏កំពុងតែបន្តសំទុះតាមពីក្រោយដែរ​
ដោយ​ ៖ សុវណ្ណរតនៈ | 6 ថ្ងៃមុន SHARE

 

បើទោះជាឆ្នាំ 2020 កន្លងទៅ ទីផ្សារមួយផ្នែកធំមានការធ្លាក់ចុះក៏ដោយ ប៉ុន្តែសម្រាប់ទីផ្សារសេនស័រកាមេរ៉ាទូរសព្ទឆ្លាតនោះ គឺនៅតែមានការកើនឡើងដដែល បើធៀបនឹងកាលពីឆ្នាំ 2019 ហើយទោះជាការនាំចេញទូរសព្ទឆ្លាត ទៅកាន់ទីផ្សារមានការធ្លាក់ចុះប្រមាណជាជិត 9% ក៏ដោយ។ ពិតណាស់ ថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវ និងព្យាករណ៍ Strategy Analytics បានធ្វើការបញ្ចេញលទ្ធផលនៃការស្រាវជ្រាវ ផ្នែកទីផ្សារសេនស័រកាមេរ៉ាទូរសព្ទឆ្លាតរបស់គេ សម្រាប់ឆ្នាំ 2020 កន្លងទៅចេញមកហើយ ដោយក្នុងនោះដែរ ឃើញថា Sony នៅតែបន្តឈរលើកំពូលតារាងដូចមុន។

ពិតណាស់ បើតាមការបង្ហាញក្នុងរបាយការណ៍ របស់ភ្នាក់ងារខាងលើបានឲ្យដឹងថា ឆ្នាំមុននេះ ទីផ្សារសេនស័រកាមេរ៉ាទូរសព្ទឆ្លាតសរុបទាំងអស់ គឺមានការកើនឡើងគិតជាទឹកប្រាក់ប្រមាណជាជាង 15 ពាន់លានដុល្លារ ដែលត្រូវជាកំណើន 13% បន្ថែមទៀត។ នៅក្នុងនោះដូចបានបញ្ជាក់អញ្ចឹង Sony នៅតែជាក្រុមហ៊ុនដែលនាំមុខគេ ក្នុងទីផ្សារមួយនេះ ដោយគេមានចំណែកទីផ្សារសរុបដល់ទៅ 46% ឯណោះ។ ប៉ុន្តែទោះជាយ៉ាងណា Sony ឈរនៅលើកំពូលតារាង ក៏មិនស្ងប់ចិត្តប៉ុន្មានដែរ ព្រោះជាក់ស្ដែង Samsung ឯណោះវិញ គឺកំពុងតែមានសំទុះខ្លាំង ក្នុងការតាមពីក្រោយក្រុមហ៊ុនជប៉ុនខាងលើ ជាក់ស្ដែងក្នុងឆ្នាំ 2020 Samsung គេមានចំណែកទីផ្សារសរុបប្រមាណជា 29% ឈរនៅចំណាត់ថ្នាក់លេខ 2 ហ្នឹងឯង។ ក្នុងទីផ្សារសេនស័រកាមេរ៉ានេះ មិនសូវជាមានក្រុមហ៊ុនច្រើនប៉ុន្មានទេ ដែលមានឈ្មោះបោះសម្លេង ជាក់ស្ដែងក្រុមហ៊ុនដែលឈរនៅលេខ 3 នោះគឺ OmniVision នេះឯង ដែលមានចំណែកទីផ្សារត្រឹមតែ 10% ប៉ុណ្ណោះ។

សម្រាប់ចំណែកទីផ្សារដែលនៅសល់ គឺជាចំណែករបស់ក្រុមហ៊ុនជាច្រើនផ្សេងៗទៀតសរុបចូលគ្នា ហើយបើគិតជាគោលទៅក្រុមហ៊ុនទាំងនោះ គឺទទួលបានចំណែកប្រមាណជា 15% ផងដែរ។ អញ្ចឹងហើយ យើងឃើញថា បើទោះជាក្នុងឆ្នាំ 2020 មានការរាតត្បាតធ្ងន់ធ្ងរពីមេរោគ COVID-19 ក៏ដោយ ប៉ុន្តែទីផ្សារសេនស័រកាមេរ៉ា សម្រាប់ទូរសព្ទឆ្លាត នៅតែបន្តមានកំណើន នេះក៏អាចដោយសារតែ ក្រុមហ៊ុនទូរសព្ទឆ្លាត ចាប់ផ្តើមបំពាក់កាមេរ៉ាកាន់តែច្រើនគ្រាប់ នៅលើទូរសព្ទឆ្លាតនីមួយៗរបស់ខ្លួន។ បើតាមការបង្ហាញបន្ថែមពី Strategy Analytics គឺគេរំពឹងថា ក្នុងឆ្នាំនេះនឹងមានកំណើនកាន់តែច្រើនថែមទៀត សម្រាប់ទីផ្សារខាងលើ ប៉ុន្តែក្នុងនោះ ក៏អាចនឹងទទួលរងឥទ្ធិពល ពីបញ្ហាកង្វះឈីបប្រើប្រាស់ដែរ ព្រោះនៅពេលខ្វះឈីប ក្រុមហ៊ុនផលិតទូរសព្ទឆ្លាត អាចនឹងកាត់បន្ថយបរិមាណក្នុងការផលិត ដូច្នេះតម្រូវការសេនស័រកាមេរ៉ា ក៏ថយចុះតាមនឹងដែរ។

ដោយ​ ៖ GSMArena
អត្ថបទទាក់ទង