ជាថ្មីម្តងទៀត iPad Pro ឆ្នាំ 2021 ត្រូវបានគេបញ្ជាក់ថា នឹងប្រកាសចេញនៅក្នុងអំឡុងពាក់កណ្តាលខែមេសានេះហើយ​
ដោយ​ ៖ ឈីរ៉ូ | 6 ថ្ងៃមុន SHARE

 

កាលពីសប្តាហ៍មុន យើងទទួលបានដំណឹងថា Apple មានគម្រោងប្រកាសចេញ iPad Pro ជំនាន់ថ្មី នៅក្នុងអំឡុងពាក់កណ្តាលខែមេសា ឆ្នាំ 2021 នេះតែម្តង។ ដោយឡែក នៅក្នុងថ្ងៃនេះ តាមរយៈគណនីបណ្តាញសង្គម Weibo របស់កំពូលអ្នកចែកចាយព័ត៌មានបែកធ្លាយល្បីឈ្មោះ Kang បានធ្វើឲ្យយើងដឹងកាន់តែច្បាស់ថា iPad Pro ឆ្នាំ 2021 អាចនឹងមានភាគរយច្រើន ក្នុងការប្រកាសចេញជាផ្លូវការ នៅក្នុងអំឡុងពាក់កណ្តាលខែនេះពិតមែន។

តាមរយៈប្រភពខាងលើដដែល ក៏បានធ្វើឲ្យយើងបានដឹងបន្ថែមទៀតថា iPad Pro ឆ្នាំ 2021 ដែលអាចនឹងត្រូវប្រកាសចេញជាផ្លូវការ នៅក្នុងអំឡុងពាក់កណ្តាលខែមេសា ឆ្នាំ 2021 ខាងមុខនេះ ប្រហែលជាមិនអាចប្រើ SIM បាននោះទេ ព្រោះពួកវាជាម៉ូឌែល Wi-Fi ប៉ុណ្ណោះ។ សម្រាប់ iPad Pro ឆ្នាំ 2021 ម៉ូឌែលប្រើ SIM បាន Apple អាចនឹងប្រកាសចេញតាមក្រោយ។ ជាមួយគ្នានេះ វាក៏ត្រូវបានគេរំពឹងថា នឹងក្លាយទៅជាថេប្លេតដំបូងរបស់ Apple ដែលអាចគាំទ្របច្ចេកវិទ្យា 5G បាន ផងដែរ។ តាមរយៈរបាយកាណ៍ជាច្រើន ដែលទទួលបានកន្លងមក បានបង្ហាញឲ្យយើងដឹងថា iPad Pro ឆ្នាំ 2021 នឹងត្រូវចែកចេញជា 2 ទំហំ គឺ 11 អ៊ីញ និង 12.9 អ៊ីញ។ ដោយ iPad Pro ឆ្នាំ 2021 ទំហំ 12.9 អ៊ីញ នឹងបំពាក់មកជាមួយអេក្រង់ Mini-LED ដែលអាចបង្ហាញពណ៌បានច្បាស់ល្អ ក៏ដូចជាមានកម្រិតពន្លឺខ្ពស់ជាងអេក្រង់ LCD ផងដែរ។ ខណៈ iPad Pro ឆ្នាំ 2021 ទំហំ 11 អ៊ីញ អាចនឹងបន្តប្រើប្រាស់អេក្រង់ LCD ដូចទៅនឹង iPad Pro ជំនាន់មុនដដែល។

លើសពីនេះ iPad Pro ឆ្នាំ 2021 ក៏ត្រូវបានគេបញ្ជាក់ថា នឹងប្រើប្រាស់បន្ទះឈីបលំដាប់កំពូល A14X ទំហំ 5nm មានកម្លាំងខ្លាំងប្រហាក់ប្រហែលទៅនឹងបន្ទះឈីប M1 ដែលឃើញមានបំពាក់នៅលើ MacBook ថែមទៀតផង។ ជាងនេះទៅទៀត iPad Pro ឆ្នាំ 2021 ទាំង 2 ម៉ូឌែល ក៏អាចនឹងភ្ជាប់មកជាមួយរន្ធ Thunderbolt ប្រភេទ USB-C ក៏ដូចជាទទួលបានក្តារចុច Magic Keyboard និងខ្មៅដៃ Apple Pencil ជំនាន់ថ្មី ផងដែរ។

ដោយ​ ៖ Kang
អត្ថបទទាក់ទង