ហ្គេម The Walking Dead: Survivors កំពុងតែដាក់ឲ្យលេងសាកល្បងនៅលើឧបករណ៍ Android និង iOS ហើយ​
ដោយ​ ៖ ធានស៊ីញ | 1 សប្តាហ៍មុន SHARE

 

សម្រាប់ប្រិយមិត្តដែលនិយមទស្សនាខ្សែភាពយន្តភាគ The Walking Dead កន្លងមក ប្រាកដជាបានដឹងពី ដំណើរសាច់រឿងច្រើនរួចមកហើយ។ ដោយវាត្រូវបាននិយាយអំពី ការវាយលុកពីពួក Zombie ជាច្រើននៅក្នុងពិភពលោក។ ដូចគ្នានេះដែរ ហ្គេមថ្មីឈ្មោះថា The Walking Dead: Survivors ដែលនឹងលេងជាលក្ខណៈ Survivor ឥឡូវនេះ កំពុងតែដាក់ឲ្យទាញយក លេងសាកល្បង នៅប្រព័ន្ធប្រតិបត្តិការ Android និង iOS ហើយ។

មិនខុសទេ នៅលើកម្មវិធី Play Store និង App Store ថ្មីៗនេះ យើងឃើញមានការបន្ថែមហ្គេមថ្មីមួយ ឈ្មោះថា The Walking Dead: Survivors ដែលកំពុងតែដាក់ឲ្យទាញយកលេងសាកល្បង ទាំងនៅលើឧបករណ៍ដំណើរការ ដោយប្រព័ន្ធប្រតិបត្តិការ Android និង iOS ហើយ។ ដោយហ្គេមមួយនេះ ដំបូងឡើយត្រូវបានដាក់ឲ្យ លេងតេស្តសាកល្បង តែនៅប្រទេសអាឡឺម៉ង់, រុស្ស៊ី និងសហរដ្ឋអាមេរិកសិនប៉ុណ្ណោះ។ ហើយបន្ទាប់ពីទទួលបាន Feedback មួយចំនួនពីអ្នកលេង ខាងក្រុមអ្នកអភិវឌ្ឍន៍ Elex Technology និង Skybound Entertainment ក៏បានសម្រេចដាក់ឲ្យលេងសាកល្បង ទូទាំងពិភពលោកតែម្ដង។

នេះបើតាមការប្រកាសលើគណនី Twitter របស់ហ្គេម The Walking Dead: Survivors បានឲ្យដឹងថា នៅពេលនេះ អ្នកដែលប្រើប្រាស់ឧបករណ៍ទាំង Android និង iOS ទាំងអស់អាចធ្វើទាញហ្គេមមួយនេះ សម្រាប់លេងសាកល្បងបានហើយ ចំណែកឯការបញ្ចេញឲ្យលេងជា Version ពេញ គឺនៅក្នុងថ្ងៃទី 14 ខែមេសា ខាងមុខនេះ។ គួរបញ្ជាក់ថា ហ្គេម The Walking Dead: Survivors នេះ ជាប្រភេទហ្គេមដែលតម្រូវឲ្យ អ្នកលេងព្យាយាមរក្សាជីវិតពីពួក Zombie ហើយក៏អាចធ្វើការសាងសង់បន្ទាយ ឬទីក្រុង ដើម្បីការពារខ្លួនផងដែរ។

មិនតែប៉ុណ្ណោះ អ្នកលេងក៏នឹងតម្រូវឲ្យលេងជាតួអង្គ 80 នាក់ផ្សេងគ្នា ដោយក្នុងនោះ មានរួមបញ្ចូលតួអង្គ ក្នុងខ្សែភាពយន្ត The Walking Dead ដូចជា Rick, Glen, Maggie និង Herschel ជាដើម។ ដូច្នេះចង់ដឹងថា ហ្គេមបែប Survivor មួយនេះមានលក្ខណៈ និងសប្បាយក្នុងការលេងកម្រិតណា ប្រិយមិត្តទាំងគ្នាអាចចូលទៅ ទាញយកតេស្តលេងសាកល្បងនៅ Play Store និង App Store ជាមុនសិនបាន។

ដោយ​ ៖ Android Police
អត្ថបទទាក់ទង