ម្ចាស់ OnePlus 9 Pro មួយចំនួន កំពុងជួបប្រទះបញ្ហាទូរសព្ទឡើងកម្ដៅខ្លាំងយ៉ាងលឿនខុសពីធម្មតា​
ដោយ​ ៖ ឡេង | 6 ថ្ងៃមុន SHARE

 

កាលពីប៉ុន្មានសប្ដាហ៍មុន OnePlus 9 Series ត្រូវបានប្រកាសចេញជាផ្លូវការ ដោយវាជាទូរសព្ទឆ្លាតដំបូងមួយ ដែលបានសហការជាមួយ Hasselblad ដើម្បីសន្យាអ្នកប្រើប្រាស់ថា នឹងធ្វើឲ្យកាមេរ៉ាកាន់តែថតបាន ច្បាស់ស្អាតថែមទៀត។ បន្ទាប់ពីត្រូវបានដាក់លក់ អស់មួយរយៈពេលខ្លីមក ក៏មានអ្នកប្រើប្រាស់មួយចំនួន បានរាយការណ៍ជាបន្ដបន្ទាប់មកថា ទូរសព្ទឆ្លាតម៉ូឌែល OnePlus 9 Pro របស់ពួកគេ ហាក់បីដូចជា ឡើងកម្ដៅខ្លាំងយ៉ាងលឿន នៅពេលកំពុងប្រើប្រាស់កម្មវិធីកាមេរ៉ា ដោយខុសប្លែកពីទូរសព្ទឆ្លាតដទៃ។

ការឡើងកម្ដៅខ្លាំងលឿននោះ គឺរហូតដល់ទូរសព្ទឆ្លាត OnePlus 9 Pro លោតចេញសារដំណឹងថា ទូរសព្ទនោះកំពុងឡើងកម្ដៅខ្លាំងពេកតែម្ដង។ អ្នកប្រើប្រាស់មួយចំនួននោះ បានលើកឡើងមកថា ពួកគេគ្រាន់តែបើកកម្មវិធីកាមេរ៉ា ដើម្បីថតរូបភាព និងវីដេអូធម្មតាៗ ក៏ស្រាប់តែឡើងកម្ដៅខ្លាំងភ្លាម។ ទាល់តែពួកគេបិទកម្មវិធីកាមេរ៉ា ហើយទុកទូរសព្ទចោលមួយរយៈ ទើបទូរសព្ទឆ្លាត OnePlus 9 Pro ទាំងអស់នោះ ត្រឡប់មកសីតុណ្ហាភាពធម្មតាវិញបាន។ នាពេលបច្ចុប្បន្ននេះ OnePlus បានដឹងអំពីបញ្ហានេះហើយ នឹងបាននិយាយប្រាប់ថា ពួកគេត្រៀមបញ្ចេញកំណែអាប់ដេតថ្មីៗ នៅប៉ុន្មានសប្ដាហ៍ខាងមុខនេះ ដល់អ្នកប្រើប្រាស់ទាំងអស់។

ចំណែកឯអ្នកប្រើមួយចំនួនតូចទៀត ព្រមទាំងបានរាយការណ៍មកថា ទូរសព្ទឆ្លាត OnePlus 9 Pro ចាប់ផ្ដើមឡើងកម្ដៅយ៉ាងលឿនខុសពីធម្មតា ក្រោយពីបានបើកទូរសព្ទ តាំងពីពេលចេញពីប្រអប់ដំបូង។ ក្រុមការងារយើងសង្ឃឹមថា OnePlus នឹងអាចបញ្ចេញកំណែអាប់ដេតជួសជុល បាននៅក្នុងពេលឆាប់ៗនេះទៅចុះ។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង