ប្រាក់ចំណេញសរុបដែល Samsung ទទួលបានក្នុងត្រីមាសទី 1 កន្លងទៅ មានការកើនឡើងក្បែរ 45% ឯណោះ​
ដោយ​ ៖ សុវណ្ណរតនៈ | 6 ថ្ងៃមុន SHARE

 

កាលពីដើមឆ្នាំមុន យើងបានឃើញហើយថា មានក្រុមហ៊ុនជាច្រើន គឺទទួលបានប្រាក់ចំណូលមិនសូវប្រសើរនោះទេ ពោលគឺមានក្រុមហ៊ុនខ្លះ ចំណូលធ្លាក់ចុះយ៉ាងច្រើនថែមទៀតផង ដែលបណ្ដាលមកពី ការរាតត្បាតពីសំណាក់មេរោគកាចសាហាវ COVID-19 នេះឯង ប៉ុន្តែនៅចុងឆ្នាំ ឃើញថាក្រុមហ៊ុនមួយចំនួនចាប់ផ្តើមងើបឡើងវិញ រហូតមកដល់ដើមឆ្នាំនេះ ពួកគេធ្វើបានកាន់តែប្រសើរ។ ជាក់ស្ដែងដូច Samsung អញ្ចឹង គេទើបតែបានបង្ហាញពីចំណូលរបស់ខ្លួន ដែលរកបានក្នុងត្រីមាសទី ១ កន្លងទៅថ្មីៗនេះ ដោយក្នុងនោះ គេទទួលបានលទ្ធផលយ៉ាងគាប់ប្រសើរមួយ។

ជាការពិតណាស់ បើតាមការបង្ហាញចេញពីសំណាក់ Samsung ផ្ទាល់បានឲ្យដឹងថា ក្នុងរយៈពេល 3 ខែដំបូងនៃឆ្នាំ 2021 នេះ គេធ្វើបានប្រសើរមែនទែន ដោយការលក់ផលិតផលសរុបរបស់ខ្លួន គឺមានកំណើនឡើងប្រមាណជា 17.48% រីឯចំនួនប្រាក់ចំណេញរបស់គេវិញ គឺមានការកើនឡើងដល់ទៅខ្ទង់ 44.19% ឯណោះ បើធៀបជាមួយលទ្ធផល ដែលគេធ្លាប់សម្រេចបាន កាលពីត្រីមាសទី 1 ឆ្នាំ 2020 កន្លងទៅ។ យ៉ាងណាក៏ដោយ បើគិតជាសាច់ប្រាក់វិញ សម្រាប់ការលក់ផលិតផលសរុបចូលគ្នាទៅ ក្រុមហ៊ុនយក្សកូរ៉េខាងត្បូងនេះ ទទួលបានប្រាក់ចំណូលប្រមាណជាខ្ទង់ 58 ពាន់លានដុល្លារ ខណៈពេលដែលប្រាក់ចំណេញវិញ គឺស្មើនឹងប្រមាណជាជាង 8.3 ពាន់លានដុល្លារថែមទៀតផង។ នៅក្នុងនោះគេក៏បានបញ្ជាក់ប្រាប់ដែរថា ចំណុចសំខាន់ដែលធ្វើឲ្យ លទ្ធផលប្រសើរជាងមុនច្រើនបែបនេះ គឺដោយសារតែទទួលបានជោគជ័យច្រើន ពីការលក់ទូរសព្ទឆ្លាត ជាពិសេសគឺដោយសារតែវត្តមាន Galaxy S21 Series តែម្ដង។

មិនខុសទេ កន្លងមកនេះ យើងក៏ធ្លាប់បានឃើញរបាយការណ៍ ចេញពីក្រុមអ្នកព្យាករណ៍ជាច្រើនដែរ ដែលបញ្ជាក់ថា ចំនួននៃការលក់ Galaxy S21 Series ដែល Samsung ធ្វើបានក្នុងរយៈពេលប៉ុន្មានខែនេះ គឺច្រើនជាងទ្វេរដងឯណោះ បើធៀបនឹង Galaxy S20 Series ឆ្នាំមុន។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ចំណូលសរុបខាងលើនោះ មិនមែនមកតែពីការលក់ទូរសព្ទឆ្លាតមួយនោះទេ ជាក់ស្ដែងគឺជាការសរុបបញ្ចូលគ្នា រវាងផលិតផលជាច្រើនទៀត ដែល Samsung លក់បានក្នុងអំឡុងត្រីមាស 1 ហ្នឹងឯង។

ដោយ​ ៖ SamMoblie
អត្ថបទទាក់ទង